ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សុទ្ធតែ​កាំភ្លើង ​និង​​ខ្នោះ…ដេញចេញជាបន្ទាន់

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ​ជា​ច្រើន​នាក់ ​ប្រដាប់​ដោយ​កាំភ្លើង​និង​ខ្នោះ កាល​ពី​ថ្ងៃ​ទី​១០​និង​ទី​១១ កញ្ញា​កន្លង​មក បាន​ទៅ​បង្ខំ​ដេញ​ក្រុម​កម្មករ​ចាំចម្ការ​នៅ​លើ​ដី​មួយកន្លែង​ទំហំ​ជាង​៥​ហិ​កតា ស្ថិត​នៅ​ក្នុងភូមិ​៤ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ…

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ​ជា​ច្រើន​នាក់ ​ប្រដាប់​ដោយ​កាំភ្លើង​និង​ខ្នោះ កាល​ពី​ថ្ងៃ​ទី​១០​និង​ទី​១១ កញ្ញា​កន្លង​មក បាន​ទៅ​បង្ខំ​ដេញ​ក្រុម​កម្មករ​ចាំចម្ការ​នៅ​លើ​ដី​មួយកន្លែង​ទំហំ​ជាង​៥​ហិ​កតា ស្ថិត​នៅ​ក្នុងភូមិ​៤ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ឲ្យ​ចាក​ចេញពី​ទីតាំង​ដីចម្ការ​ខាងលើ​នោះ​ជា​បន្ទាន់ ខណៈ​ដែល​ដី​មួយ​កន្លែង​នេះ មាន​ភាគី​ទំនាស់​គ្នា​ជា​ច្រើន​ម្ចាស់ និង​បាន​អះអាង​ដូច​ៗ​គ្នា​ថា​ ជា​ដី​របស់​ខ្លួន​បាន​កាន់​កាប់​ជា​យូរ​ឆ្នាំ​មក​ហើយ ។

ក្នុង​ចំណោម​អ្នក​ដែល​បាន​អះអាង​ថា ជា​ម្ចាស់​ដី​ទំហំ​ធំ​មួយ​នេះ​ច្រើន​ជា​មន្ត្រី​មាន​អំណាច​មាន​ប្រាក់​កំពុង
​តែ​ឈ្លោះ​ដណ្តើម​ដី​គ្នា ស្រប​ពេល​ដែល​ហាងឆេង​ទិញ​និង​លក់​ដី​នៅ​ខេត្ត​ព្រះ​សីហ​នុ កំពុង​ងើបឡើង​យ៉ាង​គំហុក ។ កម្លាំង​មាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​បាន​ធ្វើ​អន្តរាគមន៍ ដេញ​អ្នក​ចាំ​ដី​ក្នុង​រយៈពេល​២​ថ្ងៃ​ជាប់​ៗ​គ្នា​នេះ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក បាន តុលា មេបញ្ជាការ​រង​កងរាជអាវុធហត្ថ ប្រដាប់​ដោយ​អាវុធ​និង​ខ្នោះដៃ​ចុះ​ទៅ​បណ្តេញ​ក្រុម​កម្មករ​ចាំចម្ការ​ដែល​ម្ចាស់​ដី​មួយទៀត​បាន​ជួល​ឲ្យ​ទៅ​ជម្រះ​ស្មៅ​និង​ដេក​ចាំ។

ការ​បណ្តេញ​កម្មករ​ចាំ​ដី​នោះ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​មិន​បាន​បង្ហាញ​ពី​លិខិត​ផ្លូវច្បាប់​ជាក់លាក់​ណាមួយ​ដល់​ក្រុម​កម្មករ ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ទីតាំង​ដីចម្ការ​មាន​ទំនាស់​ខាងលើ​នោះ​ឡើយ ដែល​សកម្​មភាព​បែប​នេះ ត្រូវ​បាន​រង​ការ​រិះគន់​ពី​ក្រុម​កម្មករ​ថា ជា​សកម្មភាព​ប្រើប្រាស់​អំណាច ប្រដាប់​អាវុធ មក​បង្ខិតបង្ខំ កម្មករ​សុ​ី​ឈ្នួល​ចាំចម្ការ​យក​ប្រាក់​ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​តែ​ប៉ុណ្ណោះ ។ ក្រុម​កម្មករ​ទាំងនោះ​បាន​ឲ្យ​ដឹង​ថា កាលពី ថ្ងៃ​ទី​១០ កញ្ញា ឆ្នាំ​២០១៨​កន្លង​មក ខណៈ​ដែល​កម្លាំង​កងរាជអាវុធហត្ថ​ចុះ​មក​ដល់ទី​តាំង​ដីចម្ការ​ភ្លាម បាន​ប្រើប្រាស់​ពាក្យ​សម្តី​គំរាមកំហែង បំភិតបំភ័យ​យ៉ាង​ធ្ងន់​ៗ ដល់​ក្រុម​កម្មករ ដើម្បី​ឲ្យ​ពួក​គេ​ចាកចេញ​ឱ្យ​ផុត​ពី​បរិវេណ​ដី​ទំនាស់​នោះ ។

ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា បន្ទាប់​មក​នៅ​ថ្ងៃ​ទី​១១ កញ្ញា កម្លាំង​កងរាជអាវុធហត្ថ​ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក បាន តុលា ដដែល​បាន​នាំ​គ្នា​ទៅ​ដេញ​ម្តងទៀត ដោយ​បង្ខំ​ពួក​គាត់​សា​ជា​ថ្មី​ទៀត និង​បាន​ប្រាប់​កម្មករ​ចាំចម្ការ​និង​អ្នក​ដែល​អះអាង​ថា​ម្ចាស់​ដី មិន​ឲ្យ​យក​កម្មករ​មក​ស្នាក់​នៅ​ក្នុង​ដីច​ម្ការ​ខាងលើ​ទេ ហើយ​មាន​ស្ត្រី​ម្នាក់​បាន​មក​អះអាង​ថា ជា​ដី​របស់​គាត់​និង​កំពុង​តែ​ដាក់​ពាក្យបណ្តឹង​នៅ​សាលា​ដំបូង ទើប​សមត្ថកិច្ច​កងរាជអាវុធហត្ថ ចុះ​ជួយ​ដេញ​តាម​ការ​ស្នើ​សុំ​របស់​ភាគី​បណ្តឹង និង​អនុវត្ត​ទៅ​តាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ ។

លោក ហង្ស ច​ន្ថ​ន ដែល​អះអាង​ថា​ជា​ដី​របស់​គាត់​ដែរ ដែល​យក​កម្មករ​មក​ចាំចម្ការ​បាន​ឲ្យ​ដឹង​ថា កន្លង​មក​លោក​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​លើ​លោក សុ​ឹ​ម សុខ​រិ​ទ្ធ ប្រធាន​ស្នាក់​ការ​សន្តិសុខ​៤០២ នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ដែល​អះអាង​ថា​ជា​ដី​របស់​ខ្លួន ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ស្វែងរក​យុត្តិធម៌ និង​សុំ​ដីកា​សម្រេច​រក្សា​ការពារ​ដី​ខាងលើ​បាន​ចំនួន​២​លើក​រួច​មក​ហើយ ។

លោក​ថា ដីកា​នេះ​បាន​ហាមឃាត់​រូប​លោក​ដែល​ជា​កូនបំណុល​ឈ្មោះ ស៊ឹ​ម សុខ​រិ​ទ្ធ ភេទ​ប្រុស ជា​មន្ត្រី​កងរាជអាវុធហត្ថ មាន​តួនាទី​ជា​ប្រធាន​ស្នាក់​ការ​សន្តិសុខ​៤០២ មាន​ទីលំនៅ​ស្ថិត​នៅ​ថ្នល់បំបែក ស្រុកស្រែ​អំបិល ភូមិ​ចម្ការ​ហ្វួ​ង ឃុំ​ចម្ការ​ហ្វូង ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ និង​ជា​តតិយជន មិន​ឲ្យ​ផ្ទេរសិទ្ធិ​ធ្វើ​អំណោយ​លក់ដូរ​បញ្ចាំ ឈូស​ឆាយ​កាប់​ដើមឈើ សាងសង់​សំណង់ និង​ធ្វើ​សកម្មភាព​ផ្សេង​ៗ លើ​ទំហំ​ដី​ចំនួន​៥២.៦៣៨​ម៉ែត្រក្រឡា ស្ថិត​នៅ​ក្នុង​តំបន់​អូរ​ខ្សាច់ ភូមិ​៤ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ថែម​ទៀត​ផង ។

ចំណែក​លោក​វរសេនីយ៍ឯក បាន តុលា​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ មិន​បាន​បញ្ជាក់​លម្អិត​ជុំវិញ​ការ​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​យ៉ាងច្រើន ប្រៀប​បាន​ទៅ​នឹង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ទ្រង់ទ្រាយ​ធំ​នោះ​ទេ ដោយ​លោក​គ្រាន់តែ​បញ្ជាក់​យ៉ាង​ខ្លី​ថា លោក​បាន​ធ្វើ​តាម​បញ្ជា​មេ តែបើ​ចង់​សួរនាំ សូម​សួរ​ទៅ​អ្នកនាំពាក្យ​ទៅ ព្រោះ​អង្គភាព​កងរាជអាវុធហត្ថ​មាន​អ្នកនាំពាក្យ ។លោក​ឧត្តមសេនីយ៍ត្រី អេ​ង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ឲ្យ​ដឹង​ថា កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ដែល​ធ្វើ​អន្តរាគមន៍​នៅ​ទីនោះ គឺ​ដើម្បី​រារាំង​មិន​ឲ្យ​គូភាគី​កំពុង​តែ​មាន​ទំនាស់​លើ​ដីធ្លី​ខាងលើ ធ្វើ​សកម្ម​កម្ម​ភាព​អ្វីមួយ​លើ​ដី​ដែល​កំពុង​តែ​មាន​ទំនាស់ ។

ទោះជា​យ៉ាងនេះ​ក្តី លោក យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ​បាន​បញ្ជាក់​ថា ទីតាំង​ដី​នេះ​មាន​លក្ខណៈ​ស្មុគ​ស្មាញ​ណាស់ ព្រោះ​មានការ​កាន់កាប់​ជាន់​គ្នា​ជា​ច្រើ​នាក់ ហើយ​ម្នាក់​ៗ​សុទ្ធតែ​មាន​សំអាង​ហេតុផល​រៀង​ៗ​ខ្លួន ។ លោក​អភិបាលខេត្ត​បាន​ស្នើ​ឲ្យ​ភាគី​ទំនាស់​ទាំងអស់ ត្រូវ​យក​ឯកសារ​របស់​ខ្លួន​មក​តតាំង​គ្នា​តាម​ផ្លូវច្បាប់ ដើម្បី​ចៀសវាង​ការ​ឈ្លោះប្រកែក​គ្នា​និង​បង្ក​ហិង្សា​ផ្សេង​ៗ ឬ​ប្រើ​កម្លាំង​តាម​អំណាច​របស់​ខ្លួន ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ