ខេត្តព្រះសីហនុ ៖ ឥទ្ធិពលមិនល្អកាន់តែច្រើន ដែលធ្វើឱ្យមានការប៉ះពាល់ដល់មុខមាត់ប្រទេសចិន បង្កដោយក្រុមជនជាតិចិនក្នុងប្រទេសកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ បានជំរុញឱ្យមន្ត្រីផ្នែកសន្តិសុខនៃប្រទេសទាំង២ ប្រញាប់ប្រញាល់ស្វែងរកកិច្ចសហការគ្នា ដើម្បីលុបបំបាត់បាតុភាពនានា បង្កដោយក្រុមជនជាតិចិន ដែលហូរចូលមកតំបន់មាត់សមុទ្រខ្មែររាប់ម៉ឺននាក់ ។
មន្ត្រីកម្ពុជានិងចិន បានឯកភាពគ្នាក្នុងការផ្លាស់ប្ដូរព័ត៌មានទៅវិញទៅមក រាល់បទល្មើសដែលបង្កឡើងដោយជនជាតិចិន នៅក្នុងខេត្តព្រះសីហនុ ។ ការឯកភាពនេះ ធ្វើឡើងក្នុងជំនួបរវាងអាជ្ញាធរខេត្ត និងមន្ត្រីនៃក្រសួងសន្តិសុខចិន លោក ហូ៊ ប៊ីនជិន(Hu Binchen) ដែលបានទៅធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ ជាលើកដំបូង កាលពីថ្ងៃទី៦ ខែកញ្ញា កន្លងមកនេះ ។ ភាគីចិនបានប្រកាសគាំទ្រ ឲ្យអាជ្ញាធរខ្មែរបង្ក្រាបជនជាតិចិន ដែលបង្កបទល្មើស ។
កាលពីថ្ងៃទី៨ ខែកញ្ញា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានចាត់ទុកការផ្លាស់ប្ដូរព័ត៌មានទាក់ទងនឹងបទល្មើសនៅខេត្តព្រះសីហនុថា ជារឿងល្អ ព្រោះការងារនេះ នឹងអនុញ្ញាតឲ្យអាជ្ញាធរទាំងសងខាង ក្ដាប់សភាពការណ៍សន្តិសុខ ដើម្បីការពារអ្នកវិនិយោគទុននៅក្នុងខេត្ត ដែលមិនចំពោះតែវិនិយោគិនចិន ឡើយ ពោលគឺគ្រប់អ្នកវិនិយោគទាំងអស់នៅក្នុងខេត្តព្រះសីហនុ ។
លោកស្នងការបន្តថា ភាគីចិននៅតែបន្តគាំទ្រលើចំណាត់ការរបស់អាជ្ញាធរខ្មែរ ក្នុងការបង្ក្រាបជនជាតិចិនខិលខូចមួយចំនួន ហើយអាជ្ញាធរចិនខ្លួនឯង ក៏មិននៅស្ងៀមចំពោះទង្វើរបស់ជនជាតិចិនខិលខូចមួយចំនួននេះដែរ ។ សម្រាប់ភាគីចិន គឺគាំទ្រកម្ពុជាឲ្យអនុវត្តការបង្ក្រាបបទល្មើស ស្របទៅតាមច្បាប់ដែលមានស្រាប់របស់កម្ពុជា ។ ការហូរចូលជនអន្តោប្រវេសន៍មកកាន់ខេត្តព្រះសីហនុ ត្រូវបានពាក្យសាមញ្ញនិយាយថា ក្រុងព្រះសីហនុជាម៉ាកាវទី២ ព្រោះបច្ចុប្បន្នមានកាស៊ីណូ៥០០ទីតាំងរួចទៅហើយ និងកំពុងសាងសង់បន្ថែមទៀត ។
មានការកត់សម្គាល់ថា បទល្មើសដែលបង្កឡើងដោយជនជាតិចិននេះ លោកស្នងការ ជួន ណារិន្ទ បន្ថែមថា មន្ត្រីក្រសួងសន្តិសុខចិន លោក ហូ៊ ប៊ីនជិន បានលើកសរសើរសមត្ថកិច្ចខេត្តព្រះសីហនុថា គ្រប់គ្រងសភាពការណ៍ ក្នុងខេត្តបានល្អ ។ ការកោតសសើរពីសំណាក់មន្ត្រីនៃក្រសួងសន្តិសុខចិន ធ្វើឡើងចំពេលបញ្ហាអសន្តិសុខនៅក្នុងខេត្តព្រះសីហនុ មួយរយៈពេលចុងក្រោយនេះ បានទទួលរងនូវការរិះគន់ពីសាធារណជនយ៉ាងខ្លាំង ហើយភាគច្រើននៃបញ្ហាទាំងអស់នេះ សុទ្ធតែបង្កឡើងដោយជនជាតិចិន ។
តួយ៉ាងដូចជា ករណីចែកខិត្តប័ណ្ណធ្វើអាជីវកម្មផ្លូវភេទ ករណីប្លន់ ជួញដូរគ្រឿងញៀន រួមនឹងបទល្មើសផ្សេងៗទៀត ។ ទាក់ទិននឹងការពង្រឹងសន្តិសុខនេះដែរ អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីចុងខែសីហា កន្លងមក បានបញ្ជូនក្រុមការងារទៅពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់នៅខេត្តព្រះសីហនុ ដែលគេមើលឃើញជាទូទៅថា កំពុងក្លាយជាទីកន្លែងប្រមូលផ្ដុំដោយការវិនិយោគរបស់ជនជាតិចិន ហើយបញ្ហាអសន្តិសុខសង្គមមួយចំនួន ក៏បានបង្កឡើងដោយជនជាតិចិននេះដែរ ។
ក្រុមការងារមានសមាសភាពចំនួន១១រូប ត្រូវបានបង្កើតឡើងតាមរយៈលិខិតបង្គាប់ការ របស់អគ្គស្នងការនគរបាលជាតិ ចុះថ្ងៃទី៣១ខែសីហា និងត្រូវបានដឹងជាសាធារណៈនៅថ្ងៃទី៥ ខែកញ្ញា ។ ក្រុមការងារនេះមានភារកិច្ចពិនិត្យវាយតម្លៃសភាពការណ៍សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម នៅក្នុងខេត្តព្រះសីហនុ ។
បើទោះបីជាលិខិតបង្គាប់ការរបស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ត្រឹមថា ក្រុមការងារនេះត្រូវពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅក្នុងខេត្តព្រះសីហនុក៏ដោយ តែអ្វីជាការកត់សម្គាល់ គឺក្រុមការងារនេះ បង្កើតឡើងចំពេលបញ្ហាអសន្តិសុខ និងសោភ័ណភាពនៅខេត្តព្រះសីហនុ មួយរយៈពេលចុងក្រោយនេះ បានទទួលរងនូវការរិះគន់ពីសាធារណមតិយ៉ាងខ្លាំង ។
ទោះបីជាបែបណា លោកស្នងការ ជួន ណារិន្ទ បានអះអាងថា ករណីបទល្មើសដែលបង្កឡើងដោយជនជាតិចិននេះ មិនបានបង្កជាការលំបាកដល់សមត្ថកិច្ចក្នុងការគ្រប់គ្រងនោះទេ ព្រោះថា ប្រទេសកម្ពុជាមានច្បាប់ ហើយសមត្ថកិច្ចបានរៀបចំផែនការត្រឹមត្រូវ គឺអាចគ្រប់គ្រងសភាពការណ៍ទាំងនោះបាន ។
សូមបញ្ជាក់ថា ស្របពេលដែលអគ្គស្នងការនគរបាលជាតិ បញ្ជូនក្រុមការងារទៅគ្រប់គ្រងសភាពការណ៍សន្តិសុខនៅខេត្តព្រះសីហនុ មន្ត្រីនៃក្រសួងសន្តិសុខចិន លោក ហូ៊ ប៊ីនជិន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ក៏បានឆ្លៀតឱកាសទៅធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុដោយផ្ទាល់ ដើម្បីជួបថ្នាក់ដឹកនាំខេត្ត និងពិភាក្សាអំពីការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនេះផងដែរ ៕
ចែករំលែកព័តមាននេះ