ខេត្តមណ្ឌលគិរី ៖ មន្ត្រីជំនាញបរិស្ថានខេត្តមណ្ឌលគិរី បានស្នើរដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ដែនជម្រកនានាក្នុងខេត្តត្រូវចូលរួមទប់ស្កាត់ការបរបា.ញ់ និងដាក់អន្ទក់សត្វព្រៃ ដើម្បីធានាបាននូវនិរន្តរ៍ភាពធនធានធម្មជាតិ ខណៈថ្មីៗនេះ ក្រុមការងារទើបបង្ក្រាបបានសំណាកសាច់សត្វទន្សោងព្រៃ និងវត្ថុតាំងមួយចំនួន នៅស្រុកកោះញែក ។

លោក ហាក់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឲ្យដឹងថា ដោយមានការសម្របសម្រួលពីលោកឈាវ ងីឈាន់ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារចល័តនៃមន្ទីរបរិស្ថានខេត្ដ និងមានសហការជាមួយស្នាក់ការត្រពាំងត្រាច កម្លាំងអធិការដ្ឋាននគរបាល ស្រុកកោះញែក និងអាជ្ញាធរភូមិឃុំស្រែហ៊ុយ ដឹកនាំដោយលោក ស៊ុយ វាត ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ប្រចាំស្រុកកោះញែក បានចុះឆែកឆេរលំនៅដ្ឋាន ឈ្មោះ ឈើន តាលាវ ភេទប្រុស ដែលមានទីលំនៅត្រង់ចំណុចនិយាមកា ៧២៣៩៧៨,១៤៤៦៤០៨ ស្ថិតនៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក រកឃើញវត្ថុតាងល្មើសរួមមានៈ ១,សាច់ទន្សោងចំនួន៣១គីឡូក្រាម ។ ២,ជញ្ជីងថ្លឹងសាច់ ចំនួន៣ជញ្ជីង។ ៣,អន្ទាក់ខ្សែគោ ចំនួន១ខ្សែ។ ៤,អន្ទាក់ខ្សែកាប ចំនួន៦០ខ្សែ។ ៥,រណាយន្ត ចំនួន១គ្រឿង។ ៦,ទូរសព្ទដៃ ម៉ាកvivoចំនួន១គ្រឿង។

ក្នុងប្រតិបត្តិការនោះ ឈ្មោះ ឈើន តាលាវ ដែលត្រូវជាម្ចាស់ផ្ទះខាងលើ បានរត់គេចខ្លួនបាត់ ។ ចំណែកវត្ថុតាងទាំងអស់ខាងលើ បានយកទៅរក្សាទុកនៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ។
លោក ហាក់ វិបុល ក្នុងនាមជាមន្ត្រីជំនាញបរិស្ថាន បានទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួម ដើម្បីបញ្ឈប់ការបរបាញ់សត្វព្រៃ ការដាក់អន្ទាក់សត្វព្រៃ បញ្ឈប់ការបរិភោគសាច់សត្វព្រៃ ការប្រើប្រាស់ផលិតផលពីសត្វព្រៃ ការជួញដូរសត្វព្រៃគ្រប់ប្រភេទ ហើយមកចូលរួមការពារ និងថែរក្សាធនធានធម្មជាតិរបស់កម្ពុជាឲ្យនៅស្ថិតស្ថេរសម្រាប់អនាគតយើង និងកូនចៅយើងទាំងអស់ ។

សកម្មភាពទាំងនេះ នឹងជួយការពារទាំងសុខភាព សុខមាលភាពរបស់មនុស្ស និងសត្វ ជីវចម្រុះ ព្រមបរិស្ថានទាំងអស់ដែលនៅជុំវិញយើង ក៏ដូចជា ចូលរួមទប់ស្កាត់ ហានិភ័យនៃការបាត់បង់ជីវៈចម្រុះ និងការប្រែប្រួលអាកាសធាតុជាដើម ។ ដើម្បីអនាគតមនុស្សជាតិ យើងត្រូវរួមគ្នាការពារ និងអភិរក្សធនធានធម្មជាតិ ៕





ចែករំលែកព័តមាននេះ