ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​សម្លឹង​ឃើញ​ខេត្ត សៀមរាប​ជាទី​តាំង​សក្តានុពល​ក្នុង​ការបង្ហាញ​ផលិតផល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ស្ថានទូត​ថៃ ប្រចាំ​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ខេត្តសៀមរាប​ជា​ខេត្ត​ដែល​មាន​សក្តានុពល​សំខាន់​មួយ​លើ​ផ្នែក​សេដ្ឋកិច្ច និង​ទេសចរណ៍ ពិសេស​គឺជា​មជ្ឈមណ្ឌល​តាំង​បង្ហាញ​ផលិតផល​និង​សេវាកម្ម​របស់​ប្រទេស​ជា​ដៃគូ​ពាណិជ្ជកម្ម​នៅ​ក្នុង​តំបន់​នា​ពេល​បច្ចុប្បន្ន បន្ទាប់​ពី​ទីក្រុង​ភ្នំពេញ ។…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ស្ថានទូត​ថៃ ប្រចាំ​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ខេត្តសៀមរាប​ជា​ខេត្ត​ដែល​មាន​សក្តានុពល​សំខាន់​មួយ​លើ​ផ្នែក​សេដ្ឋកិច្ច និង​ទេសចរណ៍ ពិសេស​គឺជា​មជ្ឈមណ្ឌល​តាំង​បង្ហាញ​ផលិតផល​និង​សេវាកម្ម​របស់​ប្រទេស​ជា​ដៃគូ​ពាណិជ្ជកម្ម​នៅ​ក្នុង​តំបន់​នា​ពេល​បច្ចុប្បន្ន បន្ទាប់​ពី​ទីក្រុង​ភ្នំពេញ ។

លោក ជី​រ៉ា​វុ​ឍ សុ​វ​ណ្ណា​អាត អគ្គ​ទីប្រឹក្សា​ពាណិជ្ជកម្ម​ប្រចាំ​ស្ថានទូត​ថៃ​នៅ​កម្ពុជា មាន​ប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាលពី​ថ្ងៃ​ទី​២៣ សីហា កន្លង​មក​ថា ៖« សៀមរាប​ជា​ខេត្ត​មួយ​មាន​សក្តានុពល​ខ្លាំង​ខាង​ផ្នែក​សេដ្ឋកិច្ច​និង​ទេសចរណ៍ ដែល​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​មក​ពី​ជុំវិញ​ពិភពលោក បន្ទាប់​ពី​ទីក្រុង​ភ្នំពេញ ។ ខេត្ត​ក៏​មាន​សក្តានុពល​ក្នុង​ការ​ដាក់​តាំង​បង្ហាញ​ផលិតផល និង​សេវាកម្ម​របស់​ក្រុមហ៊ុន​នានា​ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ផង​ដែរ ។ ដោយ​មើលឃើញ​បែប​នេះ ទើប​ថៃ​គ្រោង​នឹង​រៀបចំ​ពិព័រណ៍ Mini Thailand Week 2018 នា​ពេល​ខាង​មុខ »​។

លោក​បាន​លើក​ឡើង​ថា ទំនិញ​ថៃ​បាន​នាំ​ចូល និង​ចែកចាយ​នៅ​ប្រទេស​កម្ពុជា តែង​ទទួល​បានការ​គាំទ្រ​ពី​អតិថិជន​នៅ​កម្ពុជា​បាន​យ៉ាង​ល្អ​។ ទន្ទឹម​នេះ តំណាង​ពាណិជ្ជកម្ម​ថៃ តែងតែ​ណែនាំ​ដល់​ពាណិជ្ជករ​ថៃ​នាំ​ចូល​ទំនិញ​មក​ទីផ្សារ​កម្ពុជា ត្រូវ​ផ្តោត​សំខាន់​លើ​គុណភាព ដូចនឹង​ការ​នាំ​ចេញ​ទៅ​បណ្តា​ប្រទេស​ផ្សេង​ៗ ទៀត​ដែរ ។ លោក​បន្ត​ថា ៖« យើង​មិន​បណ្តោយ​ឱ្យ​ទំនិញ​ថៃ​ដែល​មិន​មានគុណ​ភាព​លក់​នៅ​ទីផ្សារ​ប្រទេស​កម្ពុជា​ទេ គឺ​យើង​តែងតែ​តាមដាន​ជា​ប្រចាំ ធ្វើ​យ៉ាងណា​ឱ្យ​ទំនិញ​ថៃ​លក់​នៅ​កម្ពុជា​នោះ​គឺជា​ទំនិញ​ដែល​មានគុណ​ភាព »​។

នាយិកា​ក្រុមហ៊ុន​ផលិត​នាំ​ស្រួយ​លី​លី អ្នកស្រី កែវ មុំ បាន​ឲ្យ​ដឹង​ដែរ​ថា ការ​នាំ​ចូល​ទំនិញ​ដែល​មានគុណ​ភាព និង​តម្លៃ​សមរម្យ គឺ​ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ទទួល​បាន​ទំនិញ​ល្អ និង​មិន​ប៉ះពាល់​សុខភាព​សម្រាប់​ប្រើប្រាស់ ប៉ុន្តែ​បើ​គិត​ពី​ផល​អវិជ្ជមាន​វិញ វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ឧស្សាហកម្ម​ផលិត​ក្នុងស្រុក ។

អ្នកស្រី កែវ មុំ ថ្លែង​ថា ៖« តាម​ទស្សនៈ​ខ្ញុំ បើ​ថៃ​នាំ​ចូល​ផលិតផល​ដែល​មានគុណ​ភាព និង​តម្លៃ​សមរម្យ​មក​លក់​នៅ​កម្ពុជា បើ​យើង​គិត​អំពី​គុណសម្បត្តិ គឺ​ពលរដ្ឋ​អាច​ប្រើប្រាស់​ទំនិញ​មានគុណ​ភាព​ដែរ តែបើ​គិត​ពី​គុណវិបត្តិ​វិញ វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ឧស្សាហកម្ម​ក្នុងស្រុក »​។ អ្នកស្រី​បន្ត​ថា ៖« ឧស្សាហកម្ម​នៅ​ក្នុងស្រុក​យើង​ផលិត​បាន​តិច តែ​ចំណាយ​ថ្លៃដើម​ខ្ពស់ អីចឹង​វា​ពិបាក​ក្នុង​ការ​ប្រកួតប្រជែង ។ ទោះបីជា​យ៉ាងណា បើសិនជា​ឧស្សាហកម្ម​ក្នុងស្រុក​ខិតខំ​ប្រឹងប្រែង​ធ្វើ​ម៉េច​ឱ្យ​ផលិតកម្ម​អាច​ចំណាយ​ថ្លៃដើម​ទាប ផលិតផល​ស្រប​តាម​ស្តង់ដា​, មាន​អនាម័យ និង​តម្លៃ​សមរម្យ​នោះ យើង​អាច​ប្រកួតប្រជែង​គ្នា​បាន »​។

អ្នកស្រី​លើក​ឡើង​ថា បច្ចុប្បន្ន លំហូរ​ផលិតផល​នាំ​ចេញ និង​នាំ​ចូល​ដោយ​សេរី និង​រួច​ពន្ធ ។ អីចឹង យើង​មិន​អាច​ហាមឃាត់​គេ​បាន​យ៉ាងម៉េច​ទេ ដូច្នេះ​មាន​តែ​ខ្លួន​យើង​ដែល​ជា​ម្ចាស់​ឧស្សាហកម្ម​ក្នុងស្រុក​ហ្នឹង ខំ​ពង្រឹងគុណភាព​ផលិតផល និង​ធ្វើ​ឲ្យ​មាន​ស្តង់ដា​ដែល​អាច​ប្រកួតប្រជែង​បាន »​។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​ថ្លែង​ថា ស្ថិត​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​ធ្វើ​សមាហរណកម្ម​អាស៊ាន ការ​មាន​លំហូរ​ផលិតផល​ឬ​ទំនិញ​ដោយ​សេរី​ជា​រឿង​ធម្មតា​ក្នុង​សហគមន៍​នេះ ។ ហេតុនេះ​ផលិតករ​ក្នុងស្រុក​គួរ​ទទួលយក​បញ្ហា​នេះ ហើយ​រិះគិត​រក​វិធី​ថ្មី​ៗ​ដើម្បី​បង្កើន​ការ​លក់​ផលិតផល​របស់​ខ្លួន ព្រោះ​និន្នាការ​ទីផ្សារ​មិន​នៅ​មួយ​កន្លែង​ទេ វា​តែងតែ​មានការ​ផ្លាស់​ប្តូរ ។លោក​បន្ត​ថា ៖« ការ​មានគំនិត​ច្នៃប្រឌិត​ថ្មី និង​យុទ្ធសាស្ត្រ​ទីផ្សារ​ច្បាស់លាស់​ជាង​មុន និង​បត់បែន​តាម​និន្នាការ​សង្គម គួរតែ​ប្រកាន់​យក​ដោយ​សហគមន៍​ផលិត​ក្នុងស្រុក »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ