ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ​នឹង​បើក​សន្លឹក​កិច្ចការ​គណិត​វិទ្យា របស់​បេក្ខជន​មួយ​ចំនួន​ផ្ទៀងផ្ទាត់​ឡើង​វិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ​យុវជន និង​កីឡា នឹង​បើក​សន្លឹក​កិច្ចការ​មុខ​វិជ្ជា​គណិត​វិទ្យា របស់​បេក្ខជន​មួយ​ចំនួន​ដែល​ប្តឹង​តវ៉ា​មិន​សុខចិត្ត​ចំពោះ​ពិន្ទុ​ដែល​ប្រកាស​ដោយ​ក្រសួង​។ លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ​យុវជន និង​កីឡា នឹង​បើក​សន្លឹក​កិច្ចការ​មុខ​វិជ្ជា​គណិត​វិទ្យា របស់​បេក្ខជន​មួយ​ចំនួន​ដែល​ប្តឹង​តវ៉ា​មិន​សុខចិត្ត​ចំពោះ​ពិន្ទុ​ដែល​ប្រកាស​ដោយ​ក្រសួង​។ លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​កោះសន្តិភាព​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម នៅ​ថ្ងៃ​ទី​១០ កញ្ញា ២០១៨ យ៉ាង​ដូច្នេះ​ថា “​ក្រសួង​នឹង​ពិនិត្យ​សន្លឹក​កិច្ចការ​សិស្ស​ដោយ​ធ្វើ​កោសល្យ វិ​ច្ច័​យ​លើ​សន្លឹក​កិច្ច​គណិត​វិទ្យា​របស់​បេក្ខជន​តវ៉ា​មួយ​ចំនួន​” ។ ការ​លើក​ឡើង​របស់​លោក​រដ្ឋមន្ត្រី ក្រសួង​អប់រំ នេះ បន្ទាប់​មាន​បេក្ខជន​ដែល​ជា​សិស្ស​មួយ​ចំនួន​បាន​ស្នើ​ឲ្យ​ក្រសួង​ពិនិត្យ​សន្លឹក​កិច្ច​របស់​ខ្លួន ដោយ​មិន​ទទួលយក​ពិន្ទុ​ដែល​ក្រសួង​ប្រកាស​នោះ​ទេ​។ គឺ​លទ្ធផល​ពួក​បាន​ធ្លាក់​មុខ​វិជ្ជា​គណិត​វិទ្យា ដែល​ជា​ការ​នឹក​ស្មាន​មិន​ដល់ និង​មិន​អាច​ទទួល​បាន​នោះ​ទេ​។

បេក្ខជន​មួយ​ក្រុម​នៅ​រសៀល​ថ្ងៃនេះ ក៏​បាន​ប្រមូលផ្តុំ​គ្នា​នៅ​មុខក្រសួង​អប់រំ​ដើម្បី​ស្នើ​សុំ​ឲ្យ​ក្រសួង​បើក​សន្លឹក​កិច្ច​ខ្លួន​ធ្វើការ​ផ្ទៀងផ្ទាត់​ពិន្ទុ​ផង​ដែរ ។ ក្រៅពី​បេក្ខជន នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​វិញ​ទាំង​លោកគ្រូ អ្នកគ្រូ ដែល​បង្ហាត់ បង្រៀន មុខ​វិទ្យា​គណិត​វិទ្យា បាន​នាំ​គ្នា​សរសេរ​ដោយ​កើតទុក្ខ​មិន​សុខចិត្ត​ចំពោះ​លទ្ធផល ពិន្ទុ​មុខ​វិជ្ជា​គណិត​ផង​ដែរ​។ ទាំង​គ្រូ និង​បេក្ខជន​បាន​ស្នើ​ឲ្យ​ក្រសួង​ពិនិត្យ​សន្លឹក​កិច្ចការ មុខ​វិជ្ជា​គណិត​ឡើង​វិញ​ផង​ដែរ​។ សូម​ជម្រាប​ថា អ្នក​ប្រឡង​ជាប់​សញ្ញាបត្រ មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) សម័យ​ប្រឡង​២០ ខែសីហា ឆ្នាំ​២០១៨ នៅ​ទូ​ទាំង​ប្រទេស មាន​ចំនួន ៧៥.០៥៩​នាក់ ត្រូវជា​៦៦.២១% ច្រើន​ជាង​ឆ្នាំ​២០១៧ ដែល​មាន​តែ​៦៣.៨៤%​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា នៅ​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹង​ថា អ្នក​ជាប់​ជាង​៧​ម៉ឺន​នាក់ ស្មើនឹង​ជាង​៦៦% ក្នុង​ចំណោម​បេក្ខជន មក​ប្រឡង​ជាង​១១​ម៉ឺន​នាក់​។ បេក្ខជន​ជាប់​និទ្ទេស A ចំនួន​២៩០​នាក់ , B​ចំនួន ១.៥៣២ នាក់​, C​ចំនួន ៤.៦៣១ នាក់​, D ចំនួន ១៣.៩៩៩ នាក់​, និង E​ចំនួន ៥៤.៦០៧​នាក់​។ ក្នុង​នោះ​រាជធានី​ភ្នំពេញ មាន​តួលេខ​ខ្ពស់​ជាងគេ ដោយ​និទ្ទេស​A មាន​ចំនួន​១៣៥​នាក់ , សៀមរាប មាន​២១​នាក់​, កណ្តាល​មាន​១៦​នាក់​, បាត់ដំបង​១៥​នាក់​, តាកែវ ១៥​នាក់​, កំពង់ចាម ១៣​នាក់​, កំពត​១១​នាក់​, ត្បូងឃ្មុំ​៩​នាក់​, កំពង់ធំ​៩​នាក់​, កំពង់ឆ្នាំង​៩​នាក់​, បន្ទាយ​មាន​ជ័យ​៩​នាក់​, ព្រៃវែង​៨​នាក់​, ក្រចេះ​៦​នាក់​, ពោធិ៍សាត់​៤​នាក់​, ស្វាយ​រៀង​៣​នាក់ ,​កំពង់ស្ពឺ​៣​នាក់ ព្រះ​សីហ​នុ​៣​នាក់ និង​ខេត្តរតនគិរី​មាន​តែ​ម្នាក់​។

ចំណែក​ខេត្ត ដែល​ពុំ​មាន​បេក្ខជន ជាប់​និ​ន្ទេ​ស​A រួម​មាន ខេត្តកោះកុង , កែប , មណ្ឌលគិរី​, ឧត្តរមានជ័យ​, ព្រះ​វិហារ​, ប៉ៃលិន និង​ខេត្តស្ទឹងត្រែង​។ ជាមួយ​គ្នា​នេះ​ដែរ បេក្ខជន​១៧​នាក់ ត្រូវ​កំណត់​ឲ្យ​ធ្លាក់​ជា​ស្វ័យប្រវត្តិ ដោយ​ប្រព្រឹត្ត​ខុសឆ្គង​ផ្ទុយ នឹង​បទបញ្ញត្តិ និង​កម្រិត​វិន័យ​។ សូម​បញ្ជាក់​ថា ការ​ប្រឡង​បាក់​ឌុ​ប កាលពី​ថ្ងៃ​ទី​២១-២១ សីហា មាន​មណ្ឌល​ប្រឡង នៅ​គ្រប់​រាជធានី​-​ខេត្ត សរុប​១៩៦​មណ្ឌល​, បន្ទប់​៤៦៥៥​បន្ទប់ និង​បេក្ខជន​ចុះ​ឈ្មោះ ក្នុង​បញ្ជី​សរុប ១១៥.២៦៨​នាក់ ដែល​ក្នុង​នោះ ៩០.១២០​នាក់ ជា​បេក្ខជន​ចំណេះ​ទូទៅ , ១៧.០៣១​នាក់ ជា​បេក្ខជនស្វ័យរិន ៤.៤២៥​នាក់ ជា​បេក្ខជន​បំពេញវិជ្ជា និង​៣.៦៩២​នាក់ ជា​បេក្ខជនស្វ័យរិន បំពេញវិជ្ជា​។ បេក្ខជន​អវត្តមាន​ចំនួន ១.៩០៣​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ