រាជធានីភ្នំពេញ ៖ ទឹកប្រាក់សរុបចំនួនជាង១៤លានដុល្លារអាមេរិក (១៤.៩២៦.៧១០ដុល្លារ) ត្រូវបានកម្លាំងមនុស្សធម៌ក្នុងប្រទេសកម្ពុជាប្រគល់ជូនដល់កាកបាទក្រហមកម្ពុជាកាលពីថ្ងៃទី៨ ឧសភា នៅក្នុងពិធីរំលឹកខួបទី១៥០ ទិវាពិភពលោកកាកបាទក្រហម-អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៣ ក្រោមប្រធានបទ «១៥០ឆ្នាំនៃសកម្មភាពមនុស្សធម៌» ដែលពិធីនោះបានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងពិធីរំលឹកខួប១៥០ឆ្នាំនៃសកម្មភាពមនុស្សធម៌នោះ សម្តេចចៅហ្វាវាំង គង់ សំអុល ក៏បានឡើងប្រកាសអំពីព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានគោរមងារដ៏ឧត្តុង្គឧត្តមជូនលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។ នេះជាការប្រទានប្រកបដោយមហាកិត្តិយសជូនដល់លោកជំទាវដែលជាស្ត្រីទី១នៃកម្ពុជា និងជាឥស្សរជនដ៏ឆ្នើមថ្នាក់ជាតិដែលបានដឹកនាំសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋដែលមានទុក្ខលំបាក ព្រមទាំងការងារសង្គមជាច្រើនទៀតដោយឆន្ទៈសន្តោសប្រោសប្រណី គ្មានការរើសអើងពណ៌សម្បុរ ឬនិន្នាការនយោបាយ ។
ថ្លែងសុន្ទរកថានៅក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានមានប្រសាសន៍ថា ថ្ងៃនេះកាកបាទក្រហមកម្ពុជាបានប្រារព្ធមិទ្ទិញលើកទី១៥០ ទិវាពិភពលោកកាកបាទក្រហម-អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៣ ក្រោមប្រធានបទ «១៥០ឆ្នាំនៃសកម្មភាពមនុស្សធម៌» ។
ការយកប្រធានបទ ១៥០ឆ្នាំសកម្មភាពមនុស្សធម៌នេះគឺដើម្បីថ្លែងប្រាប់សកលលោកទាំងមូលឱ្យបានដឹងថា ក្នុងអំឡុងពេល១៥០ឆ្នាំកន្លងមកនេះ កម្លាំងអ្នកស្ម័គ្រចិត្តរាប់រយលាននាក់នៅក្នុងចលនាកាកបាទក្រហម-អឌ្ឍចន្ទក្រហមបានផ្តល់នូវសេវាកម្មមនុស្សធម៌យ៉ាងច្រើនឥតគណនា ដើម្បីជួយដល់អ្នករងគ្រោះ និងសហគមន៍ងាយរងគ្រោះទាំងឡាយនៅជុំវិញពិភពលោកបានយ៉ាងទាន់ពេលវេលា និងយ៉ាងមានប្រសិទ្ធភាព ហើយយើងទាំងអស់គ្នាប្តេជ្ញាចិត្តនឹងបន្តនូវបេសកកម្មមនុស្សធម៌ដ៏ឧត្តុង្គឧត្តមរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការជាក់ស្តែងទាំងនៅពេលបច្ចុប្បន្ន និងតទៅអនាគត ដោយប្រកាន់យ៉ាងខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧របស់ចលនាកាកបាទក្រហម-អឌ្ឍចន្ទក្រហម ដែលជាមគ្គុទ្ទេសក៍ដ៏ត្រឹមត្រូវ និងប្រកបដោយគុណតម្លៃឥតគណនាសម្រាប់តម្រង់ទិសសកម្មភាពអនុវត្តន៍បម្រើឱ្យគោលដៅមនុស្សធម៌របស់យើង ។ នៅទូទាំងពិភពលោកនាពេលបច្ចុប្បន្ននេះ យើងកំពុងជួបប្រទះនូវបញ្ហាប្រឈមរាប់រយជំពូក ជាពិសេសគឺការប្រែប្រួលអាកាសធាតុ ការកើនឡើងកម្តៅនៃភពផែនដី ការផ្ទុះឡើងនូវជំងឺឆ្លងដ៏កាចសាហាវផ្សេងៗ វិបត្តិសង្គ្រាមនៅតាមព្រំដែនរវាងប្រទេស និងប្រទេស ជម្លោះរវាងសាសនា និងសាសនា វិបត្តិអាវុធនុយក្លេអ៊ែរ ។ល។ និង ។ល។ បានបន្តកើតមានឡើងឥតឈប់ឈរ និងនៅមិនទាន់មានដំណោះស្រាយជាវិជ្ជមានឱ្យបានសមល្មមគួរជាទីទុកចិត្តបាននៅឡើយទេ ។ កត្តាទាំងអស់នេះគឺជាចំណោទបញ្ហាសម្រាប់ចលនាកាកបាទក្រហម-អឌ្ឍចន្ទក្រហមនៅទូទាំងពិភពលោកដែលត្រូវរួមគ្នាគិតគូរ និងរកដំណោះស្រាយឱ្យបានសមស្រប និងទាន់ពេលវេលាដើម្បីសង្គ្រោះជីវិត និងការពារសេចក្តីថ្លែថ្នូររបស់មនុស្សជាតិ។
ស្របតាមចក្ខុវិស័យរបស់ចលនាកាកបាទក្រហម-អឌ្ឍចន្ទក្រហមអន្តរជាតិ ដែលបានដាក់ចេញនូវប្រធានបទ «១៥០ឆ្នាំនៃសកម្មភាពមនុស្សធម៌» នេះ កាកបាទក្រហមកម្ពុជាបានឈានឆ្ពោះទៅមុខមុនរួចជាស្រេច ។
ទន្ទឹមនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមានប្រសាសន៍បន្តថា ក្នុងនាមគណៈកម្មាធិការកណ្តាល គណៈកម្មាធិការសាខា មន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជានៅទូទាំងប្រទេស ខ្ញុំម្ចាស់សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំទូលថ្វាយពីចម្ងាយនូវព្រះមហាករុណាទិគុណដ៏ជ្រាលជ្រៅបំផុតថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងថ្វាយសម្តេចព្រះមហាក្សត្រីយ៍នរោត្តមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គតែងបានផ្តល់ព្រះរាជូបត្ថម្ភដ៏ថ្លៃថ្លាចំពោះកាកបាទក្រហមកម្ពុជា ។ ក្នុងនោះព្រះករុណា ព្រះមហាក្សត្រជាម្ចាស់ជីវិតលើត្បូង តែងបានប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យចំនួន១.០០០ដុល្លារអាមេរិកជារៀងរាល់ខែ ហើយព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រីយ៍ ព្រះវររាជមាតាជាតិខ្មែរ តែងបានប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យចំនួន៣.០០០ដុល្លារអាមេរិកជារៀងរាល់ត្រីមាសដល់កាកបាទក្រហមកម្ពុជា ។ លើសពីនេះទៅទៀត ព្រះអង្គបានប្រោសព្រះរាជូបត្ថម្ភសម្ភារ និងព្រះរាជទ្រព្យក្នុងឱកាសផ្សេងៗទៀតដូចជា នៅពេលមានគ្រោះមហន្តរាយនានាកើតមានឡើងជាដើម ។ ជាក់ស្តែង នៅក្នុងឱកាសប្រារព្ធខួបទិវាពិភពលោកកាកបាទក្រហម-អឌ្ឍចន្ទក្រហមនាឆ្នាំនេះ ព្រះករុណា ព្រះមហាក្សត្រជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យចំនួន១ម៉ឺនដុល្លារអាមេរិក និងសម្តេចព្រះមហាក្សត្រីយ៍ព្រះវររាជមាតាជាតិខ្មែរ ព្រះរាជូបត្ថម្ភចំនួន១ម៉ឺនដុល្លារ និងអង្ករ១៥តោន ។
ថ្លែងក្នុងឱកាសដ៏អធិកអធមនេះដែរ សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមនាយករដ្ឋមន្ត្រី បានថ្លែងសុន្ទរកថាកត់សម្គាល់ថា ការរំលឹកខួបលើកទី១៥០ ទិវាពិភពលោកកាកបាទក្រហម-អឌ្ឍចន្ទក្រហមដែលបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនាថ្ងៃទី៨ ឧសភា នេះ ត្រូវបានរៀបចំក្នុងគោលដៅរួមចំណែកលើកទឹកចិត្តខ្ពស់ដល់កិច្ចប្រតិបត្តិការ និងការអនុវត្តការងារនៅក្នុងបុព្វហេតុមនុស្សធម៌ ពិសេសការជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាជនដែលទទួលរងគ្រោះមហន្តរាយនានា និងកំពុងត្រូវការនូវជំនួយសង្គ្រោះបន្ទាន់ ។ ការប្រារព្ធពិធីមិទ្ទិញនាពេលនេះក៏បានបង្ហាញឱ្យប្រជាជនកម្ពុជាគ្រប់ៗរូបបានយល់ និងជ្រួតជ្រាបកាន់តែច្បាស់ផងដែរ ពីសកម្មភាពមនុស្សធម៌ និងបញ្ហាប្រឈម ជាសកលនានាដែលជាក្ដីកង្វល់រួមរបស់ចលនាកាកបាទក្រហម-អឌ្ឍចន្ទក្រហម ដើម្បីរួមគ្នាបន្តគិតគូរ និងរកដំណោះស្រាយសម្រាប់សង្គ្រោះជនរងគ្រោះឱ្យបានទាន់ពេលវេលា និងកាន់តែមានប្រសិទ្ធភាពខ្ពស់ ។ ជាការពិត ការប្រារព្ធទិវានេះក៏តែងបានទាញអារម្មណ៍ និងស្មារតីរបស់មនុស្សជាតិ ឱ្យយកចិត្តទុកដាក់កាន់តែខ្លាំងលើការងារមនុស្សធម៌ផងដែរ ។ ជារួម កិច្ចការសង្គ្រោះជនរងគ្រោះគឺជាការរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការដោះស្រាយបាននូវទុក្ខលំបាកមួយចំនួនរបស់ប្រជាជន និងការកាត់បន្ថយនូវអត្រាក្រីក្ររបស់ប្រជាជន ។
សម្តេចតេជោ មានប្រសាសន៍បន្តទៀតថា នៅដើមឆ្នាំ២០១៣នេះ ព្រះរាជាណាចក្រកម្ពុជាបានជួបនឹងគ្រោះធម្មជាតិអាក្រក់ដោយបានទទួលរងនូវផលប៉ះពាល់ពីបាតុភូតខ្យល់កន្ត្រាក់ ធ្វើឱ្យផ្ទះចំនួន២.៧១៤ខ្នងត្រូវខូចខាត ។ នៅក្នុងនោះ ផ្ទះរលំទាំងស្រុងមានចំនួន៥៦៦ខ្នង ផ្ទះខូចខាតដោយអន្លើមានចំនួន២.១៤៨ខ្នង មានមនុស្សស្លាប់១២នាក់ និងរបួស២៦នាក់ ។ ក្នុងប្រតិបត្តិការជួយសង្គ្រោះ កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយសង្គ្រោះបន្ទាន់ជូនដល់គ្រួសាររងគ្រោះក៏ដូចជាជនរងគ្រោះមានដូចជា សម្ភារប្រើប្រាស់ ស្បៀងអាហារ ថ្នាំសង្កូវ និងគ្រឿងឧបភោគ បរិភោគ ដែលជំនួយឧបត្ថម្ភទាំងអស់នេះ តែងបានបំពេញតាមតម្រូវការជាក់ស្តែង ។ ជាការពិតក្នុងគ្រាអាសន្ន ការជួយនេះមានសារសំខាន់ណាស់ ទោះជាអំបិលមួយគ្រាប់ ឬអង្ករមួយក្តាប់ក៏ដោយ សុទ្ធតែមានតម្លៃយ៉ាងធំធេង ក្នុងការជួយសង្គ្រោះអាយុជីវិតមនុស្សឱ្យផុតពីគ្រោះកាចការខ្វះខាត និងជំងឺតម្កាត់នានា ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា ក្នុងន័យនេះដែរ ខ្ញុំជឿជាក់ថា កាកបាទក្រហមកម្ពុជា ដែលជាអង្គការសមាគមជាតិមួយនាំមុខគេក្នុងវិស័យមនុស្សធម៌ ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានប្រកបដោយការទទួលខុសត្រូវខ្ពស់ មានសមត្ថភាពក្នុងការចាត់ចែងគ្រប់គ្រង និងប្រើប្រាស់ធនធានហិរញ្ញវត្ថុប្រកបដោយតម្លាភាពនោះនឹងបន្តពង្រឹងតួនាទីរបស់ខ្លួនបន្ថែមទៀត ក្នុងនាមជាជំនួយការដ៏សំខាន់ឱ្យរាជរដ្ឋាភិបាលលើការងារមនុស្សធម៌នេះ ដើម្បីរួមចំណែកសម្រាលទុក្ខលំបាកទាំងឡាយថ្មីៗទៀត សម្រាប់ជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនយើង ។ ខ្ញុំក៏ជឿជាក់ថា កាកបាទក្រហមកម្ពុជានឹងទទួលបានការគាំទ្របន្ថែមទៀតពីស្ថាប័នជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍន៍ សប្បុរសជនជាតិ-អន្តរជាតិទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាប្រជាជនកម្ពុជានៅទូទាំងប្រទេសតទៅថ្ងៃមុខទៀតផងដែរ ។ ជាមួយគ្នានេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមកោតសរសើរ និងសូមគាំទ្របន្ថែមទៀតចំពោះគ្រប់សកម្មភាពរបស់កាកបាទក្រហមកម្ពុជា ក្នុងនោះរួមមានការបញ្ចូលនិងបង្កើនកម្លាំងយុវជនកាកបាទក្រហមកម្ពុជា នៅតាមគ្រឹះស្ថានសិក្សាដើម្បីឱ្យយុវជនកាកបាទក្រហមកម្ពុជាយើងបង្កើនសកម្មភាពចម្រុះវិស័យបន្ថែមទៀត ក្នុងនាមជាភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបថនៅក្នុងសហគមន៍ តាមរយៈយុទ្ធវិធីមិត្តអប់រំមិត្ត នៅតាមគ្រឹះស្ថានសិក្សា និងកន្លែងការងាររបស់ខ្លួន ព្រមទាំងការបន្តបំផុសកម្លាំងយុវជននៅតាមសហគមន៍របស់ខ្លួនផងដែរ ។ ជាក់ស្តែង យុវជនកាកបាទក្រហមកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ដើម្បីឆ្លើយតបទៅនឹងភាពងាយរងគ្រោះថ្មីនៅកម្ពុជា តាមរយៈការលើកកម្ពស់ការយល់ដឹងទូទៅពីវិធានការជាអាទិភាព ក្នុងការធ្វើដំណើរតាមយានយន្តដើម្បីសុវត្ថិភាពចរាចរណ៍តាមផ្លូវគោក ។ ក្នុងស្មារតីនេះ ខ្ញុំសូមឧទ្ទិសទិវាពិភពលោកកាកបាទក្រហម-អឌ្ឍចន្ទក្រហមខួបទី១៥០ ក្រោមប្រធានបទ១៥០ឆ្នាំ នៃសកម្មភាពមនុស្សធម៌នេះ សូមក្លាយជាយន្តការបន្តលើកកម្ពស់ស្មារតីយុវជនកម្លាំងស្ម័គ្រចិត្តឱ្យនាំគ្នាខិតខំបន្ថែមទៀតដោយពុះពារលើបញ្ហាប្រឈមជាសកលផ្តល់ការអប់រំ ការជួយសង្គ្រោះ ។
ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ បានផ្តល់អនុសាសន៍មួយចំនួនដល់កាកបាទក្រហមកម្ពុជា ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្តរួមគ្នាលើកកម្ពស់ការងារមនុស្សធម៌ ក្នុងនោះរួមមាន ៖
១-កាកបាទក្រហមកម្ពុជា និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវរួមសហការគ្នាឱ្យបានល្អជាមួយក្រសួង-ស្ថាប័ន អង្គភាព មន្ទីររដ្ឋបាលពាក់ព័ន្ធថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីត្រៀមលក្ខណៈក្នុងការឆ្លើយតបជាបន្ទាន់ទៅនឹងសេចក្តីត្រូវការបន្ទាន់របស់ប្រជាជនយើង នៅពេលមានគ្រោះមហន្តរាយធម្មជាតិ និងគ្រោះថ្នាក់ដោយប្រការផ្សេងៗកើតឡើងជាយថាហេតុនោះ ។
២-ក្រសួងធនធានទឹក និងឧតុនិយមត្រូវផ្តល់សេចក្តីជូនដំណឹងអំពីការប្រែប្រួលអាកាសធាតុ ដែលជាហេតុបង្កឱ្យមានខ្យល់ព្យុះ រន្ទះបាញ់ គ្រោះទឹកជំនន់ គ្រោះរាំងស្ងួតដែលនឹងកើតឡើង ដើម្បីឱ្យកាកបាទក្រហមកម្ពុជា និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធដទៃទៀតអាចប៉ាន់ស្មានទុកជាមុនក្នុងការត្រៀមលក្ខណៈជួយសង្គ្រោះឱ្យបានទាន់ពេលវេលា ។
៣-កាកបាទក្រហមកម្ពុជាត្រូវបន្តពង្រឹង និងពង្រីកកម្លាំងយុវជន និងអ្នកស្ម័គ្រចិត្តឱ្យបានច្រើនថែមទៀត និងត្រូវបង្កើនការបណ្តុះបណ្តាលផ្នែកចំណេះដឹង និងជំនាញផ្សេងៗដល់ពួកគេក្នុងការធ្វើជាកម្លាំងឈានមុខ និងធ្វើជាធនធានដ៏រឹងមាំ ប្រកបដោយសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមចំណែកបម្រើសកម្មភាពមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា ស្របតាមពាក្យស្លោកលើកថា «យុវជន និងអ្នកស្ម័គ្រចិត្ត គឺជាឆ្អឹងខ្នងរបស់ចលនាកាកបាទក្រហម-អឌ្ឍចន្ទក្រហម» នោះ ។ ក្នុងការអនុវត្តនូវស្មារតីនេះ យើងនឹងអាចឆ្លើយតបទៅនឹងការពង្រឹងសហគមន៍ឱ្យធន់ទៅនឹងគ្រោះមហន្តរាយ លើកកម្ពស់សេវាសុខភាពជូនប្រជាជននៅជនបទ និងកសាងវប្បធម៌អហិង្សា និងសន្តិភាព ។ នេះជាលក្ខណៈពិសេសរបស់យុវជន ដែលបានធ្វើឱ្យយុវជននៅគ្រប់សម័យកាល ក្លាយជាកម្លាំងដ៏ស្រួចស្រាល់ ជាធនធានដ៏មានតម្លៃមិនចេះរីងស្ងួត និងមិនអាចខ្វះបានឡើយក្នុងចលនាមនុស្សធម៌របស់កាកបាទក្រហម-អឌ្ឍចន្ទក្រហម ។ ចំពោះមុខនេះ ខ្ញុំសូមស្នើដល់កាកបាទក្រហមកម្ពុជាត្រូវបន្តពង្រឹង និងយកចិត្តទុកដាក់ទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ ទៅតាមយុទ្ធសាស្ត្រសូន្យបី គឺសូន-ការមិនចម្លងពីម្តាយទៅកូន សូន-ការស្លាប់ដោយមេរោគអេដស៍ សូន-ការមិនរើសអើង ។ ក្នុងនោះត្រូវបន្តពង្រីកលទ្ធភាពនៃការអនុវត្តការងារមនុស្សធម៌របស់ខ្លួន ។
៤-ក្រសួងមហាផ្ទៃ ជាពិសេសអង្គភាពរថយន្តពន្លត់អគ្គិភ័យត្រូវប្រុងប្រៀប និងត្រៀមលក្ខណៈជានិច្ចក្នុងការជួយសង្គ្រោះដល់ប្រជាជននៅពេលមានគ្រោះអគ្គិភ័យកើតឡើង ។ ទន្ទឹមនេះ យើងត្រូវរួមគ្នាអនុវត្តទិសស្លោក «ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍» កើតឡើងជាដាច់ខាតផងដែរ។
៥-យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា តាមរយៈចលនាមិត្តអប់រំមិត្តដ៏សកម្មផុសផុលនោះ ត្រូវរួមគ្នាជួយទប់ស្កាត់នូវការផលិត ការចែកចាយ ការប្រើប្រាស់គ្រឿងញៀន ការរំលោភ ការជួញដូរស្ត្រី និងកុមារ និងអំពើហិង្សានានា ដែលជាបញ្ហាសង្គម និងការធ្វើឱ្យបាត់បង់នូវសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ។ ទន្ទឹមនេះ អាជ្ញាធរដែនដីត្រូវបន្តពង្រឹងការអនុវត្តភូមិ-ឃុំមានសុវត្ថិភាព ធ្វើឱ្យបានសកម្មក្នុងការលុបបំបាត់គ្រឿងញៀន ល្បែងស៊ីសង ក្រុមក្មេងទំនើង ដែលជាទង្វើនាំឱ្យកើតមានអំពើហិង្សាក្នុងគ្រួសារ ដែលនាំមកនូវភាពក្រីក្រ បាត់បង់សេចក្តីថ្លៃថ្នូររបស់មនុស្ស និងអំពើអសីលធម៌ ហើយកិច្ចការនេះ គឺជាការរួមចំណែកដល់ការងារមនុស្សធម៌ផងដែរ ៕
ចែករំលែកព័តមាននេះ