ខេត្តបាត់ដំបង ៖ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនមិនស្គាល់មុខបានបន្លំកាច់សោ.កលួចយកម៉ូតូ១គ្រឿង បង្កការភ្ញាក់ផ្អើលទាំងព្រលឹមអុលនៅខាងមុខផ្សារដំណាក់ស្ដៅ នាថ្ងៃទី៣១ សីហា វេលាម៉ោង៥ព្រឹក ក្នុងភូមិស្តៅ ឃុំស្តៅ ស្រុករតន:មណ្ឌល ហើយជនល្មើសជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ។
សេចក្ដីរាយការណ៍បន្តថា ម៉ូតូដែលត្រូវចោរលួចនោះម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខបាត់ដំបង1AA-9756 ដែលមានម្ចាស់ឈ្មោះហៀង បុិច ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិបឹងអំពិល ឃុំស្តៅ ស្រុករតន:មណ្ឌល ។
ប្រភពដដែលនិយាយថា ម៉ូតូនោះត្រូវម្ចាស់ទុកនៅខាងផ្សារដែលជាកន្លែងមានមនុស្សម្នាដើរចេញ-ចូលយ៉ាងមមារញឹកបំផុត តែគេមិនបានដឹងថា ម្ចាស់ម៉ូតូដើរទៅណាទេ លុះបន្តិចក្រោយមក ទើបមានការភ្ញាក់ផ្អើលតែម្ដង ដោយសារតែម្ចាស់រកម៉ូតូមិនឃើញ ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ម៉ូតូនោះបានទុកម៉ូតូនៅមុខផ្សារ រួចដើរចូលទៅរកទិញម្ហូបនៅខាងក្នុងផ្សារ លុះត្រឡប់ចេញមករកម៉ូតូវិញមិនឃើញ ក៏ផ្អើលឆោឡោតែម្ដង ។ នៅក្នុងហេតុការណ៍ មិនសាក្សីណាម្នាក់ បានប្រទះឃើញភិនភាគជនសង្ស័យនោះទេ ។
សូមបញ្ជាក់ថា សកម្មភាពក្រុមចោរកាច់សោ.កលួចយកម៉ូតូ នៅតាមទីសាធារណ: ឬនៅតាមផ្សារ និងនៅតាមទីប្រជុំជននានាក្នុងបច្ចុប្បន្ននេះ កំពុងបង្កក្ដីបារម្ភយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ ខណៈកម្លាំងសមត្ថកិច្ចហាក់បាត់បង់ម្ចាស់ការ ដែលមិនអាចទប់ស្កាត់ ឬមិនអាចគ្រប់គ្រងមុខសញ្ញាជនសង្ស័យ ឬមិនទាន់អាចបង្ក្រាបបាន ។ សកម្មភាពក្រុមចោរពេលនេះ ត្រូវគេសង្កេតឃើញថា ហាក់កំពុងផ្គើនកាន់តែខ្លាំងដល់កម្លាំងសមត្ថកិច្ច។
ពួកគេហាក់កំពុងធ្វើសកម្មភាពខ្លាំង នៅតាមបណ្ដាស្រុកមួយចំនួននៅក្នុងខេត្ត ខណ:នៅក្នុងក្រុងបាត់ដំបង មានការស្ងប់ស្ងាត់បន្តិច ។ ប៉ុន្តែយ៉ាងណា ប្រជាពលរដ្ឋមិនគួរតែទៅលើកម្លាំងសមត្ថកិច្ចនោះទេ ។ ពលរដ្ឋគួរតែប្រឹងប្រែងមានការប្រុងប្រយ័ត្ន ចំពោះទ្រព្យសម្បត្តិរបស់ខ្លួនផងដែរ មិនគួរធ្វេសប្រហែសរហូតធ្វើឲ្យបាត់បង់ទ្រព្យងាយៗបែបនេះទេ ។
ទោះយ៉ាងណា ជុំវិញករណីខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវហើយ តែទំនងងងិតឈឹងគ្មានតម្រុយអំពីជនដៃដល់ឡើយ ។
ចែករំលែកព័តមាននេះ