រាជធានីភ្នំពេញ ៖ សណ្ឋាគារនិងខុនដូចំនួន ៣ ទីតាំងនៅខណ្ឌសែនសុខនិងខណ្ឌ៧មករា
ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានចុះរដ្ឋបាលឆែកឆេរត្រួតពិនិត្យដោយឃាត់ជនបរទេសចំនួន១៨នាក់ ពាក់ព័ន្ធនឹងបទល្មើស Online Scams និងស្នាក់នៅដោយខុសច្បាប់ ។
ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការ ចូលរួម ពីគណៈបញ្ជាការឯកភាពនៅតាមបណ្តាលខណ្ឌព្រមទាំងមានការសម្របសម្រួលនីតិវិធីច្បាប់ ដោយតំណាងអយ្យការផងដែរ ។
ទីតាំងដែលអាជ្ញាធរនិងសមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យឆែកឆេររកឃើញបទល្មើសនោះ
១.សណ្ឋាគារ ហ្គោលដិនផត ស្ថិតនៅភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបានរកឃើញជនជាតិចិន០៧នាក់ (គ្មានលិខិតឆ្លងដែន) ជាប់ពាក់ព័ន្ធបទល្មើស Online Scams ។ ដោយបានដកហូតវត្ថុតាងរួមមាន ៖ កុំព្យូទ័រ All In One ចំនួន ០១គ្រឿង , ទូរស័ព្ទដៃ ចំនួន ០៩គ្រឿង ។
ទីតាំងទី២ នៅចំណុចសណ្ឋាគារ ទូកណូអេ ស្ថិតនៅភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ រកឃើញជនជាតិចិន០៥នាក់ ក្នុងនោះ០៣នាក់ (គ្មានលិខិតឆ្លងដែន) និង០២នាក់ទៀត (ស្នាក់នៅហួសទិដ្ឋាការ) ។
ទីតាំងទី៣ នៅចំណុចខុនដូរ និងអគារពាណិជ្ជកម្ម អូឡាំព្យា អគារC7 អូឡាំព្យាស៊ីធី ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ រកឃើញជនបរទេស០៦នាក់(ស្រី០១នាក់) ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ។ ដោយដកហូតវត្ថុតាងមាន ៖ ម៉ូនីទ័រ ចំនួន ៣២គ្រឿង , CPU ចំនួន ១៧គ្រឿង , All In One ចំនួន ០១គ្រឿង , ទូរស័ព្ទដៃ ចំនួន ០៣គ្រឿង ។
បច្ចុប្បន្ន ក្រុមជនសង្ស័យទាំងអស់ និងវត្ថុតាងពាក់ព័ន្ធ ត្រូវបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ ៕








ចែករំលែកព័តមាននេះ