ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​-​កម្ម​ការ​នី​រោងចក្រ ​ស៊ី ខេ ផ្ទុះ​ការ​តវ៉ា​បិទផ្លូវ​ជាតិ​លេខ​៣ ខឹង​ថៅកែ​ដក​ប្រធាន​ក្រុម​កម្មករ

2 ថ្ងៃ មុន

ខេត្តកណ្ដាល​ ៖ កម្មករ​-​កម្ម​ការ​នី​រោងចក្រ​កាត់ដេរ ស៊ី ខេ ជាង​១​ពាន់​នាក់ ​បាន​ផ្ទុះ​ការ​តវ៉ា​បិទផ្លូវ​ជាតិ​លេខ​៣ ​ទាំង​ព្រឹក
ព្រោះ​ខឹង​ថៅកែ​ ដក​ប្រធាន​ក្រុម​កម្មករ​ចេញ កម្មករ​បាន​ទាមទារ​ឲ្យ​ថៅកែ​ទទួលយក​ប្រធាន​ក្រុម​នោះ ​ចូល​ធ្វើការ​វិញ ព្រមទាំងទាមទារ​នូវ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ទៀត ​ឲ្យ​ថៅកែ​ដោះស្រាយ​ផង​ដែរ ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២៦ នៅ​ត្រង់​ចំណុច​មុខ​រោងចក្រ​កាត់ដេរ​ អាយ ខេ ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ​លេខ​២៧-​លេខ​២៨ ជិត​ផ្សារ​ព្រៃ​ទទឹង ក្នុងភូមិ​អន្លង់​រមៀត​ខាងលិច ឃុំ​អន្លង់​មៀត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។

កម្មករ​បាន​និយាយ​ថា ពួក​គាត់​បាន​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ​ខាងលើ​រយៈពេល​១០​ឆ្នា​មក​ហើយ ចំណែក​ប្រធាន​ក្រុម​កម្មករ​ គឺជា​ជនជាតិ​ខ្មែរ​ រហូត​មក​ដល់​សព្វថ្ងៃ។​ ដោយ​ប្រធាន​ក្រុម​រូប​នោះ ​គឺជា​មនុស្ស​ល្អ​ តែងតែ​មានការ​យោគយល់​អធ្យាស្រ័យ ចំពោះ​កម្មករ​ទាំងអស់​ ប៉ុន្តែ​នៅ​ពេល​ថ្មី​មកនេះ ស្រាប់តែ​ថៅកែ​រោងចក្រ​ បាន​ដក​ប្រធាន​កម្មករ​នោះ​ចេញ ។

កម្មករ​ បាន​និយាយ​បន្ត​ទៀត​ថា បន្ទាប់​ពី​កើតរឿង​បែប​នេះ​ភ្លាម បាន​ធ្វើ​ឲ្យ​ពួក​គាត់​កើតទុក្ខ​ មិន​សុខចិត្ត និង​ធ្វើការ​តវ៉ា ​ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​ទទួលយក​ប្រធាន​ក្រុម​ចូល​ធ្វើការ​ងារ​វិញ។ ព្រមទាំង​ទាមទារ​ នូវ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ទៀត​ផង​ដែរ ប៉ុន្តែ​ថៅកែ​ មិន​ព្រម ទទួលយក​វិញ​ទេ ហើយ​ក៏​មិន​ព្រម​ដោះ​ស្រាវ​អ្វី​ទាំងអស់។ ដោយសារ​គ្មាន​ដំណោះស្រាយ​បែប​នេះ ទើប​ពួក​គាត់​នាំ​គ្នា​ចេញពី​រោងចក្រ​យក​ដាក​បា​រ៉ា​ស់​ទៅ​ដាក់​ទទឹង​ផ្លូវជាតិ​លេខ​៣ និង​ឈរ​បិទផ្លូវ​នោះ ដើម្បី​ព​ន្លឿ​ន​ការ​ដោះស្រាយ​ឲ្យ​បាន​លឿន ។

សមត្ថកិច្ច ​បាន​ប្រាប់​ថា ការ​ធ្វើ​បាតុកម្ម​បិទផ្លូវ​នោះ ​បាន​ធ្វើ​ឲ្យ​ផ្លូវជាតិ​លេខ​៣ មានការ​កកស្ទះ​ចរាចរ​ទាំង​ទិស​ដៅ​ចូល​រាជធានី​ភ្នំពេញ និង​ចេញពី​រាជធានី​ភ្នំពេញ។ ដោយឡែក​អាជ្ញាធរ​ និង​សមត្ថកិច្ច​ស្រុក​កណ្ដាលស្ទឹង រួម​ជាមួយ​មន្ត្រី​ជំនាញ​ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចុះ​ធ្វើការ​សម្របសម្រួល​ជាមួយ​កម្មករ​ភ្លាម​ៗ​ដែរ ។

សមត្ថកិច្ច ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ថា រហូត​ដល់​ម៉ោង​១០​ព្រឹក​ថ្ងៃខែឆ្នាំ​ដដែល ក្រុម​កម្មករ​ ក៏​បាន​យល់ព្រម​បើកផ្លូវ​ឡើង​វិញ ហើយ​យានយន្ត​គ្រប់​ប្រភេទ​ក៏​ធ្វើ​ចរាចរ​បានជា​ធម្មតា​ឡើង​វិញ​ដែរ។ រីឯ​មន្ត្រី​ជំនាញ ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ជួប​ប្រជុំ​ជាមួយ​តំណាង​កម្មករនិយោជិត និង​តំណាង​ក្រុមហ៊ុន នៅ​ក្នុង​រោងចក្រ​នោះ ដើម្បី​ដោះស្រាយ​ស្រាយ​បញ្ហា​នេះ​ហើយ ៕