កម្ពុជា​ត្រូវការ​សណ្ឋាគារ​ជាង​10​ម៉ឺន​បន្ទប់​នៅ​ឆ្នាំ​2030


រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍​បាន​បង្ហាញ​ការ​ព្យាករ​ថា នៅ​ដំណាច់ឆ្នាំ​២០១៨​នេះ​កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​អន្តរជាតិ​ប្រមាណ​៦,២​លាន​នាក់ និង​នៅ​ឆ្នាំ​២០២០ ប្រមាណ​ជាង​៧​លាន​នាក់ ហើយ​នៅ​ឆ្នាំ​២០៣០ នឹង​ទទួល​បាន​ទេសចរ​អន្តរ​ជាតិប្រមាណ​១៥​លាន​នាក់ ។

ចំណែក​ទេសចរ​ជាតិ នឹង​កើនឡើង​ប្រមាណ​១៣​លាន​នាក់ ។ ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​ភ្ញៀវ​ទេសចរ​នេះ កម្ពុជា​ត្រូវការ​សណ្ឋាគារ​ប្រមាណ​ជាង​១០​ម៉ឺន​បន្ទប់ សម្រាប់​ផ្គត់ផ្គង់​ការ​ស្នាក់​នៅ ក្នុង​នោះ​សណ្ឋាគារ​ប្រណីត​លំដាប់​ផ្កាយ​៤ និង​ផ្កាយ​៥​ប្រមាណ​៦០% ស្មើ​ប្រមាណ​៦​មុ​ឺ​ន​បន្ទប់​នៅ​ទូ​ទាំង​ប្រទេស ។ ដោយឡែក​សម្រាប់​ខេត្ត​ព្រះ​សីហ​នុ នឹង​ត្រូវការ​បន្ទប់​សណ្ឋាគារ​ជាង​៣​ម៉ឺន​បន្ទប់​បន្ថែម​ទៀត ក្នុង​នោះ​សណ្ឋាគារ​ប្រណីត​ជាង​២​ម៉ឺន​បន្ទប់ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​កំណើន​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ​២​លាន​នាក់ និង​ទេសចរ​ជាតិប្រមាណ​៣​លាន​នាក់​នៅ​ឆ្នាំ​២០៣០ ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក​បណ្ឌិត ថោ​ង ខុន បាន​បង្ហាញ​ការ​ព្យាករ​ដ៏​គួរ​ចាប់អារម្មណ៍​នេះ​ដល់​វិនិយោគិន​ចិន និង​អន្តរជាតិ កាលពី​ល្ងាច​ពី​ថ្ងៃ​ទី​១ ខែកញ្ញា កន្លង​ទៅ​នៅ​សណ្ឋាគារ​ព្រី​ន​ស៍​ថា​ម ខេត្ត​ព្រះ​សីហ​នុ ។ ក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី​ក៏​បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​គម្រោង​វិនិយោគ​លើ​វិស័យ​ទេសចរណ៍ និង​អំពាវនាវ​ឲ្យ​មានការ​វិនិយោគ​បន្ថែម​ទៀត​ប្រកបដោយ​គំនិត​ច្នៃប្រឌិត និង​ទទួលខុសត្រូវ​ខ្ពស់ គោរព​តាម​បទដ្ឋាន​បរិស្ថាន និង​គោលការណ៍​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​គ្រប់គ្រង​តំបន់ឆ្នេរ​សមុទ្រ ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​ទេសចរណ៍ និង​និរន្តរភាព​ទេសចរណ៍​នា​ពេល​បច្ចុប្បន្ន និង​ពេល​អនាគត ។
បច្ចុប្បន្ន​នេះ កម្ពុជា​មាន​សណ្ឋាគារ​ប្រមាណ​ជាង​៨០០​កន្លែង ស្មើនឹង​៤៦​ពាន់​បន្ទប់ ក្នុង​នោះ​សណ្ឋាគារ​ប្រណីត​មាន​ប្រមាណ​ជាង​២​ម៉ឺន​បន្ទប់ ។

ដោយ​ឡែ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ មាន​សណ្ឋាគារ ចំនួន​៦៩​កន្លែង ស្មើនឹង​ជាង​៤​ពាន់​បន្ទប់ ក្នុង​នោះ​សណ្ឋាគារ​ប្រណីត ទើបតែ​មាន​ប្រមាណ​ជាង ១.០០០​បន្ទប់​ប៉ុណ្ណោះ ។ ដូច្នេះ​សក្ដានុពល​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​នេះ ពិតជា​នៅ​មានឱកាស​ច្រើន​សម្រាប់​វិនិយោគិន​ជាតិ និង​អន្តរជាតិ ។ វិនិយោគិន​មក​ពី​អឺរ៉ុប​បាន​លើក​ឡើង​កាលពី​ស​ប្ដា​ហ៍​មុន​ថា ពួក​គេ​កំពុង​សម្លឹង​រក​ឱកាស​វិនិយោគ​លើ​វិស័យ​សណ្ឋាគារ​លំដាប់​អន្តរជាតិ​នៅ​កម្ពុជា ដោយ​ចាប់​ដៃគូ​ជាមួយ​វិនិយោគិន​ក្នុងស្រុក ។ ការ​សម្រេច​មក​វិនិយោគ​នេះ ដោយសារ​តែ​ពួក​គេ​មើលឃើញ​ពី​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​មាន​ភាពរឹងមាំ មាន​ស្ថិរភាព​នយោបាយ និង​សន្ដិភាព​ពេញលេញ ពិសេស​គឺ​កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​នៅ​កម្ពុជា​កើន​ឡើងជា​បន្ដបន្ទាប់ ។

លោក Mauro Gasparotti នាយក​គ្រប់គ្រង​ក្រុមហ៊ុន Savills Hotels បាន​មាន​ប្រសាសន៍​ថា ៖« យើង​បានឃើញ​ភាព​លូតលាស់​យ៉ាង​ឆាប់រហ័ស​នៅ​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច​នៅ​កម្ពុជា ដែល​នឹង​ជំរុញ​នូវ​ការ​អភិវឌ្ឍ​ផ្នែក​សណ្ឋាគារ​នា​ថ្ងៃ​អនាគត ។ វា​ធ្វើ​ឲ្យ​យើង​រំជើបរំជួល ដោយសារ​វា​នាំ​មក​នូវ​ឱកាស​ថ្មី​ដ៏​សំខាន់​សម្រាប់​អតិថិជន ជា​អ្នក​អភិវឌ្ឍន៍​របស់​យើង​ដែល​មាន​លទ្ធភាព​ក្នុង​ការ​ច្នៃប្រឌិត »​។ លោក​បន្ត​ថា ៖« ឧស្សាហកម្ម​ផ្នែក​បដិសណ្ឋារកិច្ច ដើរតួ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​សេដ្ឋកិច្ច ហើយ​សក្តានុពល​នា​ពេល​អនាគត គឺ​ធំធេង​ណាស់ »​។

ជាមួយ​គ្នា​នេះ​ដែរ នាយក​ប្រចាំ​ទ្វីបអាស៊ី​នៃ​សណ្ឋាគារ​Hilton លោក Christian Puchher បាន​ថ្លែង​ថា ជាមួយនឹង​ប្រាក់​ចំណូល​កើនឡើង និង​ភាព​ងាយស្រួល​នៃ​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​ទេសចរ​និង​អ្នកជំនួញ​ជា​ច្រើន​ត្រូវ​បាន​ទាក់ទាញ​មក​កាន់​ប្រទេស​កម្ពុជា ដែល​ជា​គោលដៅ​នៃ​ប្រាសាទ និង​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​របស់​ខ្លួន​, ឆ្នេរ​ខ្សាច់​ដ៏​ស្រស់​ស្អាត និង​តំបន់​ទេសចរណ៍ធម្មជាតិ​ជា​ច្រើន​ទៀត ហើយ​ជា​ការ​ពិត​ណាស់​ភ្ញៀវ​ទេសចរ​ទាំងនេះ​រំពឹង​ថា​នឹង​មាន​បន្ទប់​សណ្ឋាគារ​ល្អ​ៗ លើស​ពី​អ្នក​ធ្វើ​ទេសចរណ៍​ធម្មតា​។ លោក​បន្ត​ថា ៖« យើង​គ្រោង​នឹង​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក ដើម្បី​វិនិយោគ​សណ្ឋាគារ​នា​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ​នៅ​ប្រទេស​ដ៏​អស្ចារ្យ​មួយ​នេះ »៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ