រាជធានីភ្នំពេញ ៖ នាយកណ្ដុរ និងនាយពាង ដែលជាអ្នកកំប្លែងលេចឮថា បានស្លាប់កាលពីថ្ងៃទី៧ ឧសភា ប៉ុន្ដែមិនដឹងមូលហេតុច្បាស់ទេ ។ ការស្លាប់របស់អ្នកកំប្លែងទាំង២នាក់ភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីមិត្ដស្និទ្ធស្នាលបង្ហោះរូបនាយកណ្ដុរ និងនាយពាងដេកស្លាប់ និងមានគ្របក្រណាត់ស ។ តើអ្នកកំប្លែងទាំងពីរនាក់នោះពិតជាស្លាប់មែនឬ?
ចង់ដឹងរឿងនោះពិត ឬយ៉ាងណា ភ្នាក់ងារកោះសន្ដិភាពបានទាក់ទងទៅមិត្ដរបស់នាយកណ្ដុរ ហើយគេប្រាប់ថា នាយកណ្ដុរ និងនាយពាងពិតជាស្លាប់មែន តែស្លាប់នៅក្នុងសាច់រឿងភាពយន្ដ ។ ចំណែកនាយកណ្ដុរផ្ទាល់បានបញ្ជាក់តាមទូរស័ព្ទថា ចំពោះរឿងដែលមានគេនិយាយថា នាយ និងនាយពាងស្លាប់បាត់បង់ជីវិតនោះវាមិនមែនជាការពិតទេ ។ ចំពោះរូបភាពដែលមិត្ដរបស់នាយបង្ហោះក្នុងហ្វេសប៊ុកនោះ គ្រាន់តែជាការស្លាប់នៅក្នុងខ្សែភាពយន្ដរឿង «ព្រាយខ្លា» ប៉ុណ្ណោះ ។ ពេលនេះនាយ និងនាយពាងកំពុងតែស្ថិតនៅលើភ្នំមួយនៃខេត្ដកំពង់ឆ្នាំង ដើម្បីថតរឿងនោះ ។
នាយកណ្ដុរប្រាប់ថា បន្ទាប់ពីមិត្ដរបស់នាយបង្ហោះរូបភាពនាយ និងនាយពាងស្លាប់ ស្រាប់តែមានគេទូរស័ព្ទសួរនាយ ធ្វើឱ្យនាយអស់សំណើច ។ នាយបានប្រាប់ការពិតទៅគេ ។ ទោះជាយ៉ាងណាក្ដី នៅតែមានមនុស្សជាច្រើនទូរស័ព្ទសួរនាយទៀត ។
អ្នកកំប្លែងរូបនេះរៀបរាប់ទៀតថា ពីដំបូងនាយគិតថា រឿងនេះជារឿងធម្មតាទេ តែនៅពេលមានគេសួរច្រើនពេក នាយ និងនាយពាងបានបើកមើលរូបភាពនោះ ហើយមានអារម្មណ៍ថា រូបរបស់នាយ និងនាយពាងគួរឱ្យខ្លាចណាស់ គឺហាក់បីដូចជាស្លាប់មែនទែន សូម្បីតែខ្លួននាយក៏មានអារម្មណ៍ថាខ្លាចណាស់ដែរ ។
ជំនួសមុខឱ្យនាយពាង នាយកណ្ដុរបញ្ជាក់ថា ពួកគេមិនបានស្លាប់ទេ ហើយសូមមហាជនកុំមានការយល់ច្រឡំ នោះគ្រាន់តែជាឈុតសម្ដែងមួយ ដែលតម្រូវឱ្យនាយ និងនាយពាងជាអ្នកកាប់ឈើត្រូវព្រាយខ្លាខាំស្លាប់ប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ