ខេត្តស្ទឹងត្រែង ៖ តាមបណ្តោយផ្លូវជាតិលេខ៩ ចម្ងាយប្រមាណជិត៦០គីឡូម៉ែត្រពីទីរួមខេត្តស្ទឹងត្រែង ទៅភូមិកំពង់ស្រឡៅ ឃុំអន្លុងជ្រៃ ស្រុកថាឡាបរិវ៉ាត់ គេអាចសម្លឹងទៅខាងស្តាំដៃគេនឹងឃើញភ្នំមួយដ៏ខ្ពស់នោះជាទីកន្លែងមួយដែលប្រជាពលរដ្ឋតែងមានជំនឿថា មានបារមីពូកែស័ក្ដិសិទ្ធិរហូតទល់បច្ចុប្បន្ន ។
ស្ត្រីម្នាក់ឈ្មោះ សំ ផន ប្រជាពលរដ្ឋនៅភូមិកំពង់ស្រឡៅឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងបាននិយាយថា ភ្នំថ្មដ៏ធំស្កឹមស្កៃនេះ ជាសម្បត្តិធម្មជាតិនៅសល់ពីជំនាន់ដើមមក មានអាយុកាលមិនអាចប៉ាន់ស្មានបានឡើយ ។ ស្ត្រីដដែលនេះបន្តថា វត្ថុសំខាន់ៗនៅលើកំពូលភ្នំ និងនៅចង្កេះភ្នំនេះមានល្អាងថ្មធំៗជ្រៅជាច្រើនកន្លែង ទិដ្ឋភាពនៅក្នុងនោះមើលទៅហាក់ដូចមានមនុស្សសម័យដើមរៀបចំទុកដាក់ដូចកន្លែងស្នាក់នៅក្នុងរូងភ្នំ ព្រមទាំងមានទឹកជ្រាបស្រក់ចេញពីថ្មធ្លាក់ មកជាដំណក់ទឹកថ្លាយ៉ង់នៅក្នុងល្អាងភ្នំនេះផងដែរ ។
ស្ត្រីម្នាក់ទៀតឈ្មោះ ភោគ សក្តិ រស់នៅភូមិអូរត្រែល ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់បានលើកឡើងដែរថា ប្រជាពលរដ្ឋខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែងតែងនាំគ្នាមកសុំទឹកដែលស្រកពីលើកំពូលភ្នំនេះ យកទៅលុបលាងមុខប្រោះព្រំផ្ទះសម្បែងដោយពោលថា ទឹកនេះជាទឹកមន្តរបស់អ្នកសច្ចាំងមានបារមីខ្លាំងពូកែ អាចជួយមនុស្សរំដោះគ្រោះឧបទ្រពចង្រៃបាន ។ ស្ត្រីបន្តថា ការធ្វើបែបនេះឃើញថា បងប្អូនប្រជាពលរដ្ឋខ្លះទទួលបានសេចក្តីសុខចម្រើនពិតមែនហើយ ក៏និយមធ្វើតាមគ្នីគ្នា តៗរហូតមក ។
លោក លីម សៀងលី មេភូមិកំពង់ស្រឡៅបានបញ្ជាក់ថា នៅតំបន់នេះអាជ្ញាធរព្រះសង្ឃ បងប្អូន ប្រជាពលរដ្ឋ តែងតែនិយមមកធ្វើបុណ្យជារៀងរាល់ឆ្នាំ ជាពិសេសបងប្អូនជនជាតិដើមភាគតិច កួយ ដែលគាត់មានជំនឿថា ជាកន្លែងមនុស្សជំនាន់ដើមរស់នៅ ព្រោះអ្វីៗនៅក្នុងល្អាងថ្មមានស្លាកស្នាម បញ្ជាក់ពីភាពស័ក្ដិសិទ្ធិ ហើយបច្ចុប្បន្នបានរលាយទៅជាថ្មដូចជា រូបដំរីកណ្តឹងសាមព័ន្ធ ដំរី សភ្លុកខៀវ ជាដើម ក្នុងជំនឿ តាមប្រពៃណីព្រះពុទ្ធសាសនា ដែលឲ្យប្រជាពលរដ្ឋធ្វើការប្រតិបត្តិ ។
លោកអះអាងថា តំបន់នេះបច្ចុប្បន្នអាជ្ញាធររួមនឹងព្រះរព្រះសង្ឃ ពុទ្ធបរិស័ទបានឯកភាពគ្នារៀបចំបង្កើតជាកន្លែងមជ្ឈមណ្ឌលវិបស្សនាធុរៈ សម្រាប់រក្សាទុកក្នុងផ្នែកព្រះពុទ្ធសាសនា និងបម្រើឲ្យវិស័យទេសចរណ៍ធម្មជាតិឱ្យកូនចៅជំនាន់ក្រោយៗបានឃើញបានស្គាល់ និងរួមគ្នាថែរក្សា ៕
ចែករំលែកព័តមាននេះ