ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ស្វាគមន៍​ទេសចរ​អន្តរជាតិ​ជាង​3​លាន​នាក់​ក្នុង​ឆមាស​ទី​1

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​៣.០០១.៦៦០​នាក់ កើនឡើង​ប្រមាណ​១២,៧% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០១៧ ខណៈ​ទេសចរ​កម្ពុជា​ចេញ​ទៅ​ក្រៅប្រទេស​មាន​ចំនួន​៩៦៤.២៧៦​នាក់ កើនឡើង​ប្រមាណ​១៤,៥% ។…

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​៣.០០១.៦៦០​នាក់ កើនឡើង​ប្រមាណ​១២,៧% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០១៧ ខណៈ​ទេសចរ​កម្ពុជា​ចេញ​ទៅ​ក្រៅប្រទេស​មាន​ចំនួន​៩៦៤.២៧៦​នាក់ កើនឡើង​ប្រមាណ​១៤,៥% ។ នេះ​បើ​តាម​របាយការណ៍​ក្រសួងទេសចរណ៍ ដែល​កោះសន្ដិភាព​ទទួល បាន​កាលពី​ថ្ងៃ​ទី​២៨ សីហា ម្សិលមិញ ។

របាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ចំណោម​ទីផ្សារ​ទេសចរណ៍​សំខាន់​ៗ​ទាំង​១០​ប្រទេស ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ចិន ឈរ​នៅ​លេខ​រៀង​ទី​១ មាន​ចំនួន​៩៣១.៧៦៣​នាក់ ស្មើនឹង​៣១%​នៃ​ចំនួន​សរុប កើនឡើង​ប្រមាណ​៧៥,៨% ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន​។ ទន្ទឹម​នឹង​នោះ ភ្ញៀវ​មក​ពី​អា​មេ​រិ​ក​, បារាំង និង​ជប៉ុន ក៏​មាន​និន្នាការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ដែរ បើ​ទោះជា​កំណើន​មាន​កម្រិត​ទាប​ក៏​ដោយ ​។

របាយការណ៍​ក៏​បាន​បង្ហាញ​តួលេខ​ប្រភព​ទីផ្សារ​ទេសចរណ៍​សំខាន់​ៗ​ផង​ដែរ ដោយ​ភ្ញៀវ​ទេសចរ​មក​ពី​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក មាន​ចំនួន​២.៣៥១.០០៤​នាក់ ស្មើនឹង​៧៨,៣%​នៃ​ចំនួន​សរុប កើនឡើង​ប្រមាណ​១៨,២% ក្នុង​នោះ​ភ្ញៀវ​មក​ពី​តំបន់​អាស៊ាន​មាន ចំនួន​៩៤៨.៧៥៤​នាក់ ស្មើនឹង​៣១,៦%​នៃ​ចំនួន​សរុប ថយ​ចុះ​ប្រមាណ​៣,៥%​។ ចំណែក​ភ្ញៀវ​មក​ពី​តំបន់​អឺរ៉ុប​មាន​ចំនួន​៤៣៤.៧៤៤​នាក់ ថយ​ចុះ​ប្រមាណ​២,៩% ខណៈ​ភ្ញៀវ​មក​ពី​តំបន់​អា​មេ​រិ​ក​មាន​ចំនួន​២០១.៩០៤​នាក់ ថយ​ចុះ​ប្រមាណ​៥,២%​ផង​ដែរ ។

របាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា តំបន់​ភ្នំពេញ ទទួល​បាន​ទេសចរ​អន្តរជាតិ​ច្រើន​ជាងគេ គឺ​មាន​ចំនួន​១.៦៤៤.៦៨៩​នាក់ កើនឡើង​ប្រមាណ​១៥,១%, តំបន់​សៀមរាប​អង្គរ​ទទួល​បាន​ចំនួន​១.៣៥៦.៩៦១​នាក់​កើនឡើង​ប្រមាណ ១០% និង​តំបន់ឆ្នេរ​សមុទ្រ ទទួល​បាន​ចំនួន​៥៣២.៤៧២​នាក់ កើនឡើង​៣៦,៦% ។
ចំណែក​តំបន់​អេកូ​ទេសចរណ៍​ភូមិភាគ​ឦសាន ទទួល​បាន​ចំនួន​៤២.៩៩៤​នាក់​កើនឡើង​ប្រមាណ​៩,២% និង​តំបន់​ប្រាសាទព្រះវិហារ ទទួល​បាន​ចំនួន​៣១.៣៦៩​នាក់ ថយ​ចុះ​១,៥% ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក​បណ្ឌិត ថោ​ង ខុន បាន​លើក​ឡើង​ថា កម្ពុជា ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ និង​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​មាន​ទស្សនវិស័យ​ច្បាស់លាស់ ហើយ​មាន​គោលដៅ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ក្នុង​នោះ​វិស័យ​ទេសចរណ៍​ក៏​ត្រូវ​បាន​ចាត់ទុកជា​វិស័យ​អាទិភាព​មួយ​ក្នុង​ចំណោម​វិស័យ​អាទិភាព​ដទៃ​ទៀត ក្នុង​ការ​រួមចំណែក​ស្តារ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ ។លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា ៖« រយៈពេល​កន្លង​មកនេះ វិស័យ​ទេសចរណ៍​មានការ​អភិវឌ្ឍ​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​កំណើន​២​ខ្ទង់​រួច​មក​ហើយ ប៉ុន្តែ​សម្រាប់​៥​ឆ្នាំ​បន្ត​ទៅ​មុខ​ទៀត​នេះ យើង​កំពុង​ខិតខំ​ធ្វើ​យ៉ាងម៉េច​សម្រេច​ឲ្យ​បាន​តាម​ផែនការ​ណែនាំ​របស់​រាជរដ្ឋាភិបាល​ដែល​បាន​គូសវាស ក្នុង​នោះ​ធ្វើ​យ៉ាងណា​នៅ​ឆ្នាំ​២០២០ ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ឲ្យ​កើន​ដល់​៧​លាន​នាក់​, នៅ​ឆ្នាំ​២០២៥ កើន​ដល់​ជាង​១០​លាន​នាក់ និង​ឆ្នាំ​២០៣០ កើន​ដល់​១៥​លាន​នាក់ »​។

យ៉ាងណា​ក៏​ដោយ លោក​រដ្ឋមន្ត្រី​នៅ​តែ​អះអាង​ថា ដើម្បី​សម្រេច​គោលដៅ​ខាងលើ​នេះ​ចាំបាច់​ណាស់​ប្រទេស​កម្ពុជា​ត្រូវ​មាន​សុខ​សន្តិភាព​ពិតប្រាកដ ប៉ុន្តែ​តាម​រយៈ​ការ​បោះ​ឆ្នោត​កាលពី​ពេល​ថ្មី​ៗ​នេះ​ដែល​ប្រជាពលរដ្ឋ​ផ្តល់​ទំនុកចិត្ត​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បង្ហាញ​ថា​ប្រជាពលរដ្ឋ​ពិតជា​ស្រឡាញ់​សន្តិភាព ចង់​រស់នៅ​ដោយ​សុខ​សន្តិភាព ។ ដូច្នេះ​បើ​មាន​សន្តិភាព​ហើយ​នោះ វិស័យ​ទេសចរណ៍​នឹង​មានការ​រីក​ចម្រើន ហើយ​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ នឹង​មាន​សន្ទុះ​កើនឡើង ។ ទន្ទឹម​នោះ កម្ពុជា​ពោរពេញ​ដោយ​សក្តានុពល​ខាង​សម្បត្តិ​វប្បធម៌ ធនធានធម្មជាតិ រួម​ទាំង​ប្រពៃណី​នៃ​ភាពរួស​រាយ​រាក់ទាក់​របស់​ប្រជាជន​កម្ពុជា សុទ្ធ​សឹង​ជា​កត្តា​គន្លឹះ​នៃ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ។

យ៉ាងនេះ​ក្ដី លោក​ថា ៖« ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នោះ យើង​មិន​ភ្លេច​នូវ​ការ​ច្នៃប្រឌិត​ឲ្យ​រស់​រវើក​ក្នុង​ការ​បង្កើត​ឡើង​នូវ​ផលិតផល​ទេសចរណ៍​ថ្មី​ៗ​ជា​បន្តបន្ទាប់ ព្រោះ​ថាបើ​យើង​អត់​មាន​ផលិតផល​ទេសចរណ៍​ថ្មី​ប្រកបដោយ​គុណភាព និង​ភាព​ទាក់ទាញ​ទេ យើង​នឹង​មិន​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​បាន​ឡើយ »​។ វិស័យ​ឯកជន​ដែល​កំពុង​ប្រតិបត្តិ​ផ្នែក​ទេសចរណ៍​ក៏​បាន​សម្ដែង​ការ​សាទរ​ជាមួយ​រាជរដ្ឋាភិបាល​ដែល​សម្រេច​បាន​កំណើន​ទេសចរ​អន្តរជាតិ​គួរ​ឲ្យ​កត់សម្គាល់​នេះ​ផង​ដែរ ។

លោក ហូ វ​ណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​ថ្លែង​អបអរសាទរ​នូវ​តួលេខ​ដែល​រដ្ឋាភិបាល​ទទួល​បាន​នេះ ប៉ុន្តែ​លោក​មិន​អត្ថាធិប្បាយ​ថា​តើ​តួលេខ​នេះ​មាន​លក្ខណៈ​វិទ្យាសាស្ត្រ ឬ​យ៉ាងណា​នោះ​ទេ តែ​លោក​ទទួលស្គាល់​ថា កម្ពុជា​ពិតជា​សម្រេច​បាន​កំណើន​ភ្ញៀវ​ទេសចរ​មែន ដែល​ភាគច្រើន​ជា​ភ្ញៀវ​ទេសចរ​ចិន ។ លោក​បន្ត​ថា ៖« គោលនយោបាយ​បើកចំហ​ជើងមេឃ​របស់​ប្រមុខ​រាជរដ្ឋាភិបាល បាន​ទទួល​ជោគជ័យ​ដែល​ធ្វើ​ឲ្យ​ចំនួន​ក្រុមហ៊ុន​អាកាសចរណ៍ និង​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍​បាន​កើនឡើង​យ៉ាង​គំហុក » ។

យ៉ាងនេះ​ក្ដី លោក​ថា ៖« ទោះជា​យ៉ាងណា កម្ពុជា​ត្រូវ​រៀបចំ​អភិវឌ្ឍន៍​រមណីយដ្ឋាន​ទេសចរណ៍ និង​ផលិតផល​ទេសចរណ៍​បន្ថែម​ទៀត ពិសេស​បញ្ហា​អនាម័យ​គួរ​ផ្តោត​ការ​យកចិត្តទុកដាក់ ជា​ពិសេស​ពី​សំណាក់​ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់​ព័​ន្ឋ » ។ ជាមួយ​គ្នា​នេះ លោក ធួន ស៊ី​ណា​ន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​កបាន​ថ្លែង​អបអរ​ផង​ដែរ​ចំពោះ​ការ​សម្រេច​បាន​កំណើន​ភ្ញៀវ​ទេសចរ​នា​ពេល​នេះ ។លោក​បន្ត​ថា ៖« យើង​ឃើញ​ភ្ញៀវ​ទេសចរ​ចិន ពិតជា​កើនឡើង​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់​មែន​ដែល​នេះ​ជា​រឿង​អបអរសាទរ​មួយ​របស់​កម្ពុជា​»៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ