ខេត្តកំពត ៖ ដើម្បីផ្សារភ្ជាប់នូវប្រពៃណីព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋក៏ដូចជា ប្រពៃណីដ៏ល្អផូរផង់របស់ដូនតា និងបុព្វបុរសខ្មែរដែលបានគោរពប្រតិបត្តិតាំងពីយូរលង់មកហើយ ក៏ជាប្រពៃណីផ្សារភ្ជាប់ និងការសាមគ្គីភាពដ៏ល្អរបស់ខ្មែរ ។
ក្នុងភាពជាថ្នាក់ដឹកនាំប្រៀបបាន និងឪពុកម្តាយនៅក្នុងគ្រួសារតែមួយដែលជានិច្ចជាកាលតែងតែគិតគូរ និងយកចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវាទទុកដូចជា កូនៗក្នុងបន្ទុកគ្រួសារដែរ ។ ជាក់ស្តែងនៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨នៅក្នុងសាលប្រជុំសាលាខេត្តចាស់ លោកជាវ តាយ ប្រធានគណបក្សប្រជាជនខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តបានធ្វើពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការដែលបម្រើការងារក្នុងសាលាខេត្តចំនួន១៩៣នាក់ ក្នុងនោះមន្ត្រីក្រមខណ្ឌចំនួន១៤៣នាក់ និងមន្ត្រីកិច្ចសន្យាចំនួន៥០នាក់ ។
ដោយមានប្រសាសន៍ក្នុងពេលជួបសំណេះសំណាលជាមួយមន្ត្រីរាជការនាពេលនោះ លោក ជាវ តាយ ប្រធានគណបក្សប្រជាជនខេត្ត និងជាអភិបាលនៃគណអភិបាលខេត្តបានថ្លែងថាថ្ងៃនេះជាថ្ងៃទី៥ ហើយចំថ្ងៃដែលរាជរដ្ឋាភិបាលប្រគល់មុខតំណែងឲ្យខ្ញុំមកធ្វើជាអភិបាលខេត្តកំពត គឺមកដល់ថ្ងៃនេះបាន៨ខែគត់ ។ ខ្ញុំសូមសំដែងនូវការដឹងគុណដល់ឯកឧត្តមលោកជំទាវ ជាថ្នាក់ដឹកនាំ អស់លោក លោកស្រី ជាមន្ត្រីរាជការទាំងអស់ ដែលបានខិតខំបំពេញតួនាទីយ៉ាងសកម្មក្នុងការអនុវត្តការងារស្នូលរបស់ខ្លួន ។ ជាមួយគ្នានេះដែរ ខ្ញុំសូមសំណូមពរខ្លះៗមួយចំនួនដល់បងប្អូនមន្ត្រីរាជការយើងដោយហេតុថា ខេត្តយើងជាខេត្តមានសក្តានុពលច្រើនណាស់ដូចជា កសិកម្ម ឧស្សាហ៍កម្ម ទេសចរណ៍ និងនេសាទ ។
ដូច្នេះបងប្អូនត្រូវខិតខំប្រឹងប្រែងគោរព និងអនុវត្តការងារតាមតួនាទីរបស់ខ្លួនឲ្យបានល្អ សាមគ្គីភាពផ្ទៃក្នុងឲ្យបានស្អិតរមួតរវាងថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទតាមមន្ទីរអង្គភាពនីមួយៗ ការងារអ្វីមានការរាំងស្ទះត្រូវយកមកដាក់ក្នុងអង្គប្រជុំពិភាក្សារកដំណោះស្រាយឲ្យទាន់ពេលវេលាមិនត្រូវទុកការងារនោះឲ្យរាំងស្ទះនោះទេ ។ លោកបានបន្តថា ធ្វើជាមេដឹកនាំត្រូវតែហ៊ានដាច់ខាត បើមិនដាច់ខាតទេ យើងដឹកនាំក៏មិនបានជោគជ័យដែរ ធ្វើមេដឹកនាំ គឺដឹកនាំដោយយន្តការ មិនមែនដឹកនាំដោយចង្អុលការនោះទេ ។ លោកអភិបាលបានលើកឡើងផងដែរ អំពីការពង្រឹងការងាររបស់ថ្នាក់ដឹកនាំតាមមន្ទីរ និងមន្ត្រីរាជការនៅក្នុងរដ្ឋបាលខេត្តថា ចាប់ពីពេលនេះទៅលោក និងជួបមន្ត្រីសាលាខេត្តរាល់១៥ថ្ងៃម្តង ដើម្បីក្តាប់ការអនុវត្តការងារផ្សេងៗតាមមុខសញ្ញារបស់មន្ទីរ និងការិយាល័យនីមួយៗ តើធ្វើបានអ្វីខ្លះ ? អ្វីដែលធ្វើមិនបានមូលហេតុអ្វី ? ត្រូវរកគន្លឹះរាំងស្ទះឲ្យឃើញ ហើយយកមកពិភាក្សាដោះស្រាយ ។
លោកអភិបាលបានបន្តថា ថ្ងៃនេះជំនួសមុខឲ្យគណបក្សប្រជាជនខេត្ត និងជំនួសមុខឲ្យអភិបាលនៃគណអភិបាលខេត្ត ការជួបសំណេះសំណាលបងប្អូនមន្ត្រីរាជការយើងថ្ងៃនេះមានចំនួន១៩៣នាក់ ដើម្បីធ្វើបុណ្យភ្ជុំលោកសូមជួយឧបត្ថម្ភថវិកាក្នុងម្នាក់ៗ២០ម៉ឺនរៀល សម្រាប់បុណ្យភ្ជុំនាពេលខាងមុខនេះ ។ ជាមួយគ្នានេះដែរ លោកអភិបាលខេត្តក៏បានជម្រាបជូនដល់មន្ត្រីរាជការដែលបម្រើការងារក្នុងសាលាខេត្តផងដែរ កន្លងមកបងប្អូនតែងតែមានប្រាក់ខែ និងប្រាក់រង្វាន់ដែលរាជរដ្ឋាភិបាលបានបើកជូនដល់បងប្អូន ហើយជាបន្តទៅទៀតនេះខ្ញុំជំនួសមុខឲ្យប្រធានគណបក្ស និងគណអភិបាលខេត្ត គឺចាប់ពីខែ១ ឆ្នាំ២០១៩ ខ្ញុំនិងជួយឧបត្ថម្ភពីលើប្រាក់ខែ និងប្រាក់រង្វាន់បន្ថែមក្នុងម្នាក់ៗ១០០ដុល្លារអាមេរិកថែមទៀតស្មើៗគ្នា មិនប្រធាន ឬកូនចៅនោះទេ ហើយសូមកុំច្រណែន និងកូនចៅអីសម្រាប់លោកប្រធានទាំងអស់ ។
លោកបន្ថែមថា ការឧបត្ថម្ភថវិកាពីលើប្រាក់រង្វាន់ និងប្រាក់ខែក្នុងម្នាក់១០០ដុល្លារនេះ លោកដកពិសោធន៍រយៈពេល១ ឆ្នាំ២០១៩ បើមានការរីចម្រើនកាន់តែខ្ពស់លោក និងបង្កើនប្រាក់បន្ថែមឲ្យលើសហ្នឹងទៀត។ ដូច្នេះសូមបងប្អូនមន្ត្រីរាជការដែលបម្រើការងារនៅសាលាខេត្តត្រូវយកចិត្តទុកដាក់អនុវត្តនូវរាល់ការងារស្នូលតាមមុខជំនាញរបស់ខ្លួនឲ្យបានល្អទាំងអស់គ្នា ពីព្រោះការងារដឹកនាំរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលអាណត្តិថ្មីនាពេលនេះ គឺដឹកនាំដោយយន្តការ មិនមែនដឹកនាំដោយចង្អុលការនោះទៀតទេ ៕
ចែករំលែកព័តមាននេះ