រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦ ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការទទួលបន្ទុកការងារជំងឺឆ្លង នៃក្រសួងសុខាភិបាល បានដឹកនាំប្រតិភូសុខាភិបាល ចុះពិនិត្យមើលទីតាំងសុខាភិបាល ផ្នែកចត្តាឡីស័ក ដើម្បីត្រៀមបង្ការ និងទប់ស្កាត់ ការនាំចូល នូវជំងឺឆ្លង Hantavirus នៅអាកាសយានដ្ឋានអន្តរជាតិ តេជោ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
លោកជំទាវរដ្ឋលេខាធិការ និងគណ:ប្រតិភូ អមដំណើរមកពីក្រសួងសុខាភិបាល ដោយមានការចូលរួមពីក្រុមការងារខាងព្រលានយន្តហោះ និងផ្នែកពាក់ព័ន្ធ បានធ្វើការពិនិត្យទីតាំងជាក់ស្ដែង និងផ្តល់អនុសាសន៍ ព្រមទាំងផ្តល់នូវវិធានការសំខាន់ៗមួយចំនួន រួមមាន ៖
-កំណត់ជាក់លាក់ និងតាមដានយ៉ាងយកចិត្តទុកដាក់ នូវការស្កែនកំដៅគ្រប់អ្នកដំណើរ ចូលទាំងអស់ នៅទីតាំងអ្នកដំណើរមកដល់។
-ត្រៀមជាស្រេចក្នុងករណីសង្ស័យ ដោយអនុវត្តវិធានសុខាភិបាល ជាធរមាន។
-ពង្រឹងប្រព័ន្ធឆ្លើយតបបន្ទាន់ និងទូរស័ព្ទ Hotlines 115 និងបានធ្វើការសាកល្បងជាបន្តបន្ទាប់។
-ក្នុងករណីមាន ការរកឃើញណាមួយ ដោយត្រៀមមន្ទីរពេទ្យជាតិ តេជោសន្តិភាព សម្រាប់ការដាក់នៅដាច់ដោយឡែក (Isolation) និងព្យាបាលអ្នកជំងឺបន្ទាន់។
-ត្រៀមក្រុមពេទ្យ ដោយរៀបចំតាមផ្នែកនីមួយៗ សម្រាប់ការធ្វើតេស្តវិភាគសំណាក (Sample Testing Screening) និងព្យាបាល។
-ត្រៀមឧបករណ៍ និងសំភារៈមន្ទីរពិសោធន៍ ព្រមទាំងឱសថ និង PPE ។
-នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បន្តរៀបចំជាសារអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ និងអ្នកដំណើរ អំពីវិធានការផ្សេងៗ។ ក្រុមការងារពាក់ព័ន្ធទាំងអស់ ត្រូវបន្តធ្វើការតាមដាន យ៉ាងយកចិត្តទុកដាក់ និងផ្ដល់ព័ត៌មានឱ្យបានទាន់ពេលវេលា ៕










ចែករំលែកព័តមាននេះ