រាជធានីភ្នំពេញ ៖ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភាកម្ពុជា ប្រធានក្រុមសភាជាតិកម្ពុជា នៃសភាប្រើភាសាបារាំង បានគូសបញ្ជាក់ថា «ហួសពីស្ថានភាព ដែលពាក់ព័ន្ធនឹងប្រទេសកម្ពុជា នៅថ្ងៃនេះ បញ្ហាប្រឈមពិតប្រាកដ គឺការរក្សាគោលការណ៍ជាមូលដ្ឋាន នៃសណ្តាប់ធ្នាប់អន្តរជាតិ ៖ គ្មានព្រំដែនណាមួយអាចត្រូវបានកែប្រែជាឯកតោភាគី ដោយប្រើកម្លាំង ឬដោយការបង្កើត “ស្ថានភាពជាក់ស្តែងរួចហើយ” (fait accompli) នោះឡើយ។ ការការពារគោលការណ៍នេះ គឺដើម្បីការពារសមភាពអធិបតេយ្យរបស់រដ្ឋនានា រក្សាភាពជឿជាក់ នៃច្បាប់អន្តរជាតិ និងពង្រឹងគ្រឹះ នៃសន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែង» ។
ការលើកឡើងរបស់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមសភាជាតិកម្ពុជា នៃសភាប្រើភាសាបារាំង និងជាអនុប្រធាន នៃសភាប្រើភាសាបារាំង ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃសភាប្រើភាសាបារាំង ក្នុងរបៀបវារៈទី៦ ៖ ការពិនិត្យស្ថានភាពនយោបាយ ថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងវិមាន Verre Paul Biya ប្រទេសកាម៉េរូន ។
ឯកឧត្តម អនុប្រធានទី១ ព្រឹទ្ធសភា បានសម្តែងនូវក្តីអំណរគុណជាពិសេស ជូនចំពោះ សមាជិក សមាជិកា នៃគណៈកម្មការនយោបាយសភាប្រើភាសាបារាំង (APF) ដែលនៅក្នុងអំឡុងពេលកិច្ចប្រជុំគណៈកម្មការនយោបាយនៅខេត្តសៀមរាប កាលពីខែឧសភា កន្លងទៅ ដោយបានឃើញដោយផ្ទាល់ពីទំហំ នៃការបំផ្លិចបំផ្លាញ ភស្តុតាង នៃការរំលោភបំពានជាក់ស្តែង និងទុក្ខវេទនារបស់ប្រជាជនភៀសសឹក និងបានអនុម័តជាឯកច្ឆន្ទ នូវសេចក្តីសម្រេចចិត្ត ដោយអះអាងសារជាថ្មី អំពីសារៈសំខាន់ នៃការគោរពអធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម បញ្ជាក់ថា ៖ «កាយវិការប្រកប ដោយទំនុកចិត្ត និងការទទួលខុសត្រូវនេះ បានធ្វើឱ្យយើងខ្ញុំមានសេចក្តីរំភើបយ៉ាងជ្រាលជ្រៅ និងបានជំរុញលើកទឹកចិត្តយើងខ្ញុំ ឱ្យខិតខំស្វែងរកដំណោះស្រាយ ការវិវាទ តែតាមរយៈមធ្យោបាយសន្តិវិធី ដោយឈរលើស្មារតីសន្ទនា និងការប្តេជ្ញាចិត្តដ៏មុតមាំ» ។
ឯកឧត្តម បានបន្ថែមនៅក្នុងអង្គសភាបន្ថែមថា ៖ «សន្តិភាពកើតចេញពីកិច្ចសន្ទនា ប្រកបដោយសុច្ឆន្ទៈ ការអត់ធ្មត់ ការគោរពតាមការប្តេជ្ញាចិត្ត និងការប្រកាន់ខ្ជាប់ដោយមិនរង្គោះរង្គើ ចំពោះគោលការណ៍ នៃច្បាប់អន្តរជាតិ។ ទាំងនេះហើយជាតម្លៃមូលដ្ឋាន ដែលជាសសរស្តម្ភ នៃសហគមន៍ហ្វ្រង់កូហ្វូនរបស់យើង» ។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានអំពាវនាវជាថ្មីម្តងទៀត សូមឱ្យសមាជិកសមាជិកា នៃអង្គប្រជុំផ្តល់ការយកចិត្តទុកដាក់ចំពោះស្ថានការណ៍ដ៏គួរឱ្យព្រួយបារម្ភ ដែលនៅតែបន្តកើតមាននៅតាមព្រំដែនភាគខាងលិចរបស់កម្ពុជា។ កម្ពុជាធ្លាប់បានលើកយកបញ្ហានេះ មកជម្រាបជូនអង្គសភារបស់យើងរួចមកហើយ ហើយសូមសម្តែង នូវក្តីអណរអរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ស្តាប់ និងការគាំទ្រដ៏មានតម្លៃ ដែលអង្គសភាបានផ្តល់ជូនកម្ពុជា ។
ឯកឧត្តម បានរំលឹកជូនអង្គសភាថា បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានចុះហត្ថលេខានៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយសារកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលក្នុងតំបន់ ប្រទេសកម្ពុជាបានគោរពយ៉ាងពេញលេញ នូវរាល់ការប្តេជ្ញាចិត្ត ដែលខ្លួនបានសន្យា។ កម្ពុជាបានផ្តល់អាទិភាពជាប់ជានិច្ចដល់ការអត់ធ្មត់ កិច្ចសន្ទនា និងការកាត់បន្ថយភាពតានតឹង។ ប៉ុន្តែជាអកុសល ឆន្ទៈក្នុងការបន្ធូរបន្ថយភាពតានតឹងនេះ ពុំទទួលបានការឆ្លើយតបក្នុងស្មារតីដូចគ្នានោះឡើយ ។
អនុប្រធានទី១ ព្រឹទ្ធសភា ក៏បានលើកឡើថា ចាប់តាំងពីថ្ងៃបន្ទាប់ នៃការចូលជាធរមាន នៃបទឈប់បាញ់ កងកម្លាំងថៃបានបន្តសកម្មភាពរបស់ខ្លួនជាឯកតោភាគី នៅក្នុងតំបន់ ដែលស្ថិតក្រោមអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា។ សកម្មភាពទាំងនោះ រួមមាន ការឈូសឆាយដី ការដំឡើងលួសបន្លា និងកុងតឺន័រ ការឡោមព័ទ្ធភូមិប្រជាពលរដ្ឋស៊ីវិល ការពង្រឹងទីតាំងយោធា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធអចិន្ត្រៃយ៍ ការរៀបចំពិធីសាសនានៅតាមប្រាសាទ ដែលជាបេតិកភណ្ឌ វប្បធម៌ និងសាសនារបស់កម្ពុជា ព្រមទាំងការបំផ្លាញ និងជំនួសរូបសំណាកសាសនាផ្សេងទៀត។ ទោះបីជាកម្ពុជាបានធ្វើការតវ៉ាជាផ្លូវការ ម្តងហើយម្តងទៀត យ៉ាងណាក៏ដោយ សកម្មភាពទាំងនេះ នៅតែបន្តរហូត មកដល់ពេលបច្ចុប្បន្ននេះ ៕


ចែករំលែកព័តមាននេះ