ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការងារ៖ បងប្អូនកម្មករនិយោជិតរោងចក្រ ខូហ្ស៊ី នីត ឯ.ក ចូលធ្វើការជាធម្មតាវិញនៅព្រឹកនេះ

1 ថ្ងៃ មុន

ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី៩ ខែកក្កដានេះ បងប្អូនកម្មករ-កម្មការិនី នៃរោងចក្រ ខូហ្ស៊ី នីត ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានចូលបម្រើការងារជាធម្មតាវិញហើយ បន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះអន្តរាគមន៍ និងសម្របសម្រួលដោះស្រាយកង្វល់របស់ពួកគាត់បានដោយជោគជ័យកាលពីម្សិលមិញ ។

លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យដឹងថា៖ «នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ បងប្អូនកម្មករ-កម្មការិនី នៃរោងចក្រ ខូច ហ្ស៊ី នីត បានចូលបម្រើការងារជាធម្មតាវិញហើយ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់ក្រសួងការងារ បានដោះស្រាយបញ្ហារបស់ពួកគាត់ចប់សព្វគ្រប់ និងយ៉ាងលឿនរហ័ស ក្រោមការយកចិត្តទុកដាក់ខ្ពស់» ។

បើតាមលោក ស៊ុន មេសា ការដោះស្រាយបានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាពនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំពោះសុខុមាលភាព និងផលប្រយោជន៍ស្របច្បាប់របស់បងប្អូនកម្មករនិយោជិត ព្រមទាំងការរក្សាបាននូវបរិយាកាសការងារល្អ និងសុខដុមរមនាក្នុងវិស័យការងារនៅកម្ពុជា ៕ អត្ថបទសហការ