ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតផល​ធ្វើ​ពី​កំប្លោក​កំពុង​មាន​ទីផ្សារ តែ​ខ្វះ​អ្នក​ផ្គត់ផ្គង់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផលិតផល​ប្រើប្រាស់​ធ្វើ​អំពី​កំប្លោក បាន​ចាប់ផ្ដើម​មាន​ទីផ្សារ​គួរ​ឱ្យ​កត់សម្គាល់​ទាំង​ក្នុង និង​ក្រៅប្រទេស ក៏​ប៉ុន្ដែ​ការ​ផ្គត់ផ្គង់​ផលិតផល​មួយ​នេះ​នៅ​មាន​កម្រិត​នៅឡើយ ។ បើ​តាម​ម្ចាស់​សិប្បកម្ម​កំប្លោក ភ្នំ​ក្រោម ខេត្តសៀមរាប…

រាជធានី​ភ្នំពេញ ៖ ផលិតផល​ប្រើប្រាស់​ធ្វើ​អំពី​កំប្លោក បាន​ចាប់ផ្ដើម​មាន​ទីផ្សារ​គួរ​ឱ្យ​កត់សម្គាល់​ទាំង​ក្នុង និង​ក្រៅប្រទេស ក៏​ប៉ុន្ដែ​ការ​ផ្គត់ផ្គង់​ផលិតផល​មួយ​នេះ​នៅ​មាន​កម្រិត​នៅឡើយ ។

បើ​តាម​ម្ចាស់​សិប្បកម្ម​កំប្លោក ភ្នំ​ក្រោម ខេត្តសៀមរាប បានឱ្យ​ដឹង​ថា ផលិតផល​ប្រើប្រាស់​ធ្វើ​ពី​កំប្លោក​បច្ចុប្បន្ន​នេះ​កំពុង​ពេញ​និយម និង​មានការ​កុម្ម​ង់​ច្រើន​ទាំង​ទីផ្សារ​ក្នុង និង​ក្រៅ​ស្រុក ពិសេស​នៅ​ទីផ្សារ​ប្រទេស​ជប៉ុន និង​កូរ៉េ​ខាងត្បូង ។

អ្នកស្រី សូ សម្បត្តិ ម្ចាស់​សិប្បកម្ម​រូប​នេះ​បាន​បន្ដ​ថា កន្លង​មក​ផលិតផល​ធ្វើ​ពី​កំប្លោក​នេះ អត់​សូវ​មានការ​គាំទ្រ​ទេ តែ​មក​ដល់​បច្ចុប្បន្ន​នេះ​ឃើញ​ថា មានការ​គាំទ្រ​ច្រើន សូ​ម្បី​តែ​ពលរដ្ឋ​ខ្មែរ​យើង​ឥឡូវ​ក៏​កុម្ម​ង់​ទិញ​ច្រើន​ដែរ ពិសេស​នៅ​ខេត្តសៀមរាប និង​ក្រុងភ្នំពេញ ប៉ុន្តែ​ចំពោះ​ការ​ផលិត​វិញ​នៅ​មាន​កម្រិត ។
អ្នកស្រី​លើក​ឡើង​ថា ៖« មូលហេតុ​ដែល​ផលិតផល​នេះ​មានការ​កុម្ម​ង់​ទិញ​ច្រើន គឺ​ដោយសារ​គេ​ឃើញ​យើង​ផលិត​មានគុណ​ភាពល្អ ផលិត​ឡើង​ពី​វត្ថុធាតុដើម និង​ធ្វើ​ដោយ​ដៃ​សុទ្ធសាធ ។ លើស​ពី​នេះ យើង​អាច​ធ្វើ​ទៅ​តាម​ម៉ូ​ដ​របស់​អ្នកបញ្ជា​ទិញ​បាន​ថែម​ទៀត »​។

អ្នកស្រី​បញ្ជាក់​ថា ៖« ក្នុង​អំឡុង​ដល់​ខែកញ្ញា និង​តុលា​នេះ អតិថិជន​សម្រុក​កុម្ម​ង់​ខ្ញុំ​គ្រប់​ទីផ្សារ​ទាំងអស់ សូ​ម្បី​តែ​នៅ​ថៃ ក៏​គេ​កុម្ម​ង់​ទិញ​ពី​ខ្ញុំ​ដែរ ព្រោះ​នៅ​ថៃ​គេ​ច្នៃ​ហើយ គេ​បាញ់ថ្នាំ​ពណ៌ អីចឹង​ជនបរទេស​អត់​សូវ​ស្រលាញ់ គេ​ស្រា​លាញ់​តែ​ពណ៌​ធម្មជាតិ »​។

ផលិតផល​ដែល​សិប្បកម្ម​អ្នកស្រី​កំពុង​ផលិត​រួម​មាន​កន្ត្រក​ជា​ច្រើន​ម៉ូ​ដ និង​របស់របរ​ប្រើប្រាស់​ដទៃ​ទៀត ដែល​មាន​តម្លៃ​ពី​៥​ដុល្លារ​ដល់​រាប់រយ​ដុល្លារ​ទៅ​តាម​ទំហំ និង​ខ្នាត​ជាក់ស្តែង ។

អ្នកស្រី សូ សម្បត្តិ បន្ដ​ថា សព្វ​ថ្ងៃនេះ ផលិតផល​ធ្វើ​ពី​កំប្លោក​មានការ​បញ្ជា​ទិញ​ច្រើន តែ​ពុំ​សូវ​មាន​អ្នក​ផលិត ហើយ​សូ​ម្បី​តែ​អ្នកស្រី​ក៏​មិន​ហ៊ាន​កុងត្រា​ជាមួយ​អ្នកបញ្ជា​ទិញ​មក​ពី​ប្រទេស​ទាំង​ជប៉ុន និង​កូរ៉េ​ដែរ គឺ​ធ្វើ​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន ផលិត​បាន​ប៉ុន្មាន លក់​ប៉ុណ្ណឹង ។ អ្នកស្រី​ថា ៖« ក្នុង​មួយ​ខែ បើ​នៅ​ក្នុង​រដូវ​ត្រជាក់ គិត​ជា​មធ្យម​ខ្ញុំ​នាំ​ចេញ​បាន​ប្រមាណ​៥០០​ក​ន្ទ្រ​ក តែ​នៅ​រដូវក្តៅ​អាច​បាន​ប្រហែល​១.០០០​ក​ន្ទ្រ​ក​ទៅ​កាន់​ទីផ្សារ​នៃ​ប្រទេស​ទាំងនេះ ដោយ​មិន​រាប់​បញ្ចូល​ទីផ្សារ​ក្នុងស្រុក »​។ អ្នកស្រី​បន្ត​ថា ៖« ជំនាញ​កែ​ច្នៃ​កំប្លោក​ធ្វើ​ផលិតផល​ប្រើប្រាស់​នេះ ខ្ញុំ​ចេះ​មក​ពី​អង្គការ​យូ​ណេ​ស្កូ ដែល​មក​បង្រៀន​ពលរដ្ឋ​នៅ​ក្នុង​សហគមន៍ និង​ធ្លាប់​បម្រើ​ការ​នៅ​អង្គការ​នេះ តែ​ដោយសារ​ចំណូល​មិន​អាច​ផ្គង់​ផ្គង់​គ្រួសារ​គ្រប់គ្រាន់ ទើប​ខ្ញុំ​សុខចិត្ត​សុំ​ចេញពី​អង្គការ ហើយ​ងាក​មក​ផលិត និង​រក​ទីផ្សារ​ខ្លួនឯង »​។ អ្នកស្រី​ថា ៖« តាំង​ពេល​នោះ​មក ដំណើរ​អាជីវកម្ម​របស់ខ្ញុំ ចេះ​តែ​រលូន​រហូត​មក និង​គិត​មក​ដល់​សព្វ​ថ្ងៃនេះ គឺ​មាន​រយៈពេល​ជាង​១០​ឆ្នាំ​ហើយ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ