ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​សួង សុ​ភ័​ណ្ឌ​ដាក់​ពាក្យ​ប្តឹង​ទារ​៥០០​លាន​រៀល​ពី​លោក​សូន សេរីរ​ដ្ឋា​បី​បទ​បរិហារកេរ្តិ៍

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក សួង សុ​ភ័​ណ្ឌ ប្រធាន​គណបក្ស​អំណាច​ខ្មែរ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨​នេះ បាន​ដាក់​ពាក្យ​ប្តឹង​លោក សួន…

រាជធានី​ភ្នំពេញ ៖ លោក សួង សុ​ភ័​ណ្ឌ ប្រធាន​គណបក្ស​អំណាច​ខ្មែរ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨​នេះ បាន​ដាក់​ពាក្យ​ប្តឹង​លោក សួន សេរីរ​ដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ដោយសារ តែ​អតីត​ប្រធាន​គណបក្ស​បាន​ចោទ​រូប​លោក​ថា បាន​ក្លែង​លិខិត​លាលែង​តាម​រយៈ​ការ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ផ្សាយ​តាម​សារព័ត៌មាន​នានា និង​ការ​ដាក់​លិខិត​ទៅ​កាន់​ក្រសួងមហាផ្ទៃ ។

លោក សួង សុ​ភ័​ណ្ឌ បាន​លើក​ឡើង​ថា សូម​លោក​ប្រធាន​តុលាការ​ជ្រាប​ថា លោក សួន សេរីរ​ដ្ឋា​បាន​លាលែង​ពី​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ជា​ផ្លូវការ​មួយវិញទៀត លោក​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ចេញ​សាលដីកា​ជា​ទណ្ឌិត ហើយ​តាម​ផ្លូវច្បាប់​សូ​ម្បី​តែ​សិទ្ធិ​ជា​ប្រជាពលរដ្ឋ​ក៏​ត្រូវ​បាន​ដកហូត​មិន​ត្រឹមតែ​តួនាទី​តាម​ច្បាប់​គណបក្ស​នយោបាយ និង​ច្បាប់​វិសោធនកម្ម​ច្បាប់​នេះ​គណបក្ស​នេះ​ដាច់ខាត​ត្រូវ​បាន​រំលាយ​បាត់​ទៅ​ហើយ ។ លោក​ថា​«​ខ្ញុំ​សូម​សំណូមពរ​សុំ​ផ្តន្ទាទោស​ជនល្មើស​តាម​ច្បាប់ និង​សូម​ទាមទារ​សំណង​រដ្ឋប្បវេណី​៥០០​លាន​រៀល​» ។

គួរ​បញ្ជាក់​ថា លោក សួន សេរីរ​ដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨​នេះ បាន​ថ្លែង​ពេល​សន្និសីទកាសែត លោក​បាន​លើក​ឡើង​ថា តុលាការ​បាន​ផ្តន្ទាទោស​លោក​ដាក់​ពន្ធនាគារ​៥​ឆ្នាំ ហើយ​ត្រូវ​បាន​ព្រះមហាក្សត្រ​លើកលែងទោស​ដល់​រូប​លោក ។ លោក​ថា​«​អ្វី​ដែល​លោក​ចាប់អារម្មណ៍ គឺ​គណបក្ស​អំណាច​ខ្មែរ​ដែល​ខ្ញុំ​បាន​បង្កើត និង​ដឹកនាំ​រយៈពេល​១​ឆ្នាំ និង​ខ្ញុំ​បាន​ផ្តល់​សិទ្ធិ​ជា​ប្រធាន​ស្តីទី​ដល់​លោក សួង សុ​ភ័​ណ្ឌ ដឹកនាំ​គណបក្ស​នេះ​» ។ លោក​បាន​ចោទ​លោក​ប្រធាន​ស្តីទី​ដោយ​លើក​ឡើង​ថា រយៈពេល​១​ឆ្នាំ​នេះ​មិន​បាន​ធ្វើ​សកម្ម​អ្វី​ទាំងអស់ សូ​ម្បី​លើក​ស្លាក​គណបក្ស​នៅ​តាម​ខេត្ត​ក្រុង ។​សកម្មភាព​អប់រំ​ពលរដ្ឋ​ពី​សិទ្ធិ​នយោបាយ​ដែល​គណបក្ស​ធ្លាប់​ធ្វើ​ក៏​អត់​មាន​ដែរ ។ រយៈពេល​ជាង​១​ឆ្នាំ​នេះ​លោក​សួង សុ​ភ័​ណ្ឌ បាន​យក​គណបក្ស​អំណាច​ខ្មែរ​ជា​គណបក្ស​សកម្ម​ផ្នែក​នយោបាយ​នេះ​នៅ​ពេល​រូប​លោក​ជាប់​ពន្ធនាគារ ។ លោក សួន សេរីរ​ដ្ឋា បាន​អះអាង​ថា គណបក្ស​របស់​លោក​បាន​បង្កើត​ឡើង ក្រោយ​ពេល​បោះ​ឆ្នោត​២០១៣ ។

លោក​បាន​លើក​ឡើង​ថា​«​លិខិត​ក្លែងក្លាយ​នេះ​ត្រូវ​បាន​ដាក់​ផ្សាយ​តាម​បណ្តាញ​សង្គម​ជា​សាធារណៈ ។ ខ្ញុំ​មិន​ដែល​លាលែង​ពី​ប្រធាន​បក្ស​ទេ ខ្ញុំ​បាន​ចុះហត្ថលេខា​តែងតាំង​លោក សួង សុ​ភ័​ណ្ឌ ជា​ប្រធាន​ស្តីទី​មិន​ដែល​សុំ​លាលែង​ទេ ។ នេះ​ជា​បទឧក្រិដ្ឋ​មួយ ហើយ​បាន​ស្នើ​ដល់​ក្រសួងមហាផ្ទៃ​ពិនិត្យ​លើ​ឯកសា​រដែ​លោក​សួង សុ​ភ័​ណ្ឌ ដាក់​ចូល​ក្រសួងមហាផ្ទៃ​កន្លង​មក ។ លោក​ថា នៅ​ពេល​លោក​ជាប់​ពន្ធនាគារ​គ្មាន​សិទ្ធិ​ក្នុង​ការ​តវ៉ា​ផ្លូវច្បាប់​តែ​ពេល​នេះ​លោក​បាន​សេរីភាព និង​អាច​តវ៉ា​ផ្លូវច្បាប់​បាន ។ លោក​បាន​បញ្ជាក់​ថា​សូម​សម្តេច​ក្រឡាហោម ស ខេ​ង ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើក​លិខិត​លាលែង​ដែល​លោក សួង សុ​ភ័​ណ្ឌ បាន​ដាក់​ជូន​ក្រសួងមហាផ្ទៃ​ដែល​រូប​លោក​មិន​បាន​ចុះហត្ថលេខា​សោះ ។ សូម​ឲ្យ​ពិនិត្យ​លើ​ប្រវត្តិរូប​មនុស្ស​មួយ​ចំនួន​ដែល​គ្មាន​ឈ្មោះ​សោះ ហើយ​នេះ​ជា​ការ​ឆបោក​រដ្ឋាភិបាល និង​ក្រសួងមហាផ្ទៃ​ផង ។ ចំពោះ​បុគ្គល​នៃ​គណបក្ស​នេះ ព្រោះ​កាលណា​ធ្វើ​បែប​នេះ​វា​ប៉ះពាល់​ដល់​ប្រទេស​កម្ពុជា​ទាំងមូល​នៅ​ពេល​ដែល​គណបក្ស​នយោបាយ​មួយ​មិន​ទាន់​ទទួល​បាន​អាសនៈ​ផង​បែរជា​ប្រព្រឹត្ត​បែប​នេះ ។

លោក​បាន​លើក​ឡើង​ថា អនុប្រធាន​មួយ​ចំនួន​ត្រូវ​បាន​ដាក់​ជំនួស​អ្នក​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​តួនាទី​ដែល​ពួក​គាត់​មិន​បាន​សុំ​លាលែង​ផង ។ មានការ​ដោះ​ដូរ​សញ្ញា​គណបក្ស​ដោយ​គ្មាន​ការ​យល់ព្រម​ពី​ប្រធាន អនុប្រធាន​បក្ស ហើយ​សកម្មភាព​នេះ​រំលោភ​លើ​សមាជិក ចំណុច​ចុង​ក្រោយ​លោក​នឹង​បញ្ជូន​សំណុំរឿង​នេះ​ទៅ​តុលាការ​ចាត់ការ​លោក សួង សុ​ភ័​ណ្ឌ តែ​ម្តង បន្ទាប់​ពី​ស្នើ​ឲ្យ​ក្រសួងមហាផ្ទៃ​ពិនិត្យ​មើល​ករណី​នេះ​ជា​មុន ។

លោក​សួង សុ​ភ័​ណ្ឌ​ប្រធាន​ស្តីទី​គណបក្ស​អំណាច​ខ្មែរ​បាន​ពន្យល់​លោក សួង សេរីរ​ដ្ឋា បាន​សុំ​លាលែង​ពី​គណបក្ស​អំណាច​ខ្មែរ​មែន ។ លោក​បាន​លើក​ឡើង​ថា នៅ​ពេល​លោក សួង សេរីរ​ដ្ឋា ត្រូវ​បាន​ចាប់ខ្លួន​តាម​ផ្លួ​វ​ច្បាប់​គណបក្ស​ត្រូវ​រំលាយ​តាម​ច្បាប់​គណបក្ស​នយោបាយ និង​ច្បាប់​វិសោធនកម្ម​គណបក្ស ៕

កែសម្រួលដោយ