ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ​ប្រកាស​តែង​តាំង​អភិបាល​ខេត្ត​សៀម​រាប​ថ្មី និង​ថ្ងៃ​ទី3 ឧសភា​ប្រកាស​តែង​តាំង​អភិបាល​ថ្មី​​រាជ​ធានី​

13 ឆ្នាំ មុន

ខេត្ត​សៀម​រាប​ ៖ មេ​បញ្ជា​ការ​តំបន់​ប្រតិ​បតិ្ត​​​ការ​សឹក​​សៀម​រាប ​លោក​ឧត្តម​​សេនីយ៍​ទោ​ ឃឹម​ ប៊ុន​សុង នឹង​ឡើង​កាន់​តំណែង​ជា​អភិ​បាល​​ខេត្ត​នា​ពេល​​​ដ៏​ខ្លី​ខាង​មុខ​នេះ​ជំនួស​លោក​ស៊ូ​ ភិរិន្ទ​ ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍ ។

​ការ​ប្រកាស​ចូល​កាន់​តំណែង​ជា​ផ្លូវ​ការ​នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​២៩​ មេសា ក្រោម​អធិប​តី​ភាព​លោក​ឧប​នាយក​រដ្ឋ​មន្រ្តី​ ​ទៀ​ បាញ់​ រដ្ឋ​មន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​ ។​ នេះ​បើ​តាម​ការ​ប្រាប់​ដោយ​ផ្ទាល់​​​ពី​​លោក​ឧត្តម​សេនីយ៍​​ឃឹម​ ប៊ុន​សុង​ កាល​ពី​ថ្ងៃទី​២៦​ ​មេសា ។​ លោក ឃឹម​ ប៊ុនសុង​ បានបន្ថែមថា​ តំណែង​ជា​មេបញ្ជា​ការ​យោ​​ធា​ខេត្តប​ច្ចុប្ប​ន្ន​របស់​​លោក​ នឹង​ត្រូវ​ជំនួស​ដោយ​លោក​វរ​សេ​នីយ៍​ឯក​ គង់​ ស៊ី​ ដែល​ជា​មេ​បញ្ជា​ការ​រង ​និង​សេនា​ធិ​ការត​ំបន់​ប្រតិ​បត្តិ​ការសឹក​​ខេត្ត ។ ​   

ទោះ​បី​ជា​យ៉ាង​ណា ​នៅ​ថ្ងៃ​​​២៦ មេសា ​អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​ លោក​​ឧត្តម​សេនីយ៍​ខៀវ​ សុភ័គ​​ បាន​មាន​ប្រសា​សន៍​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា​​​ ជុំវិញ​កាល​បរិ​ច្ឆេទ​នៃ​ការ​ប្រកាស​ចូល​កាន់​តំ​ណែង​ជា​អភិ​បាល​ខេត្ត​ថ្មី​ជំនួស​លោក​ស៊ូ​ ភិរិន្ទ​​ នោះ​លោក​នៅ​មិន​ទាន​់ទទួល​បាន​លិខិត​ស្នាម​ជាក់​លាក់​នៅ​ឡើយទេ ​។

សូម​បញ្ជាក់​ថា​ លោក​ស៊ូ​ ភិរិន្ទ បាន​ផ្លាស់​មក​កាន់​តំណែង​ជា​អភិ​បាល​ខេត្ត​សៀម​រាប​ជំនួ​ស​លោក​ ស៊ឹម​ ស៊ុន​ កាល​ពី​ថ្ងៃទី​២៧​ មីនា​ ឆ្នាំ ២០០៦​​ បើ​គិត​​ត្រឹម​ថ្ងៃ​ទី​២៩​ ខែ​មេសា​​ ខាង​មុខ គឺ​​មាន​រយៈ​ពេល​៧​ ឆ្នាំ​​១​ខែ ​និង​២​ថ្ងៃ​ ។

កាល​ថ្ងៃទី​១៨​ មេសា​ ឆ្នាំ២០១៣​ នៅ​ក្នុង​ពិធី​សម្ពោធ​អគារ​រដ្ឋ​បាល​ថ្មីរបស់​សាលា​ខេត្ត​កំពត​ សម្តេចតេជោ​ ​ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះរា​ជា​ណា​ចក្រកម្ពុ​ជា​បាន​ប្រកាស​ថា​  អភិ​បាល​ខេត្ត​-រា​ជ​ធានី​​​ចំនួន​​១០​នឹង​មាន​ការ​ផ្លាស់​ប្តូរ​ ក្នុង​នោះ​ខ្លះ​ដល់​អាយុ​ចូល​និវត្ត​ន៍​​ ខ្លះ​មាន​បញ្ហា​សុខ​ភាព​ និង​ខ្លះ​ត្រូវ​ទៅ​ឈរ​ឈ្មោះ​ជា​តំណាង​រាស្រ្ត​​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ខែក​ក្កដា​​ខាង​មុខ​ ។

អភិ​បាល​ខេត្ត​-រាជ​ធានី​ ​​ដែល​ត្រូវ​ផ្លាស់​ប្តូរ​ចេញ​ពី​តំណែង​នោះ​រួម​មាន​ លោក​ កែប​ ជុតិ​មា​ អភិ​បាល​រាជ​ធានី​ភ្នំពេញដែលឈរ​ឈ្មោះ​ជា​តំណាង​រាស្ត្រ​​ លោក​ស៊ូ ភិរិន្ទ​ អភិ​បាល​ខេត្ត​សៀម​​រាប​ លោក​ ឈុន ឈន់​ អភិ​បាល​ខេត្ត​កំពង់​​ធំ​ លោក​​ហ៊ុន​ ណេង អភិ​បាល​ខេត្ត​កំពង់​ចាម​ លោក​ ឡូយ​ សុផាត អភិ​បាល​ខេត្ត​ស្ទឹង​ត្រែង​ លោក​ ឈុន​ ស៊ីរុន អភិ​បាល​ខេត្ត​កណ្តាល​ លោក​ កង​ ហ៊ាង អភិ​បាល​ខេត្ត​កំពង់​ស្ពឺ​ លោក​ ចាន់​ យឿន​ អភិ​បាល​ខេត្ត​មណ្ឌល​គិរី​ ​។ រី​ឯ​លោក ប៉ិច​​ សុ​ខិន​ អភិ​បាល​ខេត្ត​​ឧត្តរ​មាន​ជ័យ​ ក៏​​ត្រូវ​ផ្លាស់​ប្តូរ​ដែរ​ដោយ​មាន​បញ្ហា​សុខ​ភាព​ និង​លោក​ អ៊ុង​ អឿន​​ អភិ​បាល​ខេត្ត​​បន្ទាយ​មាន​ជ័យ​ត្រូវ​ឈរ​ឈ្មោះ​ជា​តំណាង​រាស្រ្ត ។

​សម្រាប់​រាជ​​ធានី​ភ្នំពេញ​​​ដែល​ជាបេះ​ដូង​​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​​​​ក៏​ត្រូ​វបាន​​​ប្រ​ភព​នានា​ឱ្យ​ដឹង​ថា ពិធី​ផ្ទេរ​តំណែង​រវាង​លោក​ កែប​ ជុតិមា​​អភិបាល​ចេញ​និង​​លោក​ ប៉ា​ សុជាតិវង្សចូល​​នឹង​បាន​ធ្វើ​​ថ្ងៃទី​​៣ ឧសភា ខែក្រោយ​​នេះ​ ៕