រាជធានីភ្នំពេញ ៖ ស្របពេលគម្រោងអភិវឌ្ឍន៍ធំៗជាច្រើនបានបង្ហាញជាបន្តបន្ទាប់ អ្នកជំនាញផ្នែកអចលនទ្រព្យបានលើកឡើងថា បច្ចុប្បន្នមានការបំពុលព័ត៌មានច្រើនពីអ្នកវិនិយោគមួយចំនួន ដើម្បីលក់គម្រោងរបស់ពួកគេឆាប់ដាច់ ។ ប្រសិនបើអ្នកទិញមិនបានពិចារណា និងគិតគូរឲ្យបានដិតដល់ទេ អាចនឹងជួបបញ្ហានៅថ្ងៃក្រោយ ។
អ្នកវិភាគអចលនទ្រព្យ និងសេដ្ឋកិច្ចសង្គម លោក ង៉ែត ជូ បានឲ្យដឹងកាលពីពេលថ្មីៗនេះថា នៅក្នុងវិស័យនេះមានការបំពុលព័ត៌មានច្រើនទាក់ទងនឹងការបង្ហាញ ឬលើកឡើងពីគម្រោងអភិវឌ្ឍន៍នានា តាមរយៈអ្នកវិនិយោគមួយចំនួននៅក្នុងវិស័យនេះដើម្បីទាក់ទាញអតិថិជន ប្រយោជន៍ដើម្បីធ្វើឲ្យពួកគេលក់គម្រោងឆាប់ដាច់ ។
លោកបន្តថា ៖« ហេតុនេះមុន សម្រេចចិត្តវិនិយោគ ខ្ញុំសុំឲ្យប្រជាពលរដ្ឋប្រមូលព័ត៌មានឲ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយជាមុនសិន មុននឹងធ្វើការសម្រេចចិត្តវិនិយោគដើម្បីកាត់បន្ថយហានិភ័យ »។ លោកបន្តថា ៖« នៅពេលយើងមិនសូវស្វែងយល់សិក្សារៀនសូត្រ និងតាមដានព័ត៌មានជាក់លាក់ នឹងធ្វើឲ្យការវិនិយោគរបស់យើងមានហានិភ័យខ្ពស់ »។
លោក ង៉ែត ជូ បានបន្តថា ការសិក្សារៀនសូត្រ និងប្រមូលព័ត៌មានបានត្រឹមត្រូវ ជាមូលដ្ឋានដ៏សំខាន់សម្រាប់ធ្វើការសម្រេចចិត្ត បានត្រឹមត្រូវ និងអាចកាត់បន្ថយឬបញ្ចៀសបាននូវហានិភ័យ ជាជាងយើងវិនិយោគបែបប្រថុយប្រថាន ព្រោះការវិនិយោគពឹងលើព្រេងសំណាង មិនមែនជាជម្រើសរបស់អ្នកវិនិយោគឆ្លាតវៃនោះឡើយ ។
ជាមួយគ្នានេះ លោក ង៉ែត ជូ ក៏បានព្រមានផងដែរថា ការវិនិយោគអចលនទ្រព្យក៏មិនជោគជ័យដែរ ប្រសិនជាការអនុវត្តតាមវិធីសាស្ត្រទាំងនេះ ហេតុនេះពួកគេត្រូវតែដឹងពីចំណុចទាំង៥ដូចខាងក្រោម ៖
១- មិនបានដឹងថា ដីធ្លីជាទ្រព្យសកម្មរយៈពេលវែង (Long Term Asset) ហើយយល់ថាទិញ១រយៈពេលខ្លី រួចលក់យកចំណេញ ។ ចំណុចនេះ លោក ងែ៉ត ជូ បញ្ជាក់ថា ៖« តាមពិត ទ្រព្យសកម្មរយៈពេលវែង មិនអាច(ឬពិបាក) លក់យកជាសាច់ប្រាក់ក្នុងរយៈពេលខ្លី(តិចជាង១ឆ្នាំ)ណាស់ »។
២- វិនិយោគនៅពេលទីផ្សារពុះកញ្ជ្រោលខ្លាំង ចេះតែតាមគេតាមឯង គ្មានគោលដៅច្បាស់លាស់ ។ ការវិនិយោគបែបហ្នឹង ងាយនឹងបរាជ័យណាស់ ។ ចំណុចនេះ លោកថា ៖« សម្រាប់ខ្ញុំ ខ្ញុំចូលចិត្តស្ទូចត្រីនៅកន្លែងដែលគ្មានអ្នកស្ទូច » ។
៣- ទៅសំកុកចាំយូរពេក ៖ កុំដាំដើមត្នោតយកផ្លែ គួរទិញដើមត្នោតដែលជិតផ្លែ ទើបងាយបានផល ។ កុំវិនិយោគឆ្ងាយពេក នាំកប់យូរ ។ ត្រឹម៣០-៤០គីឡូម៉ែត្រពីក្រុងជាការល្អ ។
៤- ក្តាប់ព័ត៌មានមិនជុំ ដោយខ្វះបណ្តាញទំនាក់ទំនង ។ ដោយសារដីធ្លីជាទ្រព្យសកម្មរយៈពេលវែង មិនងាយលក់ ការក្តាប់បានព័ត៌មានគឺសំខាន់ណាស់ ។
៥- មិនយល់ពីសក្តានុពលរបស់ដី និងតម្រូវការ អាចសមនឹងយកទៅអភិវឌ្ឍជាអ្វី? អ្នកណាជាអ្នកនឹងទិញបន្ដ ហើយគេមានលទ្ធភាពផ្នែកហិរញ្ញវត្ថុបែបណា ៕
ចែករំលែកព័តមាននេះ