ខេត្តឧត្តរមានជ័យ ៖ ឆន្ទៈខ្មែរគ្រប់រូបដែលស្រឡាញ់ទឹកដីកេរពីដូនតាហាក់កំពុងធ្វើឱ្យមនសិការជាតិពុះកញ្ជ្រោលពីមួយថ្ងៃទៅមួយថ្ងៃ ខណៈជម្លោះព្រំដែនជាមួយថៃកំពុងកើតឡើង ។ អ្វីដែលមានការកត់សម្គាល់នោះសម្រាប់ប្រាសាទ២នៅលើខ្នងភ្នំដងរែក គឺប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ត្រូវបានបង្ហាញច្បាស់តាម Google Maps ថាប្រាសាទនោះ គឺស្ថិតក្នុងអធិបតេយ្យភាពកម្ពុជា គឺរឹតតែធ្វើឱ្យប្រជាពល រដ្ឋខ្មែរមានទឹកចិត្តស្រឡាញ់និងការពារកាន់តែពុះកញ្ជ្រោលឡើង ទោះបីស្ថិតក្នុងតម្លៃណាក៏ដោយ ។ នៅក្នុងរយៈពេលចុងក្រោយនេះប្រជាពលរដ្ឋបាននាំគ្នាសម្រុកទៅលេងនៅប្រាសាទតាមាន់ធំនិងប្រាសាទតាក្របី ដែលក្នុង១ថ្ងៃរាប់ពាន់នាក់មកពីគ្រប់ទិសទីទូទាំងប្រទេស ។

មន្ត្រីយោធាកងពលថ្មើរជើងលេខ៤១ បានប្រាប់ថា រៀងរាល់ចុងសប្តាហ៍ប្រជាពលរដ្ឋខ្មែរយើងបាននាំគ្នាមកលេងកម្សាន្តនៅប្រាសាទតាមាន់ធំ១ថ្ងៃរាប់ពាន់នាក់ បើប្រៀបធៀបកាលពីមុន ១ថ្ងៃមានប្រមាណ៤០០ទៅ៥០០នាក់ប៉ុណ្ណោះ ។ ប្រាសាទតាមាន់ធំស្ថិតភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។

ចំណែកនៅប្រាសាទតាក្របីវិញ យោធាតំបន់ប្រតិបត្តិការសឹករងស្រុកបន្ទាយអំពិលក៏បានបញ្ជាក់ដែរថា រាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យចុងសប្តាហ៍ មានប្រជាពលរដ្ឋខ្មែរបាននាំគ្នាមកមើលនិងលេងកម្សាន្តប្រាសាទតាក្របីមានប្រមាណពី ៤០០ទៅ៥០០នាក់ បើប្រៀបធៀបកាលពីមុន ១ថ្ងៃមានពី១០០ទៅ២០០នាក់ប៉ុណ្ណោះ ។ ប្រាសាទតាក្របីស្ថិតភូមិបុសធំ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។

កម្លាំងយោធាជួរមុខនៅចំណុចប្រាសាទទាំង២បានថ្លែងអំណរគុណចំពោះសប្បុរសជនដែលបានមកលេងនៅប្រាសាទតាមាន់ធំនិងប្រាសាទតាក្របី ដោយបានពាំនាំអំណោយចែកជូនជាកម្លាំងចិត្តដល់កម្លាំងយោធាដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងមាតុភូមិមិនឱ្យប្រទេសជិតខាងឈ្លានពានបានឡើយ ៕





ចែករំលែកព័តមាននេះ