ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យើងប្រាកដជានៅមិនទាន់ដឹង​…​ក្រុង​-​ស្រុក​ទាំង​១២របស់​ខេត្តសៀមរាប​ មាន​ភ្នំអ្វីខ្លះ?​​

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ក្រុង​-​ស្រុក​ទាំង​១២របស់​ខេត្តសៀមរាប មាន​ភ្នំ​ដែល​គេ​ស្គាល់ឈ្មោះ​ចំនួន​សរុប​ប្រមាណ​៤១ ហើយ​មាន​ភ្នំ​ជា​ច្រើន​ទៀត​ដែល​មិន​បាន​ទៅ​ដល់​គ្មាន​ការ​ស្រាវជ្រាវ ។ ចំណែក​ភ្នំ​មួយ​ចំនួន នៅ​តាម​បណ្តាក្រុង​-​ស្រុក​ទាំង​១២​នោះ ​ខ្លះ​មាន​វត្ត​នៅ​ពីលើ និងមាន​ប្រាសាទបុរាណ​ជា​ច្រើន​ដែល​នៅ​សល់​តាំងពី​សម័យ​បុរាណ​និង​សម័យ​សង្គ្រាម…

ខេត្តសៀមរាប ៖ ក្រុង​-​ស្រុក​ទាំង​១២របស់​ខេត្តសៀមរាប មាន​ភ្នំ​ដែល​គេ​ស្គាល់ឈ្មោះ​ចំនួន​សរុប​ប្រមាណ​៤១ ហើយ​មាន​ភ្នំ​ជា​ច្រើន​ទៀត​ដែល​មិន​បាន​ទៅ​ដល់​គ្មាន​ការ​ស្រាវជ្រាវ ។

ចំណែក​ភ្នំ​មួយ​ចំនួន នៅ​តាម​បណ្តាក្រុង​-​ស្រុក​ទាំង​១២​នោះ ​ខ្លះ​មាន​វត្ត​នៅ​ពីលើ និងមាន​ប្រាសាទបុរាណ​ជា​ច្រើន​ដែល​នៅ​សល់​តាំងពី​សម័យ​បុរាណ​និង​សម័យ​សង្គ្រាម ព្រមទាំង​មាន រមណីយដ្ឋាន​ធម្មជាតិ​មួយ​ចំនួន​ដែល​នៅ​ជាប់​ចំ​រ៉ា​ក់ជើង​ភ្នំ កំពុង​ទាក់ទាញ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ ដែល​បាន​ចូល​មក​ទស្សនា​នៅ​លើ​ទឹកដី​ប្រវត្តិសាស្ត្រ​នៃ​ខេត្ត​សៀម​រាប ហើយ​ក៏​មានផ្ទះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​ជើងភ្នំ​ទាំងនោះ ដើម្បី​ប្រកប​មុខរបរ​លក់ដូរ និង​ធ្វើ​ស្រែ​ចំការ គ្រាន់​បាន​ចំណូល​យក​មក​ចិញ្ចឹម​ក្នុង​ក្រុម​គ្រួសារ ចៀសវាង​ចេញ​ទៅ​ធ្វើ​ចំណាកស្រុក​នៅ​ក្រៅប្រទេស​ផង​ដែរ ។

តាម​របាយការណ៍​ខ្លះ​ៗ​ពី​អធិការដ្ឋាន​ក្រុង​-​ស្រុក​ទាំង​១២ បាន​រៀបរាប់​ប្រាប់​កោះសន្តិភាព​អំពី​ភ្នំ​នីមួយ​ៗ​របស់​ក្រុង​-​ស្រុក​ថា​៖ ​ភ្នំ​ចំនួន​៤១​ភ្នំ​នៅ​ខេត្តសៀមរាប​នោះ​មាន​៖

១-​ក្រុង​សៀមរាប មាន​ភ្នំ ចំនួន​២ គឺ​ទី​១-​ភ្នំ​ក្រោម មាន​ប្រាង្គ​ប្រាសាទបុរាណ ព្រមទាំង​មាន​វត្ត​អារាម នៅ​លើ​កំពូលភ្នំ និង​មាន​វត្ត​នៅ​ចំ​រ៉ា​ក់ជើង​ភ្នំ ហើយ​មាន​ផ្សារ​លក់ដូរ ព្រមទាំង​មាន​ទេសភាព​ស្រស់បំព្រង ។ មើល​ពីលើ​ភ្នំ​មក គួរ​ឱ្យ​ទាក់ទាញ​អារម្មណ៍​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ផង​ដែរ ដែល​បាន​នាំ​គ្នា​បើករថយន្ត ឬ​ម៉ូតូ​ឡើង​ទៅ​ដល់​កំពូលភ្នំ ដើម្បី​ថត​ផ្តិត​យក​រូបភាព ពីលើ​កំពូលភ្នំ​ទៅ​បឹង​ទន្លេសាប និង​ទេសភាព​នៅ​ជុំវិញ​បរិវេណ​ជើងភ្នំ​ផង​ដែរ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​សៀមរាប ក្រុង​សៀមរាប ។

ទី​២-​ភ្នំ​បាក់​ខែង មាន​ប្រាសាទបុរាណ ជា​ច្រើន​នៅ​លើ​កំពូល ដែល​ភ្ញៀវ​បរទេស​នាំ​គ្នា​ឡើង​ទៅ​មើល​ថ្ងៃ​រះ ពេល​ព្រលឹម នៅ​ពេល​ល្ងាច​នាំ​គ្នា ឡើង​ទៅ​មើល ថ្ងៃ​លិច ហើយ​នៅ​ខាងក្រោម ទល់មុខ​ប្រាសាទ​មាន​អ្នក​លក់ដូរ​ជា​ច្រើន ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​សៀមរាប ។

២-​ស្រុក​ជីក្រែង មាន​ភ្នំ​ចំនួន​៧ ក្នុង​នោះ​ទី​១-​ភ្នំ​រ៉ុ​ន​, ទី​២-​ភ្នំ​ពើង​, ទី​៣-​ភ្នំ​បាក់រទេះ មាន​វត្ត​នៅ​ពីលើ​, ទី​៤-​ភ្នំ​ក្បាល​ខ្មោច​, ទី​៥-​ភ្នំ​អាចម៍​ស្រមោច​, ទី​៦-​ភ្នំ​ខ្ទុំ និង​ទី​៧-​ភ្នំ ល្អាង មាន​ទីតាំង​ជាប់​នឹង​ព្រំប្រទល់​ស្រុក​គូលែន ខេត្តព្រះវិហារ​ហើយ​ភ្នំ ទាំង​៧​នោះ គឺ​ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប ។

៣-​ស្រុក សូទ្រនិគម មាន​ភ្នំ​ចំនួន​២ គឺ​៖​ភ្នំ​ច​ង្ហា និង​ភ្នំ​ក​ង្ហិ​ត ស្ថិត​នៅ​ក្នុងភូមិ​ស្រា​ស្ត្រ ឃុំ​ពពែ​ល ។

៤-​ស្រុក​ស្វាយ​លើ មាន​ភ្នំ​ចំនួន​៥​គឺ​៖ ទី​១/​ភ្នំ គូលែន មាន​វត្ត​នៅ​លើ​កំពូលភ្នំ គឺ​ព្រះ​អង្គ​ធំ និង​មាន​ប្រាសាទ​បុរាណ​ជា​ច្រើន ព្រមទាំង​មាន​រម​នី​យ​ដ្ឋា​ន ថែម​ទៀត​ផង​ដែរ ទី​២-​ភ្នំ​រាម មានព្រៃ​សហគមន៍ ទី​៣-​ភ្នំ​ទំពូង នៅ​មាន​គ្រឹះ​ថ្ម​ប្រាសាទបុរាណ ដែល​នៅ​សេសសល់​ពី​សង្គ្រាម ហើយ​ភ្នំ​ទាំង​៣ នេះ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ ឃុំ​ស្វាយ​លើ​, ទី​៤-​ភ្នំ​តា​វ៉ា ស្ថិត​នៅ​ភូមិសាស្ត្រ ឃុំ​តា​សៀម និង​ទី​៥-​ភ្នំ​ខ្យង ស្ថិត​នៅ​ឃុំ​កន្ទួត ។

៥-​ស្រុក​ស្រីស្នំ មាន​ភ្នំ​ចំនួន​៥​ភ្នំ គឺ​៖​ទី​១-​ភ្នំ តា​មាស​, ទី​២-​ភ្នំ​តា​ប៉ែន​, ទី​៣-​ភ្នំ​ធំ​, ទី​៤-​ភ្នំ​ព្រះ​ច្បារ​,​និង ទី​៥/​ភ្នំ មហាឥសី ពុំ​មាន​វត្ត ឬ ប្រាសាទបុរាណ នៅ​ទីនោះ​ឡើយ ។

៦-​ស្រុក​អង្គរធំ មាន​ភ្នំ​ចំនួន​៤​ភ្នំ គឺ​៖​ទី​១-​ភ្នំ ដី ស្ថិត​នៅ​ក្នុង​ឃុំ​លាងដៃ ទី​២-​ភ្នំ ឆ្កែ​កូន មាន​វត្ត​នៅ​ពីលើ ទី​៣-​ភ្នំ​តា​ទូ​ស ស្ថិត​នៅ​ក្នុង​ឃុំ​ពាក់​ស្នែង ទី​៤-​ភ្នំ​កង​រី មាន​វត្ត​នៅ​ពីលើ ហើយ​មាន​ប្រាសាទបុរាណ​បាក់បែក​ផង​ដែរ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិសាស្ត្រ​ឃុំ​ជប់​តា​ត្រាវ និង​មាន​ភ្នំ​ជា​ច្រើន​ទៀត​ដែល​នៅ​ឆ្ងាយ​ៗ​មិន​មាន​អ្នក​ស្គាល់ឈ្មោះ​និង​ទៅ​មិន​ដល់ ។

៧-​ស្រុក​អង្គរជុំ​មាន​ភ្នំ​ចំនួន​៣​គឺ​៖ ទី​១-​ភ្នំ ពើង​តាន​ន់ ដែល​មាន​សម្រស់​ទេសភាព​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ ដែល​មាន​ទីតាំង​ភូមិសាស្ត្រ​ស្ថិត​ក្នុងភូមិ​កោស​ម្ទេ​ង ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប ដែល​មាន​ចំងាយ​ប្រមាណ​ជាង​៧០​គីឡូម៉ែត្រ ពី​ទីរួមខេត្ត​សៀមរាប តាម​ផ្លូវ​ទៅ​ផ្សារ​ពាក់​ស្នែង ។ ទី​២-​ភ្នំ ម្រេច ស្ថិត​នៅ​ក្នុង ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ។

៨-​ស្រុក វ៉ា​រិ​ន មាន​ភ្នំ​ចំនួន​៤​ភ្នំ គឺ ៖​ទី​១/​ភ្នំ​ចង្ក្រាន​រយ មាន​វត្ត​នៅ​ពីលើ ហើយ​មាន​រមណីយដ្ឋាន​ទឹកធ្លាក់ ដែល​មើលទៅ​គួរ​ឱ្យ​គយគន់​ផង​ដែរ ឃុំ​ស្វាយស ទី​២-​ភ្នំ​សង្កែ ទី​៣-​ភ្នំ​បាយ​ដុត និង​ទី​៤-​ភ្នំ​អាជ្ញា​រាម ស្ថិត​នៅ ឃុំ​ប្រាសាទ ។

៩-​ស្រុក​ក្រឡាញ់ មាន​ភ្នំ​ចំនួន​១ គឺ​៖​ភ្នំ​ទ្រង់​បាត ដែល​មាន​ប្រាសាទតូច​ៗ និង​មាន​អាស្រម នៅ​ពីលើ​ផង​ដែរ។

១០-​ស្រុក​ពួក មាន​ភ្នំ​ចំនួន​២ គឺ​ភ្នំ​រ៉ូង មាន​វត្ត​នៅ​ពីលើ ស្ថិត​នៅ​ភូមិ​ដូន​កែវ និង​ភ្នំ​ដី​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជាប់ បឹង​ទន្លេសាប ។

១១-​ស្រុក​បន្ទាយស្រី មាន​ភ្នំ​ចំនួន​៦​ភ្នំ​គឺ​៖ ទី​១-​ភ្នំ​ដី ស្ថិត​នៅ​ឃុំ​ខ្នារ​សណ្តាយ ។ ទី​២-​ភ្នំ​បូក មាន​វត្ត និង​ប្រាសាទបុរាណ​នៅ​ពីលើ ស្ថិត​នៅ​ឃុំ​រ៉ុ​នតា​ឯក ។ ទី​៣-​ភ្នំ​ហប់ មាន​វត្ត​នៅ​ពីលើ ស្ថិត​នៅ​ឃុំ​ខ្នារ​សណ្តាយ​, ទី​៤-​ភ្នំ​ក្បាលស្ពាន​មាន​ប្រាសាទបុរាណ​ជា​ច្រើន និង​មាន​រមណីយដ្ឋាន​ផង​ដែរ ស្ថិត​នៅ​ក្នុង ឃុំ​ឃុន​រាម​, ទី​៥-​ភ្នំ​ទេវៈ ស្ថិត​នៅ​ក្នុង​ឃុំ​រំចេក និង​ទី​៦-​ភ្នំ​គូលែន​ជាប់​ចំ​រ៉ា​ក់ជើង​ភ្នំ ស្ថិត​នៅ​ក្នុង​ឃុំ​ត្បែង ហើយ​ក៏​ជា​ភ្នំ មួយ​ដែល​ជាប់​ពាក់កណ្តាល​ម្ខាង​ម្នាក់ និង​ស្រុក​ស្វាយ​លើ​ផង​ដែរ ។

១២-​ស្រុក​ប្រាសាទបាគង មាន​តែ​ប្រាសាទបុរាណ​ជា​ច្រើន​ដូច​ជា​៖​ប្រាសាទបាគង មាន​វត្ត និង​ប្រាសាទ
​ជា​ច្រើន​នៅ​ពីលើ​, ប្រាសាទ​ព្រះ គោ​, ប្រាសាទលលៃ​, ប្រាសាទចៅស្រីវិបុល​,​មាន​វត្ត​ចាស់​ៗ ដល់​បច្ចុប្បន្ន ហៅ​​ថា​វត្ត​ត្រាច​,៕

អត្ថបទសរសេរ ដោយ