ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកទន្លេ​ឆ្នាំ​នេះ​ឡើង​លឿន និង​ខ្ពស់​ជាង​ឆ្នាំ​មុន​ៗ​ធ្វើ​ឲ្យ​ប៉ះពាល់​ដំណាំ​ផ្សេង​ៗ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​កំពង់​ប្រាសាទ ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច​ក៏​ដូច​ជា ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​គ​ជ្រុំ ឃុំ​កោះ​ថ្កូវ ស្រុក​ជល​គី​រី បាន​ត្អូញត្អែ ពី​ការ​លំបាក​ដោយសារ​ទឹកជំនន់​ឆ្នាំ​នេះ​បាន​ឡើង​ធំ…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​កំពង់​ប្រាសាទ ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច​ក៏​ដូច​ជា ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​គ​ជ្រុំ ឃុំ​កោះ​ថ្កូវ ស្រុក​ជល​គី​រី បាន​ត្អូញត្អែ ពី​ការ​លំបាក​ដោយសារ​ទឹកជំនន់​ឆ្នាំ​នេះ​បាន​ឡើង​ធំ និង​លឿន​ជាង​ឆ្នាំ​បណ្តា​មុន​ៗ ។

ប្រជាពលរដ្ឋ​លើក​ឡើង​បែប​នេះ ខណៈ​ពួក​គាត់​បាន​ធ្វើ​ដំណើរ​តាម​កាណូត​មក​កាន់​ទីផ្សារ​ដែល​បន្លាស់​ទី មក​កាន់​ទីទួល​សុវត្ថិភាព ។

បុរស​ម្នាក់​ដែល​ជា​អ្នក​រត់​កាណូត​ដរ​ចម្លង​មាន​ទីលំនៅ​ភូមិ​កំពង់​ប្រសាទ ឃុំ​សែ​ប បាន​និយាយ​ឱ្យ​ដឹង​ថា ទឹក​ឆ្នាំ​នេះ​បាន​ឡើង​លឿន​ខ្ពស់​ជាង​បណ្តា​ឆ្នាំ​កន្លង​ទៅ ធ្វើ​ឱ្យ​ស្រូវ​របស់​ប្រជាពលរដ្ឋ​ត្រូវ​លិចលង់​ដោយ​មាន​ខ្លះ​មិន​ទាន់​ទុំ ដែល​មិន​អាច​ច្រូតកាត់​ប្រមូល​ផល​បាន​នៅឡើយ ចំណែក​ខ្លះ​ទៀត​ជិត​នឹង​ប្រមូល​ផល​ក៏​ត្រូវ​ទឹក​លិច​តែ​ម្ដង ។ ស្រូវ​ប្រជាពលរដ្ឋ​រង​ការ​ខូចខាត​មាន​ចំនួន​ជា​ច្រើន​ហិ​កតា ។

លោក​បាន​បញ្ជាក់​ថា ឆ្នាំ​នេះ​ទឹក​មាន​កម្ពស់​ខ្ពស់​ជាង​ឆ្នាំ​កន្លង​ទៅ​ធ្វើ​ឲ្យ​ផ្សារ​កំពង់​ប្រាសាទ​លិចលង់​អស់​ដែរ ហើយ​បាន​រត់​បន្លាស់​ទី​ចម្ងាយ​ប្រមាណ​ជាង​១​គីឡូម៉ែត្រ ដើម្បី​ដាក់​លក់​ជា​បណ្ដោះអាសន្ន ហើយ​ផ្សារ​នេះ​នឹង​អាច​រំកិល​ឡើង​ទៅ​លើ​បន្ត​ទៀត​បើសិនជា​ទឹកទន្លេ​នៅ​តែ​បន្ត​ឡើង ។

ចំណែក​ប្រជាពលរដ្ឋ​មក​ពី​ភូមិ​គ​ជ្រុំ ឃុំ​កោះ​ថ្កូវ ស្រុក​ជល​គី​រី វិញ​ក៏​បាន​និយាយ​ដែរ​ថា ផ្ទះ​របស់​ពួក​គាត់​បាន​លេច​អស់​ទៅ​ហើយ ។ ពួក​គាត់​ធ្វើ​ដំណើរ​មក​ផ្សារ​នេះ ដើម្បី​មក​រក​ទិញ​ម្ហូបអាហារ ។ លើក​មុន​ពួក​គាត់​ជិះ​តែ​ម៉ូតូ​ងាយស្រួល ប៉ុន្តែ​ពេល​នេះ​គាត់​ត្រូវ​ជិះ​កាណូត​២​ដំណាក់កាល គឺ​ជិះ​ពី​ឃុំ​កោះ​ថ្កូវ មក​កំពង់​ប្រាសាទ តម្លៃ​ម្នាក់​៣​ពាន់​រៀល និង​ជិះ​ពី​កំពង់​ប្រាសាទ​មក​កាន់​ផ្សារ​ទីទួល​សុវត្ថិភាព​នេះ​តម្លៃ​ម្នាក់​១​ពាន់​រៀល​ថែម​ទៀត ដូច្នោះ​១​ថ្ងៃ​គាត់​ត្រូវ​ចំណាយ​៨​ពាន់​រៀល​សម្រាប់​ធ្វើ​ដំណើរ​ទៅ​មក​ខុស​ពី​កាល​ដីគោក គាត់​ជិះ​ម៉ូតូ ចំណាយ​លើ​ការ​ចាក់​សាំង​ត្រឹមតែ​កន្លះ​លី​ត្រ អស់​តែ​២​ពាន់​រៀល​ប៉ុណ្ណោះ ។

ប្រជាពលរដ្ឋ​ទាំងនោះ​បាន​លើក​ឡើង​ទៀត​ថា រយៈពេល​៧​ឆ្នាំ ហើយ​ដែល​ទឹកទន្លេ​ធ្លាប់​បាន​ឡើង​ធំ​ម្តង ហើយ​៧​ឆ្នាំ​ក្រោយ គឺ​ឆ្នាំ​នេះ​ទឹកទន្លេ​បាន​ខ្ពស់​សា​ជា​ថ្មី​ទៀត ។ ដោយសារ​តែ​បែប​នេះ​ហើយ​ទើប​កាលពី​ឆ្នាំ​មុន​ៗ កន្លង​ទៅ​ប្រជាពលរដ្ឋ​មិន​បាន​ត្រៀម​បម្រុង​ទូក​ក្តា​ទុកជា​មុន​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គាត់​គ្មាន​មធ្យោបាយ​ផ្ទាល់ខ្លួន​នោះ​ឡើយ ។

តាម​លោក ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា ដំណាំ​ស្រូវ​របស់​ប្រជាពលរដ្ឋ​រង​ការ​ប៉ះពាល់​មាន​ចំនួន​ជាង​៩០​ហិ​កតា​ក្នុង​នោះ​នៅ​ស្រុក​ជល​គី​រី ស្រូវ​ដែល​រង​ការ​រូ​ច​ខាត​ទាំងស្រុង​មាន​ចំនួន​៧​ហិ​កតា (​ស្រូវ​ជិត​ទុំ​) ។

ចំណែក​ដំណាំ​ចំការ​មិន​មាន​ផល​ប៉ះពាល់​នោះ​ទេ ព្រោះ​អ្នកចម្ការ​បានដឹង​ពី​ពេលវេលា ក្នុង​ការ​ដាំ​ដុះ ប៉ុន្តែ​ដំណាំ​រួម​ផ្សំ​នៅ​តាម​ផ្ទះ​ពិតជា​មានការ​ខូចខាត​ខ្លះ​ដែរ ។
ដោយឡែក​ក​ម្ប​ស់​ទឹកជំនន់​ដែល​បញ្ជាក់​ដោយ​មន្ទីរ​ធនធានទឹក និង​ឧ​ទុ​និយម​ខេត្ត​បាន​ឲ្យ​ដឹង​ថា ថ្ងៃ​ទី​០២ ខែកញ្ញា នេះ​ទឹក​មាន​កម្ពស់ ៩,៧០​ម៉ែត្រ ប្រើ​ប្រៀបធៀប​ដូច​គ្នា ឆ្នាំ​២០១៧ ទឹក​មាន​កម្ពស់ ៨,៨៦​ម៉ែត្រ គឺ​ខ្ពស់​ជាង​០,៨៤​ម៉ែត្រ ចំណែក​កម្ពស់​ទឹក​ប្រកាស​អាសន្ន​ក្នុង​ខេត្តកំពង់ឆ្នាំង​គឺ ១១​ម៉ែត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ