ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ពង្រីក​ព្រ​លាន​យន្ដហោះ​កងកេង ឆ្លើយ​តប​កំណើន​អាកាសចរណ៍

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា​(SCA) បាន ​និង​កំពុង​ពង្រីក​ផ្លូវ​រត់​កាន់តែ​វែង​សម្រាប់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​កងកេង ខេត្ត​ព្រះ​សីហ​នុ ដើម្បី​អាច​ទទួល​ចុះ​ចត​យន្តហោះ​បាន​កាន់តែ​ច្រើន និង​ធំ​ជាង​មុន ។ អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា​(SCA) បាន ​និង​កំពុង​ពង្រីក​ផ្លូវ​រត់​កាន់តែ​វែង​សម្រាប់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​កងកេង ខេត្ត​ព្រះ​សីហ​នុ ដើម្បី​អាច​ទទួល​ចុះ​ចត​យន្តហោះ​បាន​កាន់តែ​ច្រើន និង​ធំ​ជាង​មុន ។

អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល លោក ស៊ិ​ន ចាន់​សិរី​វុ​ត្ថា បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​២១ សីហា កន្លង​មក​ថា ព្រ​លាន​យន្តហោះ​ដែល​បាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា​(SCA)​នេះ នឹង​ត្រូវ​ពង្រីក​ដល់​ប្រវែង​៣.៦០០​ម៉ែត្រ ខណៈ​បច្ចុប្បន្ន​ព្រ​លាន​នេះ​មាន​ប្រវែង​ផ្លូវ​រត់​២.៨០០​ម៉ែត្រ​ហើយ ។ ហេតុនេះ SCA​បាន​និង​កំពុង​ចាប់ផ្តើម​ពង្រីក​ដំណាក់កាល​ទី​១ ប្រវែង​៣០០​ម៉ែត្រ​សិន មុន​នឹង​ពង្រីក​ជំហាន​ទី​២​ប្រវែង​៣០០​ម៉ែត្រ​ទៀត ដើម្បី​បញ្ចប់​តាម​ផែនការ​របស់​ខ្លួន ។
លោក​បន្ត​ថា ៖« ពេល​ព្រ​លាន​នេះ​ពង្រីក​ចប់​តាម​ផែនការ​របស់​ខ្លួន សមត្ថភាព​ព្រ​លាន​នេះ​អាច​ចុះ​ចត​យន្តហោះ​ខ្នាត​មធ្យម ដែល​អាច​ផ្ទុក​អ្នកដំណើរ​ចន្លោះ​ពី​៣០០​ទៅ​៤០០​នាក់​បាន »​។​លោក​ថា ៖« ការ​ពង្រីក​ព្រ​លាន​ថ្មី​នេះ អាច​នឹង​ចំណាយពេល​ប្រមាណ​១​ឆ្នាំ និង​ដំណាក់កាល​ទី​២ មិនដឹង​ចាប់ផ្តើម​ពេល​ណា​នៅឡើយ​ទេ »​។

មូលនិធិ​វិនិយោគ​ព្រ​លាន​នេះ​ជា​ការ​ចំណាយ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា ដែល​គ្រប់គ្រង​ដោយ​បារាំង ។ លោក​ស៊ិ​ន ចាន់​សិរី​វុ​ត្ថា បាន​បន្ត​ថា ព្រ​លាន​យន្តហោះ​នេះ​អាច​ទទួល​បាន​អ្នកដំណើរ​ឆ្លងកាត់​ប្រមាណ​១​លាន​នាក់​នៅ​ឆ្នាំ​២០២០​ខាង​មុខ​ខណៈ​បច្ចុប្បន្ន អាកាសចរណ៍​ជា​ច្រើន​បាន​និង​កំពុង​ចុះ​ចត​នៅ​ព្រ​លាន​យន្តហោះ​នេះ ដោយ​មួ​យស​ប្តា​ហ៍​មាន​អាកាសចរណ៍​ចំនួន​៧៨​លើក​បាន​ហោះ​ចុះឡើង​នៅ​ព្រ​លាន​ ។

យ៉ាងនេះ​ក្ដី បើ​តាម​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ លោក​តាំង សុចិត្រ​គ្រឹះ​ស្នា បាន​មាន​ប្រសាសន៍​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ព្រ​លាន​យន្តហោះ​នេះ​ទទួល​បាន​អាកាសចរណ៍​ចុះ​ចត​ជាង​៥០០​លើក​ក្នុង​មួ​យស​ប្តា​ហ៍​ឯណោះ ដោយសារ​កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ពិសេស​ភ្ញៀវ​ទេសចរ​និង​អ្នក​វិនិយោគ​ចិន កើនឡើង​ខ្លាំង ដែល​ធ្វើ​ឲ្យ​ខេត្ត​ប្រឈម​នឹង​កង្វះ​បន្ទប់​សណ្ឋាគារ​ជាប់​ជា​ប្រចាំ ពិសេស​នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍ និង​ពិធីបុណ្យ​ទាន​ធំ​ៗ ។ លោក​បន្ត​ថា ៖« កង្វះ​បន្ទប់​សណ្ឋាគារ ដោយសារ​សណ្ឋាគារ​ភាគច្រើន​ត្រូវ​បាន​ជួល​ឲ្យ​អ្នក​វិនិយោគ​ចិន ហើយ​ពួក​គេ​មិន​ទទួល​ការ​កក់​សម្រាប់​ស្នាក់​នៅ​ពី​ភ្ញៀវ​ដទៃ​នោះ​ទេ »​។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក ហូ វ​ណ្ឌី បាន​ឲ្យ​ដឹង​ដែរ​ថា អាកាសចរណ៍​ជា​ច្រើន​បាន​ភ្ជាប់​ជើងហោះហើរ​ទៅ​កាន់​ព្រ​លាន​យន្តហោះ​កងកេង ខេត្ត​ព្រះ​សីហ​នុ ពិសេស​ក្រុមហ៊ុន​អាកាសចរណ៍​មក​ពី​ប្រទេស​ចិន ។

លោក​បន្ត​ថា ក្នុង​រយៈពេល​៥​ខែ​ដើមឆ្នាំ​នេះ តាម​តួលេខ​ដែល​លោក​ទទួល​បាន គឺ​ចំនួន​អាកាសចរណ៍​ចុះឡើង​ព្រ​លាន​យន្តហោះ​នេះ បាន​កើនឡើង​រហូត​ដល់​៨៨,៩% ។ លោក​បន្ត​ថា ៖« កំណើន​អាកាសចរណ៍​នេះ បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​រីក​ចម្រើន​របស់​កម្ពុជា ពិសេស​កំណើន​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគ​មក​ពី​ប្រទេស​ចិន » ។ លោក​បន្ត​ថា ៖« កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ពិសេស​ភ្ញៀវ​ទេសចរ​ចិន​បាន​ធ្វើ​ឲ្យ​ចំនួន​បន្ទប់​សណ្ឋាគារ​ក្នុង​ក្រុងព្រះសីហនុ កើន​ឡើងជា​ប្រចាំ​ផង​ដែរ » ។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក​ជំទាវ ឆាយ ស៊ី​វលី​ន បាន​ថ្លែង​ថា ការ​ពង្រីក​ព្រ​លាន​យន្តហោះ​នេះ​ជា​រឿង​ល្អ​ប្រសើរ ដើម្បី​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​កាន់តែ​ច្រើន​អាច​ចុះ​ចត​បាន និង​អាច​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ខ្នាត​ធំ អា​ចត​ភ្ជាប់​កម្រិត​តំបន់ និង​តំបន់​បាន ។ លោកស្រី​បន្ត​ថា ៖« ព្រ​លាន​យន្ត ហោះ​នេះ​នឹង​មាន​ភាព​រីក​ចម្រើន​បន្ថែម​ទៀត ហើយ​យើង​រំពឹង​ថា​ព្រ​លាន​នេះ​នឹង​អាច​ទាក់ទាញ​ក្រុមហ៊ុន​អាកាសចរណ៍​កាន់តែ​ច្រើន ដោយ​នាំ​មក​នូវ​ភ្ញៀវ​ទេសចរ ពាណិជ្ជករ និង​ការ​វិនិយោគ​បន្ថែម​ផង​ដែរ » ។

យោង​តាម​របាយការណ៍​ក្រសួងទេសចរណ៍ ក្នុង​រយៈពេល​៥​ខែ​ដើមឆ្នាំ​នេះ អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ បាន​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​៥៥.៩៤៧​នាក់ ស្មើនឹង​២,២%​នៃ​ចំនួន​ទេសចរ​អន្តរជាតិ​សរុប កើនឡើង​៨៨,៩% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ