រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានចាត់ចែងផ្ទេរទណ្ឌិតជាក្មេងទំនើង (ភេទប្រុស) សរុបចំនួន ៧៩០នាក់ ពីបណ្តាមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ទៅអនុវត្តទោសបន្តនៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគារគោលដៅ ចំនួន០២ ដូចខាងក្រោម ៖
១. មណ្ឌលអប់រំកែប្រែទី៤ (ខេត្តពោធិ៍សាត់) ៖ ចំនួន៦៥១នាក់ ។
២. ពន្ធនាគារខេត្តឧត្តរមានជ័យ ៖ ចំនួន ១៣៩នាក់ ។
ការផ្ទេរទណ្ឌិតជាក្មេងទំនើងទាំងនេះ គឺក្នុងគោលបំណងបង្កើនការអប់រំកែប្រែស្តារនីតិសម្បទា តាមរយៈការចូលរួមកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីកសាងសមត្ថភាពជំនាញផ្ទាល់ខ្លួនផង និងដើម្បីបុព្វហេតុបម្រើជាតិ និងការស្រឡាញ់ជាតិមាតុភូមិផងដែរ ។
កម្មវិធីបណ្តុះបណ្តាលទាំងនោះ រួមមាន ជំនាញកសិកម្ម ដូចជាការដាំដុះបន្លែបង្ការ ការចិញ្ចឹមសត្វ និងជំនាញសំណង់ ដូចជា ការចាក់គម្របលេណដ្ឋាន និងសំណង់បេតុងផ្សេងៗ ដើម្បីគាំទ្រដល់កម្លាំងជួរមុខដែលកំពុងឈរជើងការពារអធិបតេយ្យភាពជាតិ ។
កម្មវិធីបណ្តុះបណ្តាលខាងលើនេះ នឹងត្រូវអនុវត្តឡើងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធពីមន្ត្រីជំនាញកសិកម្ម និងមន្ត្រីជំនាញផ្នែកកសាងគម្របលេណដ្ឋាន ៕
















ចែករំលែកព័តមាននេះ