ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធានការ​ក្តៅ​ៗ​មិន​ថាអ្នកលក់ អ្នក​ឲ្យ​ចំណី​ព្រាប​នៅ​មុខ​ព្រះ​បរមរាជវាំង (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកលក់ និង​អ្នក​ឲ្យ​ចំណី​ព្រាប​នៅ​មុខ​ព្រះ​បរមរាជវាំង​ចាប់ពី​ថ្ងៃនេះ​តទៅ​​ប្រឈម​នឹង​ការ​ផាកពិន័យ​មិន​លើកលែង​ទៀត​ឡើយ ក្រោយ​ពី​កម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ បាន​ហៅ​អ្នកលក់​ចំណី​ព្រាប​ទាំងអស់​មក​ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​លក់​នៅ​មុខ​ព្រះ​បរមរាជវាំង តែ​អនុញ្ញាត​ឲ្យ​លក់​ចំណី​ព្រាប​នៅ​ខាងជើង​វេទិកា​បុណ្យ​អ៊ុំ​ទូក​ក្បែរ​រូបសំណាក់​ព្រះ​អង្គ​ចៅ​ជាប់​នឹង​មាត់ទន្លេ​ប៉ុណ្ណោះ ។ លោក សុខ…

រាជធានី​ភ្នំពេញ ៖ អ្នកលក់ និង​អ្នក​ឲ្យ​ចំណី​ព្រាប​នៅ​មុខ​ព្រះ​បរមរាជវាំង​ចាប់ពី​ថ្ងៃនេះ​តទៅ​​ប្រឈម​នឹង​ការ​ផាកពិន័យ​មិន​លើកលែង​ទៀត​ឡើយ ក្រោយ​ពី​កម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ បាន​ហៅ​អ្នកលក់​ចំណី​ព្រាប​ទាំងអស់​មក​ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​លក់​នៅ​មុខ​ព្រះ​បរមរាជវាំង តែ​អនុញ្ញាត​ឲ្យ​លក់​ចំណី​ព្រាប​នៅ​ខាងជើង​វេទិកា​បុណ្យ​អ៊ុំ​ទូក​ក្បែរ​រូបសំណាក់​ព្រះ​អង្គ​ចៅ​ជាប់​នឹង​មាត់ទន្លេ​ប៉ុណ្ណោះ ។

លោក សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ពេល​នេះ​ទៅ​មិន​អនុ​ញ្ញាត​ឲ្យ​មាន​អ្នកលក់​ចំណី​ព្រាប និង​អ្នក​ឲ្យ​ចំណី​ព្រាប​លើ​សួនច្បារ​មុខ​ព្រះ​បរមរាជវាំង​ទៀត​ឡើយ ព្រោះ​កន្លង​មក​វា​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​បរិស្ថាន អនាម័យ ខណៈ​ពេល​សត្វ​ព្រាប​ទាំងនោះ​ជុះអាចម៍​នៅ​មុខ​ព្រះ​បរមរាជវាំង និង​លើ​សួនច្បារ ។ ហើយ​សាលា​ខណ្ឌ​បាន​អនុញ្ញាត​ឲ្យ​បងប្អូន​អ្នកលក់​ចំណី​ព្រាប និង​អ្នក​ឲ្យ​ចំណី​ព្រាប​នៅ​ខាងជើង​វេទិកា​បុណ្យ​អ៊ុំ​ទូក​ក្បែរ​រូបសំណាក់​ព្រះ​អង្គ​ចៅ​មាត់ទន្លេ ដែល​ទីតាំង​នេះ​វា​ងាយស្រួល​ដល់​កម្លាំង​ប្រជា​ការពារ​ក្នុង​ការ​បាញ់​ទឹក​លាង​សំអាត​អាចម៍​ព្រាប និង​ដើរ​រើស​ថង់កៅស៊ូ​ដែល​ច្រក​ចំណី​ព្រាប ។

លោក​អភិបាល​ខណ្ឌ​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​ការ​ណែនាំ​ពី​លោក ឃួ​ង ស្រេង អភិ​បាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​ក្រសួងព្រះបរមរាជវាំង​រួច​មក រដ្ឋបាល​ខណ្ឌដូនពេញ ធ្វើការ​ប្រជុំ​ផ្សព្វផ្សាយ​ណែនាំ និង​សំណូមពរ​បង​ប្អួ​ន​អាជីវករ​លក់​ចំណី​សត្វ​ព្រាប លក់​ផ្កា​ស្លាធម៌ លក់​សត្វ​ចាប ថតរូប​នៅ​ខាងក្រោយ​ព្រះ​អង្គ​ដ​ង្កើ និង​សួន​ព្រះ​បរមរាជវាំង​មក​ដល់​ថ្ងៃនេះ អាជ្ញាធរ​យើង​ណែនាំ​ឲ្យ​បងប្អូន​អាជីវករ​ទៅ​លក់ដូរ និង​បាច​ចំណី​សត្វ​ព្រាប​នៅ​ចំណុច​ការ៉ូឡា​ខាង​មុខ​ព្រះ​អង្គ​ក្រចៅ ឬ​ខាងជើង​វេទិកា​បុណ្យអុំទូក​វិញ និង​អ្នកលក់​ផ្កា​នៅ​ព្រះ​អង្គ​ដ​ង្កើ ព្រះ​អង្គ​ក្រចៅ ឲ្យ​ចូល​លក់​ក្នុង​ស្តង់​ខាងត្បូង​ព្រះ​អង្គ​ដ​ង្កើ ដែល​បាន​រៀបចំ​ជូន​បងប្អូន ។

រដ្ឋបាល​ខណ្ឌដូនពេញ​សង្កេត​ឃើញ​ថា បងប្អូន​អ្នកលក់​ចំណី​សត្វ​ព្រាប លក់​ផ្កា​ស្លាធម៌ លក់​ចាប និង​សេវាកម្ម​ថតរូប បាន​អនុវត្ត​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ល្អ​ប្រសើរ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ក៏​មាន​បងប្អូន​មួយ​ចំនួន​តូច​មិន​គោរព​តាម​ការ​ណែនាំ​ទេ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ ដោយ​ដើរ​ជាន់​លើ​ស្មៅ និង​មាន​សំរាម ឬ​ចំណី​ព្រាប​នៅ​លើ​ការ៉ូឡា ជា​ហេតុ​ប៉ះពាល់​ដល់​អនាម័យ​បរិស្ថាន​ផង​ដែរ ។

ដូច្នេះ​រដ្ឋបាល​ខណ្ឌដូនពេញ សូម​ធ្វើការ​ណែនាំ និង​អង្វរ​យ៉ាង​ទទូច​ដល់​បងប្អូន​អាជីវករ ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ដែល​មក​លេង​កម្សាន្ត ឬ​គោរព​បូជា សូម​មេត្តា​យោគយល់ អធ្យា​ស្រ័យ ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ក៏​ដូច​ជាទី​សាធារណៈ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ទាំងមូល ដើម្បី​រួមចំណែក​លើកកម្ពស់​សោភ័ណ​ភាព​ក្នុង​រាជធានី​ភ្នំពេញ​របស់​យើង​ប្រកបដោយ​ភាព​ទាក់ទាញ ។

លោក​សុខ ពេញ​វុ​ធ ឲ្យ​ដឹង​ទៀត​ថា ចាប់ពី​ពេល​នេះ​ទៅ​លេង​មានការ​អនុគ្រោះ​ដល់​បងប្អូន​អ្នកលក់​ចំណី​ព្រាប​នៅ​លើ​សួនច្បារ​មុខ​ព្រះ​បរមរាជវាំង​ទៀត​ហើយ ។ បើសិន​មិន​គោរព​តាម​គោលការណ៍​នេះ​ទេ គឺ​ប្រឈម​នឹង​ផាកពិន័យ ក្នុង​នោះ​អ្នក​ឲ្យ​ចំណី​ព្រាប (​មុខ​ព្រះ​បរមរាជវាំង​) និង​អ្នក​បោះចោល​សំរាម​ត្រូវ​ពិន័យ​ចំនួន​២​ម៉ឺន​រៀល​, អ្នកលក់​ចំណី​​ព្រាប​មុខ​ព្រះ​បរមរាជវាំង និង​លក់​គ្រឿង​ហូប​ចុក​ហើយ​បោះចោល​សម្រាប​ត្រូវ​ពិន័យ​ចំនួន​៥​ម៉ឺន​រៀល​, ហាង​លក់ដូរ​តាម​ផ្ទះ និង​ភោជនីយដ្ឋាន​យក​សំរាម​ដាក់​ខុស​ម៉ោង​​កំណត់​ត្រូវ​ពិន័យ​១៥​ម៉ឺន​រៀល​, សិប្បកម្ម សហគ្រាស​ត្រូវ​ពិន័យ​២០​ម៉ឺន​រៀល បើ​សិន​ជា​លើក​ទី​មួយ​ពិន័យ​ហើយ​នៅ​តែ​មិន​តាម​គោល​ការ​នេះ​ទេ ត្រូវ​បាន​ពិន័យ​គុណ​តែ​ម្តង ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ