សទ្ធា គឺការជឿចុះស៊ប់ក្នុងចិត្ត ការដោតជាប់ក្នុងចិត្តដ៏ជ្រាលជ្រៅ ព្រោះបានពិចារណាឃើញហេតុផលពិតប្រាកដដោយបញ្ញា ។
ការជឿចុះស៊ប់ដោតជាប់ទៅក្នុងព្រះពុទ្ធ ដែលព្រះអង្គជាបុគ្គលគំរូនៃមនុស្សនិងទេវតា។ ព្រះអង្គទ្រង់បានអះអាងចំពោះសមត្ថភាពរបស់មនុស្សថា មនុស្សអាចមានសមត្ថភាពធ្វើនូវអ្វីៗបានទាំងអស់ រហូតត្រាស់ដឹងនូវសច្ចធម៌ ដែលជាធម៌ប្រសើរខ្ពង់ខ្ពស់បំផុតបាន ដោយសេចក្ដីព្យាយាមរបស់មនុស្សខ្លួនឯង។
មនុស្សជាសត្វវិសេសដែលអាចហ្វឹកហាត់បាន អាចមានការចម្រើនឡើងបាន ទាំងផ្នែករបៀបរបបនៃជីវិតដែលមានទំនាក់ទំនងជាមួយសង្គម ប្រព្រឹត្តទៅដោយកាយដោយវាចា ទាំងក្នុងផ្នែកគុណធម៌ក្នុងសន្ដានចិត្ត ទាំងក្នុងផ្នែកបញ្ញាចាក់ធ្លុះយល់ដឹងនូវហេតុផល រហូតអាចយោងខ្លួនឱ្យរួចផុតចាកគ្រឿងចងចាក់ស្រែះគឺកិលេសនិងទារុណកម្មគឺកងទុក្ខទាំងពួង ។
ការដែលធ្វើសេចក្តីទុក្ខឲ្យអស់ទៅ ព្រមទាំងបានជួបប្រសព្វនូវភាពជាឥស្សរៈក្នុងចិត្ត និងរួចផុតពីទាសភាពបែបនេះ រមែងមិនមានសត្វវិសេសណាមាន ទេវតា មារ ព្រហ្មជាដើម ដែលអាចមានសមត្ថភាពនិងបានប្រសើរជាងមនុស្សឡើយ ។ មនុស្សដែលបានហ្វឹកហាត់រហូតដល់បានសម្រេចនូវភាវៈដ៏ខ្ពង់ខ្ពស់នេះជាគុណវិសេសដ៏អស្ចារ្យ ដែលសត្វលោកគួរដើរតាមវីរភាពដ៏អស្ចារ្យនេះ ។
កាលបើមនុស្សមានការជឿជាក់លើសមត្ថភាពខ្លួនប្រាកដដូចដែលបានពោលមកនេះ ក៏គួរតែខំព្យាយាមសាងនូវគុណវិសេសនោះឲ្យចម្រើនឡើងក្នុងខ្លួន ដើម្បីជាប្រយោជន៍ដល់ខ្លួនឯងនិងអ្នកដទៃរស់នៅដោយក្តីស្ងប់សុខទាំងអស់គ្នា ។
ចែករំលែកព័តមាននេះ