ទីក្រុងប៉េកាំង ៖ អតិរេក(ផលលើស)ពាណិជ្ជកម្មរបស់ប្រទេសចិនជាមួយសហរដ្ឋអាមេរិកបានកើនឡើងដល់កម្រិតកំពូលកាលពីខែសីហា ខណៈដែលការលូតលាស់នៃការនាំចេញរបស់ចិនធ្លាក់ចុះតែបន្តិចប៉ុណ្ណោះ ។
ទិន្នន័យដែលចេញកាលពីថ្ងៃសៅរ៍បានបង្ហាញថា ប្រទេសចិនមានអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកប្រមាណ៣១,០៥ប៊ីលានដុល្លារកាលពីខែសីហា ច្រើនជាងខែកក្កដាដែលស្មើតែ២៨,០៩ប៊ីលានដុល្លារប៉ុណ្ណោះ ។
ក្នុងរយៈពេល៨ខែដំបូងនាឆ្នាំនេះ អតិរេកពាណិជ្ជកម្មរបស់ប្រទេសចិនជាមួយសហរដ្ឋអាមេរិកដែលជាទីផ្សារនាំចេញធំជាងគេរបស់ខ្លួនបានកើនឡើងជិត១៥%ឯណោះ ដែលបង្កើនភាពតានតឹងនៃទំនាក់ទំនងពាណិជ្ជ កម្មរវាងសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក ។
ការលូតលាស់នៃការនាំចេញប្រចាំឆ្នាំរបស់ប្រទេសចិនកាលពីខែសីហា បានធ្លាក់ចុះបន្តិចមកស្មើ ៩,៨% ដែលជាអត្រាទាបជាងគេតាំងពីខែមីនាមក ។ បើទោះជាពន្ធអាមេរិកលើផលិតផលចិនប្រមាណ៥០ប៊ីលានដុល្លារកំពុងមានប្រសិទ្ធភាពនៅខែដំបូងពិតមែនក្តី តែការនាំចេញរបស់ចិនទៅកាន់សហរដ្ឋអាមេរិកនៅតែកើនឡើងដដែល ដែលខ្ពស់ជាងឆ្នាំមុនដល់ទៅ១៣,២% ។
លោក Zhang Yi សេដ្ឋវិទូនៅក្រុមហ៊ុន Zhonghai Shengrong Capital Management បាននិយាយថា ផលប៉ះពាល់ពីពន្ធអាមេរិកលើការនាំចេញរបស់ចិននៅមានកម្រិតនៅឡើយក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀត ។ ការនាំចូលពីសហរដ្ឋអាមេរិកកើនឡើងតែ២,៧%ប៉ុណ្ណោះកាលពីខែសីហា ទាបជាងខែកក្កដាដែលកើនឡើងបាន១១,១% ។
គួរបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិកបានរិះគន់ពីអតិរេកពាណិជ្ជកម្មរបស់ប្រទេសចិនជាមួយខ្លួនយូរមកហើយ និងបានទាមទារឲ្យប្រទេសចិនកាត់បន្ថយចំនួននេះ ។
យ៉ាងណាក្តី ភាពខ្វែងគំនិតគ្នារវាងប្រទេសមហាអំណាចទាំងពីរស្មុគស្មាញជាងលំនឹងភាពពាណិជ្ជកម្មទៅទៀត ខណៈដែលនៅមានភាពតានតឹងទាក់ទិននឹងការទប់ស្កាត់សហគ្រាសអាមេរិកមិនឲ្យចូលទីផ្សារចិន, ការការពារកម្មសិទ្ធិបញ្ញា និងការផ្ទេរបច្ចេកវិទ្យា និងការវិនិយោគជាដើម ៕
ចែករំលែកព័តមាននេះ