ខេត្តបាត់ដំបង ៖ ជនសង្ស័យវ័យក្មេងចំនួន២នាក់ ត្រូវកម្លាំងសមត្ថកិច្ចតាមឃាត់ខ្លួនបាន នៅវេលាម៉ោង៨ និង៣០ព្រឹក ថ្ងៃទី២៦ សីហា នៅលើកំណាត់ផ្លូវមួយកន្លែង នៅក្នុងភូមិដំរីក្រោម ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ពេលកំពុងដឹកអីវ៉ាន់តាមរទេះដែលពួកគេលួចបានពីការគាស់តូប ក្នុងផ្សារល្វា ស្រុកបវេល។ លោក សុខ សារិន អធិការនគរបាលស្រុកបវេល បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នោះ ម្នាក់ឈ្មោះ វៀត សំណាង អាយុ១៦ឆ្នាំ នៅភូមិដំណាក់តាស៊ុត ឃុំបឹងប្រាំ ស្រុកបវេល និងម្នាក់ទៀតឈ្មោះ ផល តុងមិញ អាយុ១២ឆ្នាំ នៅភូមិដំរីក្រោយ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបាត់ដំបង។
![Picture]()
លោកថា ជនទាំង២នាក់នេះត្រូវកម្លាំងរបស់លោក ដែលមានកិច្ចសហការពីកម្លាំងប៉ុស្តិ៍ ឃុំសឿ ស្ទាក់ចាប់បានពេលពូកគេកំពុងដឹកអីវ៉ាន់ដែលលួចបានតាមរទេះសណ្ដោងម៉ូតូ។ លោក សុខ សារិន បានប្រាប់ថា សម្លៀកបំពាក់ដែលជនសង្ស័យវ័យក្មេងទាំង២នាក់ដឹកតាមរទេះអូសនេះ គឺពួកគេលួចពីក្នុងតូបលក់ដូរនៅក្នុងផ្សារល្វា ដែលស្ថិតនៅក្នុងភូមិបាន នៅក្នុងភូមិល្វា ឃុំល្វា ស្រុកបវេល។ ពួកគេធ្វើសកម្មភាពគាស់តូបអស់ចំនួន២ ដោយធ្វើឡើងចាប់ពីវេលាម៉ោង១រំលងអាធ្រាត្រ រហូតដល់ម៉ោង៤ទៀបភ្លឺថ្ងៃទី២៦ សីហា។
![Picture]()
លុះពួកគេដឹកចាប់ផ្ដើមដឹកជញ្ជូនចេញទៅផ្ទះ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានទាំងមនុស្សទាំងវត្ថុតាងតែម្ដងទៅ។ យោងតាមរបាយការណ៍បានឲ្យដឹងថា ក្ដិបចោរទាំងទាំង២នាក់នេះបានគាស់តូបលក់សម្លៀកបំពាក់ចំនួន២តូប ដែលជារបស់អាជីវករឈ្មោះ ឈេង ឈឿន ភេទស្រី អាយុ៥៣ឆ្នាំ នៅភូមិល្វា ឃុំល្វា ស្រុកបវេល បានបាត់បង់សម្ភារមាន ខោអាវខូវប៊យ, អាវយឺតក្ងាន, ស្បែកជើងផ្ទាត់, ស្បែកជើងប៉ាតា ដែលគិតជាទឹកប្រាក់ប្រមាណ ជាង០១លានរៀល និងអាជីវករម្នាក់ទៀតឈ្មោះ អឿង ធីតា ភេទស្រី អាយុ៥៣ឆ្នាំ នៅភូមិដង្កោ ឃុំល្វា ស្រុកបវេល។
![Picture]()
សម្ភារដែលបាត់បង់មាន អង្រឹង, ខោអាវកីឡា, សារ៉ុង, ខោខូវប៊យ គិតជាទឹកប្រាក់ ប្រមាណជាង០៥លានរៀល។ ជុំវិញអំពើចោរកម្មដែលប្រព្រឹត្តដោយជនសង្ស័យវ័យក្មេងខាងលើនេះ បើតាមសាក្សីនៅក្បែរផ្សារនោះបាននិយាយថា នៅយប់កើតហេតុនោះ គេឮតែសំឡេងឆ្កែ ព្រូសលាន់ពេញភូមិកណ្ដាលអាធ្រាត្រ តែគេមិនបានចាប់អារម្ម ណ៍ទេ។ លុះព្រឹកឡើងទើបគេដឹងដោយសារ ម្ចាស់តូបមកបើកតូបលក់ឃើញមានស្លាមគាស់តូបហើយបាត់សម្លៀកបំពាក់អស់។
![Picture]()
ប្រភពបានឲ្យដឹងទៀតថា ក្រោយពីដឹងថាមានចោរគាស់តូបលួចសម្លៀកបំពាក់ គេក៏បានប្ដឹងទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍រហូតសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនក្ដិបចោរបាន២នាក់រួមទាំងវត្ថុតាងផង។ លោកសុខ សារិន អធិការស្រុកបវេលបាននិយាយថា បើតាមការសួរនាំជំហ៊ានដំបូង ជនសង្ស័យទាំង២នាក់បានសារភាពថា ខ្លួនពិតជាបានគាស់តូបលក់ដូរលួចសម្លៀកបំពាក់មែន។ ជនទាំង២នាក់នោះបានសារភាពប្រាប់សមត្ថកិច្ចទៀតថា រទេះអូសដែលខ្លួនដឹកអីវ៉ាន់ដែលខ្លួនលួចបាននោះ ក៏ជារទេះដែលខ្លួនលួចគេដែរ គឺលួចនៅភូមិដំរីក្រោម ឃុំសឿ។
![Picture]()
លោក សុខ សារិន បានបញ្ជាក់ថា ពេលនេះលោកស្នងការខេត្តបានបញ្ជាឲ្យកម្លាំងជំនាញ ពិនិត្យមើលវត្ថុតាងដែលរឹកអូសបាន និងកំពុងសាកសួរជនដៃដល់ ដើម្បីកសាងសំណុំចាត់ការ តាមនីតិវិធីហើយ។ ប៉ុន្តែជនសង្ស័យម្នាក់ដែលទើបអាយុ១២ឆ្នាំនោះ យើងមិនទាន់ដឹងអំពីចំណាត់ការ របស់ថ្នាក់ដឹកនាំនៅឡើយទេ ព្រោះវាជាការសម្រេចរបស់ស្ថាប័នអយ្យការអមសាលាដំបូងខេត្ត៕
ចែករំលែកព័តមាននេះ