ដោយសារតែអំណាចនៃការស្រឡាញ់អាយុជីវិត ស្រឡាញ់ខ្លួនប្រាណហ្នឹងហើយ ទើបជាដើមហេតុចងឆ្វាក់ចិត្តសត្វលោកឱ្យខិតខំបំពេញការងារផ្សេងៗទាំងតាមផ្លូវសុចរិតខ្លះ និងតាមផ្លូវអាក្រក់ខ្លះ ដោយក្តីបំណងចង់ឲ្យខ្លួនឯងបានសុខស្រួល មានតម្លៃ មានកិត្តិយសថ្លៃថ្នូរដោយមិនខ្វល់ពីទុក្ខលំបាករបស់អ្នកដទៃឡើយ ។
តែបើតាមលក្ខណៈជាក់ស្តែងការដែលចង់សម្រេចបំណងទាំងនោះប្រហែលជា មិនមែនជាការងាយប៉ុន្មានទេ ព្រោះក្តីប្រាថ្នាដ៏ប្រសើរទាំងអស់នេះកើតចេញពីចំណេះ ជំនាញ បូករួមនឹងការព្យាយាមផងដែរ បើបុគ្គលមិនបានឆ្លងកាត់ការសិក្សាឱ្យបានខ្ពង់ខ្ពស់ទេ ប្រហែលជាគ្មានវាសនាលើកជីវិតឱ្យបានប្រសើរនោះឡើយ ។ ដូចពុទ្ធភាសិតលោកត្រាស់បញ្ជាក់ថា បុគ្គលល្ងង់បើទោះជារស់នៅ១រយឆ្នាំ ក៏មិនបានស្មើនឹងការរស់នៅសូម្បីតែមួយថ្ងៃនៃជីវិតបណ្ឌិតអ្នកប្រាជ្ញផង ។
ព្រោះហេតុអ្វី? ព្រោះជីវិតបុគ្គលពាលពីមួយថ្ងៃទៅមួយថ្ងៃរស់នៅពោរពេញទៅដោយសេចក្តីប្រមាទ មិនបានទាញមកប្រយោជន៍សម្រាប់ខ្លួនឯង និងអ្នកដទៃនោះទេ ចំណែកឯជីវិតបណ្ឌិតលោកតែងប្រព្រឹត្តឥរិយាបថ ដេក ដើរ ឈរ អង្គុយ និយាយ ស្តី ស្តាប់ គឹដើម្បីជាប្រយោជន៍របស់ខ្លួននិងអ្នកដទៃមិនដែលមានសេចក្តីប្រមាទ ឬធ្វេសប្រហែសមួយខណៈណាឡើយ ។
រឿងពាលនេះមិនចំពោះគ្រហស្ថ ឬអ្នកបួសទេ គឺអាស្រ័យលើការប្រព្រឹត្ត ឱ្យតែប្រព្រឹត្តខុសសីលធម៌ ខុសវិន័យសាសនាកាត់ប្រយោជន៍បច្ចុប្បន្ន និងអនាគត បុគ្គលនោះឈ្មោះពាល ។
ចែករំលែកព័តមាននេះ