អារម្មណ៍​អ្នកទេសចរ​ច្រើន​ជាតិ​សាសន៍ ពេល​មក​ទស្សនា​ប្រាសាទអង្គរវត្ត​


ខេត្តសៀមរាប ៖ ប្រាសាទអង្គរវត្ត​ជាទី​ប្រាថ្នា​ចង់​មក​ស្គាល់ មក​ទស្សនា​របស់​អ្នកទេសចរ​គ្រប់​ទិស​ទី​នៅ​លើ​ពិភពលោក ។ ពេល​បាន​មក​ឃើញ​ប្រាសាទអង្គរវត្ត​ហើយ តើ​អ្នកទេសចរ​បរទេស​ទាំងនោះ​មាន​អារម្មណ៍​យ៉ាងណា ?

តាម​ការ​អះអាង​របស់​លោក​តេ​ង អៀ​គ ឈង ម​គ្គុ​ទ្ទេស​ទេសចរណ៍​ភាសារ​ចិន កាលពី​ពេល ថ្មី​ៗ​កន្លង​មក​រៀបរាប់​ប្រាប់​កោះសន្តិភាព​នៅ​មុខ​ប្រាសាទអង្គរវត្ត​ថា​«​ភ្ញៀវ​ចិន ប្រុស ស្រី ក្មេង​ចាស់ ដែល​ខ្ញុំ​បាន​នាំ​មក​ដើរ​លេង​កម្សាន្ត​ថ្ងៃនេះ គឺជា​ភ្ញៀវ​ទេសចរ​ដែល​មក​តាម​ទួ​រ ហើយ​ពួក​គាត់​មានការ​សប្បាយ​រីករាយ​ដោយ​បានឃើញ​ប្រាសាទអង្គរវត្ត​ខុស​ពី​ប្រាសាទ​នានា នៅ​លើ​ពិភពលោក ។ ពួក​គាត់​បាន​និយាយ ត​ៗ​គ្នា​ថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​ពួក​គាត់​បាន​មក​លេង​ស្រុក​ខ្មែរ ហើយ​មក​ដើរ​លេង​នៅ​ទឹកដី​ប្រវត្តិសាស្ត្រ​នៃ​ខេត្តសៀមរាប ព្រមទាំង​បាន​ខាង​រថយន្ត​ដឹក​ដើរ​ទស្សនា​តាម​ប្រាសាទ​នានា រួច​ហួស​ចូល​មក​មើល​ប្រាសាទអង្គរវត្ត ពិតជា​ដូច​ពាក្យ​គេ​និយាយ ថា​ស្អាត​ឥត​ខ្ចោះ​មែន នេះ​ហើយ​ជា​ស្នាដៃ​របស់​កូន​ខ្មែរ​ជំនាន់​មុន​ដែល​បន្សល់​ទុក​ឱ្យ ក្មេង​ៗ​ជំនាន់​ក្រោយ​មើល ។

ភ្ញៀវ​នាំ​គ្នា​មក​មើល​ប្រាសាទ ព្រមទាំង​ផ្តិតរូប ទុកជា​អនុស្សាវរីយ៍ ។ ចំពោះ​សន្តិសុខ និង​សណ្តាប់ធ្នាប់​វិញ ក៏​ពួក​គាត់​បាន​កោតសរសើរ​មិន​ដាច់​ពី​មាត់​ដែរ »​។

លោក​ដៀប ដា​វីត ម​គ្គុ​ទេ្ទ​ស​ទេសចរណ៍​ភាសារ​អង់គ្លេស បាន​នាំ​ភ្ញៀវ​ស្រី​បរទេស​២​នាក់ ជនជាតិ​កូ​ឡាំប៊ី ដើរ​លេង​ក្នុង​ទឹកដី​ខេត្តសៀមរាប ក្នុង​ដំណើរ​ជា​លើក​ទី​១​របស់​ពួក​នាង​មក​កាន់​អង្គរវត្ត ។ លោក​ឲ្យ​ដឹង​តាម​សម្តី​របស់​ពួក​នាង​ថា «​ការ​ចូល​មក​ទស្សនា​នៅ​តាម​ប្រាសាទអង្គរវត្ត​នេះ គឺ​ពួក​គាត់​បាន​និយាយ​ថា គាត់​មានចិត្ត​សប្បាយ​រីករាយ​ណាស់​ដែល​បាន​មក​ដល់​ទឹកដី​កម្ពុជា ជា​ពិសេស​ខេត្តសៀមរាប ព្រមទាំង​បានឃើញ​ទេសភាព​ដ៏​ស្រស់បំព្រង​គួរ​ឱ្យ​ទាក់ទាញ​អស្ចារ្យ​មិន​ដែល​ធ្លាប់​ឃើញ​ពី​មុន​មក មិន​ថា​ពេល​យប់ ឬ​ពេល​ថ្ងៃ​នោះ​ទេ »​។ ប្រភព​ដដែល​ឲ្យ​ដឹង​ថា​ពេល​ព្រលឹម​ភ្ញៀវ​បរទេស​ទាំង​២ ព្រមទាំង​ភ្ញៀវ​ផ្សេង​ទៀត​បាន​នាំ​គ្នា​ឡើង​ទៅ​លើ​ប្រាសាទ​បាខែង​មើល​ថ្ងៃ​រះ ហើយ​ពេល​ថ្ងៃ​ដើរ​ទស្សនា​តាម​ប្រាសាទ​នានា​ជុំវិញ​បរិវេណ​វង់​តូច ឬ​វង់​ធំ ។ ដល់​ពេល​ល្ងាច​ភ្ញៀវ​នាំ​គ្នា​មើល​ថ្ងៃ​លិច​វិញ ខ្លះ​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ ខ្លះ​ជិះ​កង់​ជួល ខ្លះ​ជិះឡាន​តាម​ក្រុមហ៊ុន​ទេសចរណ៍ ។

លោក​ដៀប ដា​វីត ប្រាប់​តាម​សម្តី​ភ្ញៀវ​របស់​លោក​ទៀត​ថា «​ពួក​គាត់​បាន​និយាយ​ប្រាប់​ថា ចំណែក​សន្តិសុខ និង​សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន​វិញ ក៏​មាន​របៀបរៀបរយ​ដែរ កុំ​ថា ដើរ​យប់ ឬ​ថ្ងៃ ក៏​សន្តិសុខ​ល្អ​ដែរ ។ នេះ​បើ​តាម​ពួកម៉ាក​របស់​ពួក​គាត់​ដែល​បាន​ប្រាប់​កាល​ពួក​គាត់​មិន​ទាន់​មក​ដល់ ពេល​នេះ​ពួក​គាត់​មក​ដល់ ទើប​ឃើញជាក់ស្តែង​ពិតប្រាកដ​មែន »​។

ចំណែក​អ្នកស្រី​ម​គ្គុ​ទេ្ទ​ស​ទេសចរណ៍​ភាសា​វៀតណាម ដែល​នាំ​ភ្ញៀវ​ជនជាតិ​វៀតណាម ដើរ​លេង​តាម​ប្រាសាទ ជា​ពិសេស​ប្រាសាទអង្គរវត្ត បាន​និយាយ​ប្រហាក់ប្រហែល​គ្នា​ថា មក​លេង​អង្គរវត្ត​សប្បាយ​ណាស់ បាន​ទស្សនា​ប្រាសាទ​ដ៏​អស្ចារ្យ​ដែល​ពោរពេញ​ទៅ​ដោយ​អ្នកទេសចរ​ចម្រុះ​ជាតិ​សាសន៍​ពី​ទូ​ទាំង​ពិភពលោក ។ មិនតែប៉ុណ្ណោះ​ពួក​គេ​មើលឃើញ​ក្រុង​សៀមរាប​មាន​ភាព​រីក​ចម្រើន​លូតលាស់ មាន​សណ្ឋាគារប្រណីត​ៗ …​។ អ្នកទេសចរ​បរទេស​ទាំងនោះ​ថា​នឹង​ជួយ​ផ្សព្វផ្សាយ​ពី​អង្គរវត្ត​ដល់​សាច់ញាតិ មិត្តភក្តិ​ឲ្យ​មក​ទស្សនា​កម្សាន្ត ជា​ពិសេស​ពួក​គេ​ផ្ទាល់​ប្រាថ្នា​ចង់​ត្រឡប់​មក​ទស្សនា​ម្តងទៀត​នៅ​ពេលក្រោយ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ទេសចរណ៍

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ