ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មាន​​ម្ទេស១ដើម​​ដ៏ធំមហិមា…

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ល្បី​ត​ៗ​គ្នា​ថា មាន​ម្ទេស​មួយ​ដើម​ដ៏​ធំ​មហិមា ខ្លះ​ថា​ធំ​ជាង​មួយ​ឱប ខ្លះ​ថា​ធំ​ជាង​ដើម​ឆ្នោត ដុះ​នៅ​ព្រៃ​ភ្នំ​ក្នុងស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ។ តាម​ការ​ស្រាវជ្រាវ​មក​ដល់​ពេលនេះ​មិន​ទាន់​មាន​អ្នក​ណា​បានឃើញ​ផ្ទាល់​នឹង​ភ្នែក​នៅឡើយ​ទេ…

ខេត្តពោធិ៍សាត់ ៖ ល្បី​ត​ៗ​គ្នា​ថា មាន​ម្ទេស​មួយ​ដើម​ដ៏​ធំ​មហិមា ខ្លះ​ថា​ធំ​ជាង​មួយ​ឱប ខ្លះ​ថា​ធំ​ជាង​ដើម​ឆ្នោត ដុះ​នៅ​ព្រៃ​ភ្នំ​ក្នុងស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ។ តាម​ការ​ស្រាវជ្រាវ​មក​ដល់​ពេលនេះ​មិន​ទាន់​មាន​អ្នក​ណា​បានឃើញ​ផ្ទាល់​នឹង​ភ្នែក​នៅឡើយ​ទេ គឺ​ឮ​តែ​គេ​ថា​ប៉ុណ្ណោះ ប៉ុន្តែ​មាន​អ្នកខ្លះ​អះអាង​ច្បាស់​ណាស់​ថា​បានឃើញ ។

ពាក្យ​ច​ចាម​អារាម​នេះ​បាន​លេចឮ​ដល់​មជ្ឈដ្ឋាន​ខាងក្រៅ​ដែល​ធ្វើ​ឲ្យ​គេ​ចង់​ឃើញ​រូបភាព និង​ចង់​ឃើញ​ផ្ទាល់​ភ្នែក​តែ​ម្ដង ប៉ុន្តែ​ពុំ​មាន​អ្នកស្រុក អាជ្ញាធរ​មូលដ្ឋាន ឬ​មន្ត្រី​ជំនាញ​ណា​បាន​ជួប​ប្រទះ​ឡើយ​ឮ​តែ​គេ​និយាយ​ត​ៗ​គ្នា ។

ប្រធាន​ការិយាល័យ​ដែន​ជម្រក​នៃ​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់​លោក ឯម ភូ​វិបុល បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ថ្មី​ៗ​នេះ​ថា លោក​ជា​មន្ត្រី​បរិ​ស្ថា​នុ​រក្ស​ធ្លាប់​ដឹកនាំ​កម្លាំង​ដើរ​ចូល​ព្រៃ ឡើង​ភ្នំ​ចុះ​ភ្នំ​គ្រប់​ទីកន្លែង​ក្នុងភូមិ​សាស្ត្រ​ស្រុក​វាល​វែង ប៉ុន្តែ​មិន​ដែល​បាន​ប្រទះ​ឃើញ​ដើម​ម្ទេស​យក្ស​នោះ​ទេ ។

លោក​ធ្លាប់តែ​ឃើញ​ដើម​ម្ទេស​ទំហំ​ប៉ុន​ម្រាមដៃ​ម្រាមជើង លុះ​ពេល​ឮ​គេ​និយាយ​ថា​មាន​ដើម​ម្ទេស​ធំ​រហូត​ដល់​ប៉ុន​ដើម​កកោះ ឬ​ដើម​ផ្ចឹក​នោះ​ហាក់បីដូចជា​ចម្លែក​ខ្លាំង​ណាស់ ចង់​ឃើញ​ដែរ តែ​មិន​ដែល​ឃើញ ។ លោ​កថា​បើសិនជា​មាន​មែន មន្ទីរ​ជំនាញ​នឹង​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច រួម​គ្នា​អភិរក្ស​ការពារ​ឲ្យ​បាន​គង់វង្ស ដើម្បី​រក្សា​ទុក​ជូន​ភ្ញៀវ​ទេសចរ​មក​មើល​កម្សាន្ត ។

លោក ជិន លី អតីត​អភិបាលរង​ស្រុក​វាល​វែង និង​ជា​អតីត​ទាហាន​ខ្មែរក្រហម​នៅ​តំបន់​នោះ​បាន​ប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង​ដែរ​ថា ពិតជា​មាន​ដើម​ម្ទេស​យក្ស​នោះ​មែន ។ ដើម​ម្ទេស​នោះ​មាន​រាង​កំពីកកំពក មាន​ទំហំ​ពី​៦​តឹក​ទៅ​៧​តឹក​ធំ​ជាង​មួយ​ឱប​មនុស្ស កម្ពស់​ប្រមាណ​១៥​ម៉ែត្រ និង​មាន​មែក​ដូច​ដើមឈើ​ដទៃ​ដែរ ។ ទោះបី​ដើម​ម្ទេស​នោះ​ធំ​ក៍​ពិតមែន ប៉ុន្តែ​ស្លឹក​និង​ផ្លែ​របស់​វា​ប៉ុន​ម្ទេស​យើង​ធម្មតា​ទេ ។

លោក ជិន លី បញ្ជាក់​ថា ដើម​ម្ទេស​យក្ស​នេះ​ដុះ​នៅ​លើ​ខ្នងភ្នំ​ម្ទេស ក្នុងភូមិ​សាស្ត្រ​ភូមិ​ឈើទាល​ជ្រុំ ឃុំ​ប្រមោយស្រុក​វាល​វែង​។ លោក​បានឃើញ​ដើម​ម្ទេស​នេះ​ក្នុង​ចន្លោះ​ឆ្នាំ​១៩៨៤-១៩៨៥ ដែល​កាលនោះ​នៅ​ស្រុក​វាល​វែង​ដែល​លោក​ធ្វើ​ទាហាន​ខ្មែរក្រហម​កន្លែង​ណា​ក៏​សុទ្ធតែ​ព្រៃឈើ​ខ្ពស់​ៗ​ដែរ ហើយ​មាន​តែ​ផ្លូវ​ដើរ​តែ​ប៉ុណ្ណោះ ។ លោក​មិនដឹង​ថា ដើម​ម្ទេស​នោះ​នៅ​រស់​ឬ​ក៏​ងាប់​ទៅ​ហើយ​ទេ ព្រោះ​សព្វ​ថ្ងៃនេះ​លោក​តែងតែ​ព្យាយាម​រក​មើល​ដើម​ម្ទេស​នោះ​ដែរ ប៉ុន្តែ​មិន​ដែល​ឃើញ​ទាល់តែ​សោះ ។

លោក ជិន លី និយាយ​ថា តាំងពី​គាត់​ឃើញ​មក​ជាង​៣០​ឆ្នាំ​ហើយ ដូច្នេះ​ដើម​ម្ទេស​នោះ​អាច​ដល់​អាយុ​ងាប់ ដួល​រលំ​ពុក​ផុយ ឬ​ក៏​អាច​បាត់បង់​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​ឬ​គ្រោះ​ធម្មជាតិ​ក៏​ថា​បាន មិន​អាច​មាន​មនុស្ស​ទៅ​កាប់​ទេ ព្រោះ​មិនដឹង​យក​ធ្វើ​អ្វី​កើត ៕ ​

អត្ថបទសរសេរ ដោយ