ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​ទឹកធ្លាក់​ជ្រាវ នឹង​ក្លាយជា​ផលិតផល​ថ្មី​សម្រាប់​វិស័យ​ទេសចរណ៍

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍​កំពុង​ខិតខំ​ប្រឹងប្រែង​ស្វែងរក និង​បង្កើត​ផលិត​ផល​ថ្មី​ៗ​បន្ថែម​ទៀត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​កម្សាន្ដ​។ ក្នុង​នោះ តំបន់​ទឹកធ្លាក់​ជ្រាវ ស្ថិត​ក្នុងស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ កំពុង​ត្រូវ​បាន​ក្រសួងទេសចរណ៍…

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍​កំពុង​ខិតខំ​ប្រឹងប្រែង​ស្វែងរក និង​បង្កើត​ផលិត​ផល​ថ្មី​ៗ​បន្ថែម​ទៀត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​កម្សាន្ដ​។ ក្នុង​នោះ តំបន់​ទឹកធ្លាក់​ជ្រាវ ស្ថិត​ក្នុងស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ កំពុង​ត្រូវ​បាន​ក្រសួងទេសចរណ៍ គ្រោង​នឹង​អភិវឌ្ឍន៍​ឲ្យ​ក្លាយជា​គោលដៅ​ថ្មី​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​កម្សាន្ដ ។ នេះ​បើ​តាម​ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍ នៃ​ក្រសួងទេសចរណ៍​បាន​លើក​ឡើង ។

លោក ជុក ជំនោរ ប្រធាន​នាយកដ្ឋាន​រូប​នេះ បាន​ថ្លែង​ថា ទឹកធ្លាក់​ជ្រាវ​នៅ​តំបន់​ភ្នំ​ឱ​រ៉ា​ល់​ក្នុង​ខេត្តកំពង់ស្ពឺ​នេះ ជា​តំបន់​រមណីយដ្ឋាន​ដែល​មាន​សក្តានុពល​ធំធេង​ណាស់ ព្រោះ​វា​ស្ថិត​ក្នុង​តំបន់​ភ្នំ​ឱ​រ៉ា​ល់​ដែល​ប្រមូលផ្តុំ​ដោយ​សហគមន៍​ទេសចរណ៍ អេកូ​ទេសចរណ៍ ទេស​ចរណ៍​ផ្សងព្រេង ហើយ​អ្វី​ដែល​អស្ចារ្យ​ខ្លាំង​នោះ តំបន់​នេះ មាន​ទឹកធ្លាក់់​ពីលើ​ភ្នំ​រហូត​​ដល់​៧​ទៅ​៨​ជាន់ ដែល​មាន​ភាព​ទាក់ទាញ​ខ្លាំង​សម្រាប់​អ្នកទេសចរ ខណៈ​ដែល​ធនធានធម្មជាតិ​នៅ​ទីនោះ ក៏​គួរ​ឲ្យ​ចាបអារម្មណ៍​ដល់​ភ្ញៀវ​ទេសចរ​គ្រួសារ និង​ទេសចរ​បែប​ផ្សងព្រេង​ផង​ដែរ ។

លោក​បាន​អះអាង​ថា ៖« បន្ទាប់​ពី​បាន​ស្រាវជ្រាវ និង​ពិនិត្យ​មើល​គ្រប់​ជ្រុងជ្រោយ​នៃ​តំបន់​ទឹកធ្លាក់​ជ្រាវ​នៅ​ជួរ​ភ្នំ​ឱ​រ៉ា​ល់​នោះ ក្រុម​មន្ត្រី​ជំនាញ​បាន​វាយតម្លៃ​ថា តំបន់​នេះ​មាន​សក្ដានុពល​ធំធេង​ណាស់ មិន​អាច​កាត់ថ្លៃ​បាន​ទេ ហើយ​គប្បី​រៀបចំ​តំបន់​នេះ​ឲ្យ​ក្លាយជា​ផលិតផល​ទេសចរណ៍​ថ្មី ខណៈ​ដែល​យើង​រំពឹង​ថា បន្ទាប់​ពី​រៀបចំ​រួចរាល់​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​គ្រប់​ផ្នែក​នោះ ភ្ញៀវ​ទេសចរ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នឹង​ទៅ​សម្រាក​កម្សាន្ត​នៅ​ទី​នោះ »​។

លោក​ប្រធាន​នាយកដ្ឋាន​បាន​រៀបរាប់​ថា តំបន់​ទឹកធ្លាក់​ជ្រាវ​នេះ ក្រៅពី​មាន​ទឹកធ្លាក់​ច្រើន​ជាន់​គ្រប់​រដូវ​កាល​ហើយ​នោះ ក៏​មាន​ធន​ធម្មជាតិ សម្បូរ​បែប រួម​ទាំង​កន្លែង​សម្រាក​​កម្សាន្ត​តាម​ថ្នាក់​ទឹកធ្លាក់​នីមួយ​ៗ ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំង​ណាស់ ដែល​ជា​កត្តា​សំខាន់​សម្រាប់​អ្នកទេសចរ​ស្រឡាញ់​ធម្មជាតិ និង​ទេសចរ​បែប​ផ្សងព្រេង ។ លោក​ថា ៖« ភ្ញៀវ​អាច​ទៅ​កម្សាន្ត​នៅ​ទីនោះ ពេល​ណា រដូវ​ណា​ក៏​បាន​ដែរ មិន​ថា រដូវប្រាំង​ឬ​វស្សា​នោះ​ទេ »​។

លោក​បញ្ជាក់​ថា បន្ទាប់​ពី​បាន​ចុះ​ដល់ ទីតាំង​ទឹកធ្លាក់​សំខាន់​ៗ និង​បាន​ជួប​សំណេះ សំ​ណា​ល ជាមួយ​ប្រធាន​សហគមន៍ ប្រជា ពលរដ្ឋ​ដែល​ជា​អ្នក​ផ្តល់​សេវា​ជូន​ភ្ញៀវ​ទេសចរ រួម​ទាំង​បងប្អូន ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​កម្សាន្ដ​នៅ​ទីនោះ លោក​ក៏​បាន​ជំរុញ​ឲ្យ​សហ​គមន៍​ខិតខំ​បន្ត​ទៀត​ក្នុង​ការ​រៀបចំ​សម្បទា​ទ្រទ្រង់​ក្នុង​សហគមន៍ និង​យកចិត្តទុកដាក់​ឲ្យ​បាន​ហ្មត់ចត់​លើ​បញ្ហា​បរិស្ថាន អនាម័យ និង​សុវត្ថិភាព​ភ្ញៀវ ។

លោក​បញ្ជាក់​បន្ថែម​ថា ៖« ក្រុមការងារ​ជំនាញ នឹង​ជួយ​ពង្រឹង​ដំណើរការ​សហគមន៍​តាម​រយៈ​ការ​បណ្តុះបណ្តាល ការ​ចងក្រង​ឯកសារ​សក្តានុពល ការ​រៀបចំ​ផែនទី​ទេសចរណ៍ និង​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ទៅ​ដល់​ភ្ញៀវ​ទេសចរ ផ្នែក​ឯកជន និង​បងប្អូន​ប្រជាពលរដ្ឋ ឲ្យ​បាន​ស្គាល់​កាន់តែ​ច្បាស់​ពី​តំបន់​នេះ »​។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក​បណ្ឌិត ថោ​ង ខុន បាន​ថ្លែង​ថា ដើម្បី​ពង្រឹង និង​លើកកម្ពស់​គុណភាព​ទេសចរណ៍ កម្ពុជា​ចាំបាច់​ត្រូវ​អភិវឌ្ឍន៍ ផលិតផល​ទេសចរណ៍​កម្ពុជា​ប្រកបដោយ​គុណភាព និង​សម្បូរ​ណ៍​បែប ពិសេស​អភិវឌ្ឍន៍​កម្ពុជា​ឲ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍​ស្អាត និង​បៃតង តាម​រយៈ​ការ​ដាក់​ចេញ​នូវ​ចលនា​ប្រឡង​ប្រណាំង​ទីក្រុង​ស្អាត រមណី​ដ្ឋា​ន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ចល្អ ។

លោក​បណ្ឌិត​រដ្ឋមន្ត្រី​បាន​បន្ត​ថា ការ​ពង្រឹង​ការ​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍ ក៏​ជា​ការងារ​សំខាន់​ផង​ដែរ ខណៈ​បច្ចុប្បន្ន ក្រុមប្រឹក្សា​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេស​ចរណ៍​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មានការ​ចូលរួម​យ៉ាង​សំខាន់​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​រដ្ឋ និង​ឯកជន ដើម្បី​ជំរុញ​និង​ទ្រទ្រង់​ការ​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត ដើម្បី​សម្រេច​កំណើន​ទេសចរណ៍​នៅ​ឆ្នាំ​២០១៨ កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​អន្តរជាតិ​ប្រមាណ​៦,២​លាន​នាក់ និង​នៅ​ឆ្នាំ​២០២០​ប្រមាណ​ជាង​៧​លាន​នាក់ ហើយ​ដល់​ឆ្នាំ​២០៣០ នឹង​ទទួល​បាន​ទេសចរ​អន្តរ​ជាតិប្រមាណ​១៥​លាន​នាក់ និង​ទេសចរ​ជាតិប្រមាណ​១៣​លាន​នាក់ ។

គួរ​បញ្ជាក់​ថា ទឹកធ្លាក់​ជ្រាវ​ស្ថិត​នៅ​ក្នុងភូមិ​តាំង​សំរោង ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្ដកំពង់​ស្ពឺ ដែល​ជា​ទឹកធ្លាក់​ជម្រាល​ច្រើន​ដំណាក់​អំណោយផល​ដល់​ការ​ងូតទឹក​លេង​កម្សាន្ដ​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្ដរជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ