ខេត្តបាត់ដំបង ៖ ក្នុងដំណើរទស្សនកិច្ចសិក្សានៅវរសេនាតូចថ្មើរជើងលេខ៥១៤ តាមខ្សែបន្ទាត់ព្រំដែន ចំណុះកងពលតូចលេខ៥១ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ មេបញ្ជាការរងតំបន់ទី១ បានអញ្ជើញជាអធិបតីក្នុងពិធីទស្សនកិច្ចសិក្សា ស្តីពីការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ នៅកងអនុសេនាធំទី១ វរសេនាតូចថ្មើរជើងលេខ៥១៤ ចំណុះកងពលតូចថ្មើរជើងលេខ៥១ ស្ថិតក្នុងភូមិថ្មដែកកែស ឃុំបន្ទាយឆ្មារ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី ជុំ ស៊ីថា មេបញ្ជាការរងកងពលតូចថ្មើរជើងលេង៥១ផងដែរ។
បន្ទាប់ពីប្រតិភូអញ្ជើញចុះត្រួតពិនិត្យជាក់ស្តែងតាមបណ្តាគោលដៅនានាក្នុងកងអនុសេនាធំទី១ វរសេនាតូចថ្មើរជើងលខ៥១៤ រួចមកគណៈអធិបតី និងប្រតិភូក៏បានចូលរួមមតិវាយតម្លៃនូវចំណុចវិជ្ជមាន និងអវិជ្ជមានដែលអង្គភាពទាំងមូលធ្វើបាន។ ក្នុងនោះសរុបវាយតម្លៃក្នុងអង្គពិធីជាបឋមអស់លោក មេបញ្ជាការតាមបណ្តអង្គភាពផ្សេងៗ ជាអធិបតីបានធ្វើការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមាន នៃការអញ្ជើញចូលរួមដ៏កុះករពីសំណាក់អស់លោកពីគ្រប់បណ្តាអង្គភាពជិតឆ្ងាយទាំងអស់ ដែលបានចូលរួមធ្វើទស្សនកិច្ចសិក្សាដើម្បីចែករំលែកបទពិសោធន៍រកការរីកចម្រើនផ្លាស់ប្តូរពីគ្នាទៅវិញទៅមកផងដែរ។
ចំពោះអង្គភាពវរសេនាតូចលេខ១ នាពេលនោះលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ បានថ្លែងការកោតសរសើរ ដោយសារជាក់ស្តែងឃើញថា មានការវិវឌ្ឍន៍ឈានឡើងច្រើន បើប្រៀបធៀបទៅនឹងរយ:ពេល៣ឆ្នាំមុន(២០១៥) កន្លងមកនេះតាមទិសដៅលោកឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ តែងតែដាស់តឿនជាប្រចាំ សំខាន់ការធានាជីវភាពកងទ័ព កសាងជំរុំជម្រកស្នាក់នៅ កសាងទីបញ្ជាការសម្រាប់ការងារក្នុងអង្គភាពបន្ថែមទៀតបានយ៉ាងល្អប្រសើរ។
លោកឧត្តមសេនីយ៍ទោ បានបន្តទៀតថា នេះសបញ្ជាក់ពីប្រសិទ្ធភាពនៃការដឹកនាំរបស់ថ្នាក់ដឹកនាំរបស់មេបញ្ជាការអង្គភាពគ្រប់ថ្នាក់ មានការសាមគ្គី ឯកភាពផ្ទៃក្នុងល្អ និងដោយអាស្រ័យមានការចូលរួមដ៏សស្រាក់សស្រាំពីនាយ-ពលទាហានគ្រប់ៗរូប និងដោយអាស្រ័យលើការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការកងពលពលតូចថ្មើរជើងលេខ៥១ ជួយជំរុញផងដែរ។
តាមរយៈនេះដែរលោកឧត្តមសេនីយ៍ទោ បានជំរុញនឹងធ្វើការផ្តាំផ្ញើដល់អង្គពិធីទាំងមូល ជាពិសេសអង្គភាពកងអនុសេនាធំទី១ វរសេនាតូចថ្មើរជើង លេខ៥១៤ ត្រូវបន្តអនុវត្តការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ ដូចដែលមានចែងនៅក្នុង ផែនការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យរបស់យោធភូមិភាគទី៥ ទាំង៤ខ្លឺមសារ ដោយស្មារតី ទទួលខុសត្រូវខ្ពស់ ស្មារតីច្នៃប្រឌិតគំនិតផ្តើមតទៅមុខទៀតឲ្យដូចភ្លៀងរលឹម។
ព្រមជាមួយនេះ លោកឧត្តមសេនីយ៍ទោ ក៏បានក្រើនរំលឹកគ្រប់អង្គភាពអនុវត្តឲ្យរឹងមាំភារកិច្ចនៃកងយោធពលខេមរភូមិន្ទ ការពារជាតិបូរណភាពទឹកដីការពាររដ្ឋធម្មនុញ្ញការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសុខសន្តិភាព ស្ថិរភាពសង្គមជាតិកម្ពុជានៃយើងឲ្យបានដាច់ខាត ទោះជាតម្លៃណាក៏ដោយ៕
ចែករំលែកព័តមាននេះ