ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ បន្ត​បាញ់ថ្នាំ​សម្លាប់​មូស​ខ្លា ទប់ស្កាត់​ជំងឺគ្រុនឈាម

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បន្តសកម្មភាព​ចុះ​បាញ់ថ្នាំ​មូស ដោយ​អនុវត្ត​ជាប់​ជា​ប្រចាំ​រហូត​មក សំដៅ​លុប​បំបាត់ និង​កម្ចាត់​មូស ជា​ពិសេស​នៅ​រដូវវស្សា ធ្វើ​យ៉ាងណា​លើកកម្ពស់​សុខ​មា​ភាព​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន ជា​ពិសេស​ទប់ស្កាត់ ជំងឺគ្រុនឈាម ។

ក្រោម​កិច្ចសហការ​របស់​អាជ្ញាធរ​ខណ្ឌ ជាមួយនឹង​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​បន្ត​បាញ់ថ្នាំ​សម្លាប់​មូស​ខ្លា នៅ​តាម​មូលដ្ឋាន ខណ្ឌ​នានា នៅ​រាជធានី​ភ្នំពេញ ខណៈ​ការ​អនុវត្ត​ការងារ​នេះ ធ្វើ​ឡើង​តាម​ការ​ចង្អុលបង្ហាញ និង​ការ​គិតគូរ​ពី​បញ្ហា​សុខភាព​សាធារណៈ​របស់​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ។

សកម្មភាព​របស់​អាជ្ញា​រាជធានី​ភ្នំពេញ ក្នុង​ការ​ទប់​ស្កា​ប់ និង​កម្ចាត់​មូល​ខ្លា​នេះ ធ្វើ​ឡើង​ស្របគ្នា​ទៅ​នឹង​សេចក្តីណែនាំ​ក្រើនរំលឹក ស្តី​ពី​ការ​បង្ការ​ជំងឺគ្រុនឈាម ក្នុង​រដូវវស្សា និង​ការ​បញ្ជូន​អ្នកជំងឺ​មក​ព្យាបាល នៅ​មន្ទីរពេទ្យ​ឱ្យទាន់​ពេលវេលា របស់​ក្រសួងសុខាភិបាល នា​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២៦ ផង​ដែរ ។

តាម​រយៈ​ក្រសួងសុខាភិបាល បាន​ក្រើនរំលឹក​ថា ក្នុងអំឡុងពេល​រដូវវស្សា ជា​ទូទៅ​ធ្វើ​ឱ្យ​មានការ​កើនឡើង វត្ថុ​ដក់​ទឹក ដែល​ជា​កន្លែង​បង្កបង្កើត​កូនចៅ​មូស​ខ្លា​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ប្រទេស​កម្ពុជា កំពុង​ទទួល​ឥទ្ធិពល នៃ​បាតុភូត​កើន​កម្ដៅ (El Niño) អាច​ធ្វើ​ឱ្យ​មានការ​កើនឡើង នៅ​តំបន់​អាស៊ី ប៉ា​ស៊ី​ហ្វិ​ក រួម​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។ ស្ថានភាព​នេះ អាច​ធ្វើ​ឱ្យ​មានការ​កើនឡើង​ចំនួន​មូស​ខ្លា និង​ជំងឺគ្រុនឈាម ដែល​ទាមទារ​ឱ្យ​មានការ​ចូលរួម យ៉ាង​សកម្ម​ពី​បុគ្គល​ម្នាក់​ៗ គ្រួសារ និង​សហគមន៍ ។

តាម​ការ​សិក្សា​ស្រាវជ្រាវ សត្វ​មូស​ខ្លា​ចូល​ចិត្ត​រស់នៅ​កន្លែង​ទឹក​ដក់ នៅ​ក្នុង​វត្ថុ​ដក់​ទឹក ដូច​ជា សំបក​កង់ ឡាន​/​កង់​ម៉ូតូ​ទុក​ចោល​ពាស​វាល​ពាស​កាល ត្រឡោក​ដូង កែវ ចានជ័រ​/​ស្ងោរ ក្រឡ​ដែល​បោះបង់​ចោល ពាង អាង ធុង​ដាក់​ទឹក ទឹក​ថូផ្កា ចាន​ទ្រ​ជើង​តុ ទូ និង​ពែង ដែល​បង្កើត​ជា​ប្រភព​ដក់​ទឹក និង​ជំរក​សត្វ​មូស​ខ្លា​។ សត្វ​មូស​ខ្លា ចូល​ចិត្ត​សំងំ​លាក់ខ្លួន​នៅ​ក្នុង​ទីកន្លែង​ងងឹត​ៗ ឬ​មិនសូវ​មាន​ពន្លឺ​ថ្ងៃ​ចូល​ដល់​។
ហេតុនេះ ក្រសួងសុខាភិបាល បាន​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ទាំងអស់ ចូលរួម​ចលនា​កាត់​បន្ថយ តាមដាន និង​ទប់ស្កាត់​ការ​កកើត​សត្វ​មូស ដោយ​ប្រកាន់ខ្ជាប់​នូវ​គោល​ជំហរ​ស្រប នឹង​ពាក្យស្លោក “​ខ្ញុំ និង​គ្រួសារ​ខ្ញុំ ជា​គ្រួសារ​គំរូ ព្រោះ​ផ្ទះ​ខ្ញុំ និង​លំនៅ​ដ្ឋា​ន​របស់ខ្ញុំ គ្មាន​ដង្កូវទឹក​” ព្រមទាំង​អនុវត្ត​នូវ​វិធានការ​អន្តរាគមន៍​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ការពារ​សុខភាព​ផ្ទាល់ខ្លួន ក្រុម​គ្រួសារ និង​សហគមន៍ ។

ពាក់ព័ន្ធ​នឹង​ពាក្យស្លោក “​ខ្ញុំ និង​គ្រួសារ​ខ្ញុំ ជា​គ្រួសារ​គំរូ ។ លោក ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ ចូលរួម​លុប​បំបាត់​ជម្រក​មូស​ខ្លា​។ កាប់​ឆ្កា​ព្រៃ​ជិត​ផ្ទះ ទឹក​ដក់​ថ្លា​ជា​ជម្រក​មូស​ខ្លា (​ទឹក​ដក់​នៅ​ក្នុង​សំបក​កង់​ឡាន កង់​ម៉ូតូ សំបក​កំប៉ុង ដប វត្ថុ​ដក់​ទឹកភ្លៀង​ជា​ជម្រក​មូស​ខ្លា​)​។ យើង​រួម​គ្នា​លុប​បំបាត់​ជម្រក​មូស​ខ្លា នៅ​ក្នុង​សហ​គម​ន៏​របស់​យើង ដើម្បី​រួមចំណែក​ទុបស្កាត់​ការ​ចម្លងជំងឺ​គ្រុនឈាម ៕