ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បំភ្លឺ​ចំពោះ​ការ​ផ្សព្វផ្សាយ​របស់​ស្ត្រី​ម្នាក់ ចោទប្រកាន់​លើ​មន្ត្រី​នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ មាន​ស្ត្រី​ម្នាក់​ឈ្មោះ លី​ម ហ្វា​ទី​ម៉ា​ហ្វា​ទី ម្ចាស់​អា​ខោ​ន TIKTOK ឈ្មោះ Faty Suvernirs និង​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Faty Faty បាន​និយាយ​រៀបរាប់​ផ្សព្វផ្សាយ​ចោទប្រកាន់​មក​លើ​មន្ត្រី នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ ដូច​ខាងក្រោម ៖
១. លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ច្រាំង​ចំរេះ​ទី​១, មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ច្រាំង​ចំរេះ​ទី​២ ឈ្មោះ ហេង ឡៃ​ហ៊ាន់ និង​ឈ្មោះ អ្នក សារី ត្រូវជា​ពូ​បង្កើត​របស់​ស្ត្រី​ឈ្មោះ លី​ម ហ្វា​ទី​ម៉ា​ហ្វា​ទី បាន​សហការ​រួម​គ្នា​បរិហារ​បង្កាច់​កេរ្តិ៍ និង​រៀប​គម្រោង​ធ្វើបាប​លើ​ខ្លួន ។
២. បាន​ចោទ​លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ច្រាំង​ចំរេះ​ទី​២ ថា​នៅ​ពេល​រូប​គាត់ និង​បងស្រី​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ច្រាំង​ចំរេះ​ទី​២ ចំពោះ​បុរស​ម្នាក់​ឈ្មោះ ហ៊ុ​ល ភក្ត្រា ផ្ញើ​សារ​គំរាម​តាម​ហ្វេ​ស​ប៊ុ​ក ហើយ​បុរស​នោះ​បាន​ជិះ​ម៉ូតូ​ទៅ​តូប​គាត់ និង​ដក​អាវុធ ប៉ុនប៉ង​មនុស្សឃាត​ទៅ​លើ​រូប​គាត់ និង​គ្រួសារ បែរជា​នាយ​ប៉ុស្តិ៍​នគរបាល​ច្រាំង​ចំរេះ​ទី​២ បាន​និយាយ​ស្រែក​មក​កាន់​ពួក​គាត់​ដោយ​ប្រើ​ពាក្យ​មិន​សមរម្យ និង​មិន​បាន​ចាត់ការ​សំណុំរឿង ជូន​គាត់ ។

ចំពោះ​ការ​ផ្សព្វផ្សាយ​របស់​ម្ចាស់​អា​ខោ​ន​ខាងលើ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​បញ្ជាក់​ជូន​សាធារណជន​មេត្តា​ជ្រាប​ថា ៖ ការ​ចោទប្រកាន់​ករណី​ទី​១ លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ច្រាំង​ចំរេះ​ទី​១, មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ច្រាំង​ចំរេះ​ទី​២ ឈ្មោះ ហេង ឡៃ​ហ៊ាន់ និង​ឈ្មោះ អ្នក សារី ថា​ខ្លួន​មាន​ភស្តុ​តាង​តាម​រយៈ​ថត​សម្លេង​បាន​ពី​ការ​ជជែក​រវាង​អ្នក​ទាំង​៣​នាក់ បាន​រៀបចំ​គម្រោង​ធ្វើបាប​ខ្លួន និង​បរិហារ​បង្កាច់​កេរ្តិ៍ ចំពោះ​ការ​លើក​ឡើង​របស់​ស្ត្រី​ឈ្មោះ លី​ម ហ្វា​ទី​ម៉ា​ហ្វា​ទី គឺ​លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ច្រាំង​ចំរេះ​ទី​១ មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ច្រាំង​ចំរេះ​ទី​២ ឈ្មោះ ហេង ឡៃ​ហ៊ាន់ និង​ឈ្មោះ អ្នក សារី គ្រាន់តែ​ជា​ការ​ជជែក​គ្នា​រឿង​ធម្មតា​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ក្នុង​នាម​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន សុំ​ផ្តាំផ្ញើ សមត្ថកិច្ច​ជួយ​មើល​កូនស្រី របស់​គាត់​ឈ្មោះ សារី ស៊ី​សាវ៉ា​ទី ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​ច្រាំង​ចំរេះ​ទី​២ ដោយសារ​ឈ្មោះ អ្នក សារី ជា​ឪពុក រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន បារម្ភ​ពី​សុវត្ថិភាព​កូនស្រី ខ្លាច​ស្ត្រី​ឈ្មោះ លី​ម ហ្វា​ទី​ម៉ា​ហ្វា​ទី ធើ្វ​បាប​ពីព្រោះ​កន្លង​មក​ធ្លាប់​មាន​បញ្ហា​ជាមួយ​កូនស្រី​គាត់​នៅ​សាលារៀន​មួយ​កន្លែង ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី​២ ។

ការ​ផ្សាយ​ចោទប្រកាន់​របស់​ឈ្មោះ លី​ម ហ្វា​ទី​ម៉ា​ហ្វា​ទី ទៅ​លើ​លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ច្រាំង​ចំរេះ​ទី​១, មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ច្រាំង​ចំរេះ​ទី​២ ឈ្មោះ ហេង ឡៃ​ហ៊ាន់ គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ដែល​ស្ត្រី​ឈ្មោះ​លី​ម ហ្វា​ទី​ម៉ា​ហ្វា​ទី គ្រាន់តែ​យក​សម្លេង​ថត​ចេញពី​កា​ម៉ា​រ៉ា​សុវត្ថិភាព​នៅ​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង មាន​សម្លេង​មិនសូវ​ច្បាស់​ហើយ​យក​ទៅ​វាយតម្លៃ​គ្មាន​ហេតុផល​ច្បាស់លាស់​ដោយ​ខ្លួនឯង​ផ្ទាល់ ហើយ​ធ្វើការ​ផ្សព្វផ្សាយ​ក្នុង​បណ្តាញ​សង្គម នាំ​ឲ្យ​មហាជន​មានការ​យល់​ច្រឡំ​មក​លើ​សមត្ថកិច្ច បង្ក​ប៉ះពាល់​កិត្តិយស សេចក្តី​ថ្លៃថ្នូរ​នគរបាល​ជាតិ ។

ចំពោះ​ករណី​ទី​២ ដែល​បាន​ចោទ​លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ច្រាំង​ចំរេះ​ទី​២ ថា​ប្រើ​ពាក្យ​មិន​សមរម្យ នៅ​ពេល​ស្ត្រី​ម្ចាស់​អា​ខោ​ន​ខាងលើ​ទៅ​ដាក់​ពាក្យបណ្តឹង គឺ​លោកនាយ​ប៉ុស្តិ៍ សុំ​ធ្វើការ​បដិសេធ​មិន​ដូច​ការ​ចោទប្រកាន់​នោះ​ទេ ដោយ​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២៣ សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ច្រាំង​ចំរេះ​ទី​២ បាន​សួរនាំ​ជា​ធម្មតា និង​ទទួល​បណ្តឹង​ពី​ឈ្មោះ លី​ម ម៉ា​រី​យ៉ា​ន ដែល​ត្រូវជា​បងស្រី​បង្កើត​របស់​ឈ្មោះ លី​ម ហ្វា​ទី​ម៉ា​ហ្វា​ទី តាម​រយៈ​បណ្តឹង​លេខ​០១០/២៣ ចុះ​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២៣ ពី​បទ​គំរាមកំហែង បន្ទាប់​មក​សមត្ថកិច្ច​ក៏​បាន​ធ្វើ​លិខិត​កោះហៅ​ឈ្មោះ ហ៊ុ​ល ភ​ត្ត្រា តាម​រយៈ​លិខិត​អញ្ជើញ​លេខ​២០/២៣ ល​.​ប ចុះ​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២៣ ឲ្យ​ចូល​មក​បំភ្លឺ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ច្រាំង​ចំរេះ​ទី​២ នៅ​ថ្ងៃ​ទី​២៧ ខែ​ឆ្នាំ​ដដែល ប៉ុន្តែ​ឈ្មោះ ហ៊ុ​ល ភ​ត្ត្រា បាន​គេចខ្លួន ពុំ​មាន​ទីលំនៅ​ពិតប្រាកដ និង​ពុំ​មាន​ស្ថិតិ​រស់នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​ច្រាំង​ចំរេះ​ទី​២ នោះ​ទេ បន្ទាប់​មក​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ច្រាំង​ចំរេះ​ទី​២ បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​នោះ​ហើយ ។

ប៉ុន្តែ​ចំពោះ​ការ​ចោទប្រកាន់​លើ​លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ច្រាំង​ចំរេះ​ទី​២ នេះ​ផង​ដែរ ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២៦ បាន​បញ្ជា​ទៅ​លោកស្នងការ​រង ទទួល​ផែនការ​ងារ​ធនធានមនុស្ស ដើម្បី​អញ្ជើញ​លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ច្រាំង​ចំរេះ​ទី​២ លោក​វរ​ស​នី​យ៍​ត្រី អ៊ុ​ក សុ​ជាតិ និង​លោក​អនុសេនីយ៍ទោ ហេង ឡៃ​ហ៊ាន់ នាយ​រង​ប៉ុស្តិ៍ មក​សួរនាំ ដើម្បី​ធ្វើ​របាយការណ៍ រាយការណ៍​ជូន​លោកស្នងការ ធ្វើការ​ពិនិត្យ​សម្រេច​ជា​គោលការណ៍ ៕