ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​ក្តឹប​ចោរ​រៀន​សូត្រ​បាន​តិច​ធ្វើ​ឱ្យ​ប៉ូលិស​អាមេរិក​វិល​ក្បុង​ រៀន​បើក​យន្ត​ហោះ​ដោយ​ខ្លួន​ឯង​និង​លួច​យន្ត​ហោះ​ដឹក​ស្រី​ស្នេហ៍​ដើរ​លេង

12 ឆ្នាំ មុន

អស់ពេល​ច្រើន​ឆ្នាំ​ ប៉ូលិស​​រាប់​រយ​នាក់​រួម​ជា​មួយ​កង​ពិសេស​Swat , ​អេហ្វ​ប៊ី​អាយ​​ និង​បណ្តា​អង្គ​ភាព​ប្រឆាំង​ឧក្រិដ្ឋ​កម្ម​ពិសេស ​ក្លាយ​ជា​មុខ​សញ្ញា​ត្រូវសើច​ចំអក​ដោយ​សា​រក្តឹ​បចោរ​អនា​ថា​ម្នាក់ ។ ​ក្តឹប​ចោរ​នោះ​ត្រូវ​អ្នក​ក្រី​ក្រ​ក្នុង​តំបន់​ចាត់​ទុក​ជា​Robin Hood របស់​អាមេរិក​ រហូត​អ្នក​ខ្លះ​សរសើរ​ប្រៀបធៀប​បញ្ញារបស់​គេ​ទៅ​នឹង​Albert EinsTien ទៀត​ផង​ ថ្វី​បើ​ខ្លួន​ក៏​​រង​គ្រោះ​ខ្លះៗ​ដោយ

អស់ពេល​ច្រើន​ឆ្នាំ​ ប៉ូលិស​​រាប់​រយ​នាក់​រួម​ជា​មួយ​កង​ពិសេស​Swat , ​អេហ្វ​ប៊ី​អាយ​​ និង​បណ្តា​អង្គ​ភាព​ប្រឆាំង​ឧក្រិដ្ឋ​កម្ម​ពិសេស ​ក្លាយ​ជា​មុខ​សញ្ញា​ត្រូវសើច​ចំអក​ដោយ​សា​រក្តឹ​បចោរ​អនា​ថា​ម្នាក់ ។ ​ក្តឹប​ចោរ​នោះ​ត្រូវ​អ្នក​ក្រី​ក្រ​ក្នុង​តំបន់​ចាត់​ទុក​ជា​Robin Hood របស់​អាមេរិក​ រហូត​អ្នក​ខ្លះ​សរសើរ​ប្រៀបធៀប​បញ្ញារបស់​គេ​ទៅ​នឹង​Albert EinsTien  ទៀត​ផង​ ថ្វី​បើ​ខ្លួន​ក៏​​រង​គ្រោះ​ខ្លះៗ​ដោយ​សា​រ​ក្ដឹប​ចោរ​នោះ​ក៏​ដោយ​។

កាម៉ាណូ (Camano) ជាកោះ​សែនស្អាត​មួយ​របស់​រដ្ឋ​វ៉ា​ស៊ីន​តោន សហ​រដ្ឋ​អាមេរិក ​។ ទី​នោះ​មាន​អ្នក​ស្រុក​ អ្នក​ភូមិ​ដ៏​ស្លូត​​ត្រង់ ,​មាន​ពួក​អាជីវ​កម្ម​ស្តុក​ស្តម្ភ​ជា​មួយ​នា​វា​កម្សាន្ត ​យន្តហោះ​ទេស​ចរ ភូមិ​គ្រឹះ​ស្កឹ​មស្កៃ…។ ពិសេស​កោះ​កា​ម៉ា​ណូ រយៈពេល​ចុង​ក្រោយ​នេះ​ល្បី​ឈ្មោះ​ពេញពិ​ភព​លោក​ដោយសារ​កុមារ​ម្នាក់​ឈ្មោះ​កុល​តុន ហារិស​មួរ ​(Colton Harris Moore ) ។

កុមារ​ភាព​របស់​​កុល​តុន​កម្សត់​ណាស់ ​។ ​ឪពុក​បោះ​បង់​ចោល​ម្តាយ​ និង​រូប​គេ​ពេល​គេ​ទើប​មាន​អាយុ​២​ឆ្នាំ ​។ ​បន្ទាប់​មក​អ្នកស្រី​ប៉ា​មេ​ឡា​ កុស​ឡឺ ម្តាយ​របស់​គេ​យក​ប្តី​ថ្មី​ប៉ះ​ចំ​បុរស​ប្រមឹក​ខួប ​។ ​លុះ​កុល​តុន​អាយុ​បាន​៧​ឆ្នាំ ​ឪពុក​ចុង​ក៏ស្លាប់​ដោយសារ​រោគ​ថ្លើម ​។ ​ក្រោយ​ពេល​ប្តី​ទី​ពីរស្លាប់​​ចោល​ទៀត ​អ្នក​ស្រី​ប៉ា​មេ​ឡា ​កុសឡឺ ក្លាយ​ជា​ស្ត្រី​មានចរិត​មួ​ម៉ៅ​ខុស​រឿង ​វាយ​ដំ​កូន​ប្រុសទោល​របស់​ខ្លួន​អត់​ត្រា​ប្រណី ។ ​ថ្ងៃ​មួយ​បន្ទាប់​ពី​ត្រូវរំពាត់​ធ្ងន់​ កុល​តុន​សម្រេច​ចិត្ត​ដើរ​ចោល​ផ្ទះ ចូល​រស់នៅ​ម្នាក់​ឯង​ក្នុង​ព្រៃ ​។ គេ​ប្រើ​ប្រាស់​ទូ​កញ្ចាស់​ដែល​អ្នក​ស្រុក​បោះ​បង់​ចោល ធ្វើ​កន្លែង​ស្នាក់​អាស្រ័យ​​។ ​​អាហារ​សម្រាប់​រស់​ប្រចាំ​ថ្ងៃ គឺ​អាហារ​លួច​ពី​ចង្ក្រាន​បាយ​គ្រួសារ​​កម្មករ​ដែល​មាន​ផ្ទះ​នៅ ក្បែរ​ជាយ​ព្រៃ ​។

​អ្នក​ស្រុក​លើ​កោះ​កាម៉ា​ណូ​មាន​​​ទម្លាប់​អត់​ចាក់​សោ​ផ្ទះ ​ព្រោះ​ពីដើម​មក​មិន​ដែល​បាត់​អីវ៉ាន់ ជាហេតុ​ងាយ​ស្រួលឱ្យ​កុល​តុន​រក​អាហារ​ចិញ្ចឹម​ខ្លួន​ឯង ។ មិន​យក​ច្រើន​ពី​មួយ​កន្លែង​ទេ​ ខ្លាច​ម្ចាស់​ផ្ទះ​​ដឹង ​សុខ​ចិត្ត​យក​នៅ​ផ្ទះ​នេះ​បន្តិច​ផ្ទះ​នោះ​បន្តិច​ផ្សំ​គ្នា​ចម្អែត​ក្រពះ​បាន ហេតុ​នេះ​​ទើប​​ម្ចា​ស់​ផ្ទះ​អត់​ចាប់​អារម្មណ៍​បាត​់​ចំណី​​អាហារ ។ ខែ​រងា​ខ្លាំង​ កុល​តុន​លួច​ចូល​ដេក​អាំង​ភ្លើង​​ក្នុង​ផ្ទះ​អ្នក​ស្រុក​រហូត​ដល់​ជិត​ភ្លឺ​ទើបរត់​ចូល​ព្រៃ​វិញ ដោយ​មិន​ឱ្យ​អ្នក​ណា​ឃើញ​ទាំង​អស់ ។ ដំបូង​កុល​តុន​ប្រព្រឹត្ត​កំហុស​តូច​តាច​ដូច្នេះ​ដើម្បី​រស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ តែ​ក្រោយ​មក​អំពើ​ចោរ​កម្ម​របស់​គេ​មាន​ទំហំ​ធំ​ឡើង​ផ្អើល​ពេញ​នគរ។

ពេល​អាយុ​បាន​១២​ឆ្នាំ ​កុលតុន ​ត្រូវ​ចាប់​ខ្លួន​​ជា​លើក​ដំបូង​ពី​បទ​លួច​អីវ៉ាន់គេ ​ហើយ​ត្រូវ​ឃុំ​ខ្លួន​១១​ថ្ងៃ​ និងតម្រូវ​ឱ្យ​ធ្វើពលកម្ម​បម្រើ​ផល​ប្រយោជន៍​សាធារណៈ​១​ខែ ។ ក្រោយ​មក​កុល​តុន​ត្រូវចាប់​ខ្លួន​ម្ត​ង​ទៀត​ពី​បទ​បំផ្លិច​បំផ្លាញ​អាជីវ​កម្ម​មួយ​ចំនួន​របស់​ពួក​អាជីវករ​គ្រាក់ ​ៗ ។ ​លើក​នេះ​កុល​តុន​ត្រូវឃុំ​ខ្លួន​១០​ថ្ងៃ​ និងត្រូវ​ធ្វើ​ពល​កម្ម​៥៦​ម៉ោង ​។ ស្មាន​ថាលើក​ទី​ពីរ​នេះ​គេ​រាង​ចាល​ឈប់​​ធ្វើ​ផ្តេស​ផ្តាស តែមិន​អុីចឹង​ឯ​ណា រំលង​តែ​ប៉ុន្មាន​ខែ​មាន​រឿង​ទៀត ​។ ​លើក​ទី​បី ​កុល​តុន​វាយ​អ្នក​ឃ្លាំ​មើ​ល​ប៉ោងមុខ​ , ត្រូវ​បង់​ប្រាក់​ពិន័យ ១០០​ដុល្លារ ​និងធ្វើ​ពល​កម្ម​រហូត​ដល់​៦ខែ ។

បទ​ល្មើស​បន្ត​បន្ទាប់​របស​់​កុល​តុន​បន្ត​ពី​នោះ​គឺ​លួច​កង់​ លួច​ប័ណ្ណ​ឥណ​ទាន ​លួច​គ្រឿង​អេ​ឡិច​ត្រូ​និក​ ខណៈ​គេ​អាយុ​បាន​១៣​ឆ្នាំ ​។ ​ពេល​មាន​ដីកា​កោះ​ហៅ​ចូល​ខ្លួន កុល​តុន​អត់​ខ្ចី​ចូល​ ។​ ប៉ូលិស​លើក​គ្នា​ទៅ​ព័ទ្ធ​ព្រៃ​ត្រង់​ម្ដុំ​កុល​តុន​ស្នាក់​នៅ​​ តែ​អត់​ឃើញ​មនុស្ស​សោះ​ ឃើញ​តែ​គ្រឿង​អេ​ឡិច​ត្រូ​និក​មាន​តម្លៃ​ច្រើន​ពាន់​ដុល្លារ​ ។​ ប៉ូលិស​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ដែល​ក្មេង​អនា​ថា​ម្នាក់​ ហេតុ​ម៉េច​​ចាប់​អារ​ម្មណ៍​ខ្លាំង​លើ​បច្ចេក​វិទ្យា​ជាន់​ខ្ពស់​បែប​នេះ​ ?​ គេ​ជា​ក្មេង​ឈប់​រៀន​តាំង​ពី​តូច​ តែ​កន្លែង​រស់​នៅ​ក្នុង​ព្រៃ​របស់​គេ​​សុទ្ធ​តែ​សៀវ​ភៅ​និយាយ​ពី​វិទ្យា​សាស្រ្ដ​ និង​ឧបករណ៍​អេ​ឡិច​ត្រូ​និក​កំរិត​ខ្ពស់​ដែល​ដំឡើង​ដោយ​ខ្លួន​ឯង​ ក្រៅ​ពី​កុំ​ព្យូទ័រ​យួរ​ដៃ​ មាន​ឧបករណ៍​​បញ្ជា​ពី​ចម្ងាយ​ ឧបករណ៍​ចាប់​សញ្ញា​តាម​រលក​ធាតុ​អាកាស​… ។​

ដំណាក់​កាល​នេះ​ អំ​ពើ​ចោរ​កម្ម​របស់​កុលតុន​លែង​ប៉ះ​ពាល់​អ្នក​ក្រ​ហើយ​ មុខ​សញ្ញា​របស់​គេ​​គឺ​បណ្ដា​គ្រួសារ​មាន​ទ្រព្យ​សម្បត្ដិ​ហូរ​ហៀរ​នៅ​ជាយ​ទី​ប្រ​ជុំ​ជន​ ។​ ប៉ូ​លិស​ឃើញ​ដាន​ជើង​ប្រ​ឡាក់​ដី​របស់​កុល​តុន​ដិត​ក្រ​វាម​​ៗ​លើ​គ្រែ​ដេក​ធុន​ប្រ​ណីត​របស់​ប​្ដី​ប្រ​ពន្ធ​អ្នក​មាន​ស្ដុក​ស្ដម្ភ​មួួយ​គូ ។​ ក្នុង​ផ្ទះ​អ្នក​មាន​នោះ​ កុល​តុន​យក​តែ​ស្រា​ធុន​ថ្លៃ​មួយ​ដប​ និង​ទស្សនា​វដ្ដី​សម្បូរ​រូប​ស្រី​ៗ​អែន​អន​មួយ​ចំ​នួន​​ប៉ុណ្ណោះ​ ។​ ដូច្នេះ​ប៉ូលិស​ថា​ កុលតុន​លែង​ជា​ក្ដឹប​ចោរ​លួច​បាយ​ស៊ី​មួយ​ពេល​ៗ​ទៀត​ហើយ​ ។​ គេ​នៅ​ក្មេង​មែន​ តែ​ឈាន​ដល់​ឋានៈ​ចោរ​ «សួរ​សុខ​ទុក្ខ​» ពួក​អ្នក​មាន​វិញ ។​

អ្ន​ក​មាន​ទ្រព្យ​សម្បត្ដិ​រាប់​សិប​គ្រួសារ​ក្នុង​ទី​ប្រ​ជុំ​ជន​ត្រូវ​កុល​តុន​ «​សួរ​សុខ​ទុក្ខ»​ គ្រប់​គ្នា​ តែ​ប៉ូ​លិស​ពុំ​អាច​ជួយ​អ្វ​ី​បាន​ ។​ មាន​ម្ដង​នោះ​កុល​តុន​ចូល​ផ្ទះ​អាជីវ​ករ​គ្រាក់​ម្នាក់​ពេល​ម្ចាស់​ផ្ទះ​ទៅ​កម្សាន្ដ​ខាង​ក្រៅ​ ។​ គេ​យក​ស្រា​ថ្លៃ​របស់​ម្ចាស់​ផ្ទះ​អង្គុយ​ផឹក​លើ​សា​ឡុង​ ហើយ​បើក​ភ្លេង​ខ្លាំង​ៗ​ ស្ដាប់​ម្នាក់​ឯង​យ៉ាង​សប្បាយ​ ។​ អ្នក​ជិត​ខាង​កើត​ការ​សង្ស័យ​ ទូរ​ស័ព្ទ​ប្រាប់​ម្ចាស់​ផ្ទះ​ និង​ប្ដឹង​ប៉ូលិស​ តែ​ពេល​ប៉ូលិស​ទៅ​ដល់​បាន​ត្រឹម​តែ​ឃើញ​ម្ហូប​អាហារ​ពេញ​លើ​តុ​ និង​កែវ​ស្រា​មិន​ទាន់​ផឹក​អស់​ រួម​ជា​មួយ​ដាន​ជើង​ប្រ​ឡាក់​ដី​ពេញ​ផ្ទះ​ ចំ​ណែក​ទ្វារ​ក្រោយ​បើក​ចំ​ហ ខណៈ​កុល​តុន​ចូល​ព្រៃ​បាត់​ស្រមោល​ ។​

ឮរាល់​លើក​ចូល​​ផ្ទះ​អ្នក​ណា​ក៏​ដោយ​ កុល​តុន​​តែង​ទុក​ដាន​ជើង​ប្រ​ឡាក់​ដី​ស្រមក​ ជា​ហេតុ​ធ្វើ​ឱ្យ​គេ​សន្និដ្ឋាន​ថា​ ក្មេង​ច្រ​មក់​នេះ​ចូល​ចិត្ដ​ដើរ​ជើង​ទ​ទេ​ ។​ ប្រ​ហែល​ការ​ដើរ​ជើង​ទ​ទេ​ជួយ​ឱ្យ​មាន​ភាព​ងាយ​ស្រួល​ចល័ត​ក្នុង​​បរិដ្ឋាន​ដី​សើម​កណ្ដាល​ព្រៃ​ដែល​គេ​លាក់​ខ្លួន​ ។​ តាំង​ពី​ពេល​នោះ​មក​ ប៉ូលិស​ផ្ដល់​រហស្ស​នាម​កុល​តុន​ថា​ «កំ​ពូល​ក្ដឹប​ចោរ​ដើរ​ជើង​ទ​ទេ​»​ ។​

ក្រោយ​តាម​ដាន​ជា​សម្ងាត់​មួយ​រយៈ​ ប៉ូ​លិស​រក​ឃើញ​ថា​ អ្នក​ស្រុក​ក្នុង​តំ​បន់​ឱ្យ​កុល​តុន​ប្រើ​ភ្លើង​អគ្គិស​នី​ ដើម្បី​សាក​ថ្ម​កុំ​ព្យូទ័រ​ និង​​ប្រើ​អីុន​ធើរ​ណេត​ ។​ លុះ​ស្រាវ​ជ្រាវ​តាម​អាស័យ​ដ្ឋាន​ IP ក្រុុម​ប៉ូលិស​ស៊ើប​អង្កេត​បើក​ភ្នែក​ក្រ​ឡង់​ពេល​ដឹង​ថា​ កុល​តុន​កំ​ពុង​រាវ​រក​អុីន​ធើរ​ណេត​ណែ​នាំ​បច្ចេក​ទេស​បើក​យន្ដ​ហោះ​ ហើយ​រូប​គេ​ក៏​បាន​ទិញ​សៀវ​ភៅ​បង្រៀន​របៀប​បើក​យន្ដ​ហោះ​ដែរ។​ ក្មេង​អនា​ថា​ម្នាក់​ អត់​បាន​រៀន​សូត្រ​ច្រើន​ តែ​ពេល​នេះ​យល់​គ្រឿង​អេ​ឡិច​ត្រូ​និក​ប្រ​ហែល​វិស្វករ​អេ​ឡិច​ត្រូ​និក​កំ​ពូល​ម្នាក់​ តើ​អ្នក​ណា​មិន​ភ្ញាក់​ផ្អើល​? ប៉ូលិស​ចាប់​ផ្ដើម​វាយ​តម្លៃ​ជា​ថ្មី​ថា ​ក្មេង​ប្រ​ព្រឹត្ដ​បទ​ល្មើស​រូប​នេះ​មិន​ធម្មតា​សោះ​តែ​ម្ដង​ គេ​មាន​ឧបនិស្ស័យ​ពីធម្មជាតិ​ខ្ពស់​មែន​ទែន​ជាមួយ​វិទ្យា​សាស្រ្ដ​ ទើប​ហ៊ាន​ស្វែង​យល់​បច្ចេក​ទេស​បើក​យន្ដ​ហោះ​ ដូច្នេះ​មិន​យូរ​ទេ​គេ​នឹង​ឈាន​ដល់​កម្រិត​ដែល​គេ​ចង់​បាន​យ៉ាង​ពិត​ប្រាកដ ។​

ប៉ុន្មាន​ឆ្នាំ​ក្រោយ​កុល​តុន​មាន​មិត្ដ​ស្រី​ឈ្មោះ​ Makayla ជា​ជន​ជាតិ​កាណាដា​ អាយុ​ច្រើន​ជាង​គេ​២​ឆ្នាំ​ ។​ ពួក​គេ​ទាំង​ពីរ​នាក់​ស្គាល់​គ្នា​តាម​រយៈ​អីុនធើរ​ណេត​ ។​ កុល​តុន​រៀប​រាប់​ប្រាប់​មិត្ដ​ស្រី​ពី​ទេស​ភាព​ត្រ​កាល​របស់​កោះ​កា​ម៉ា​ណូ​ ដែល​គេ​កំពុង​រស់​នៅ​ ពីតំបន់​ព្រៃ​សេរី​ភាព​របស់​គេ​ ពី​ពួក​ប៉ូលិស​ដែល​ត្រូវ​គេ​ធ្វើ​ឱ្យ​វិល​ក្បុង ។​ Makayla ស្តាប់​ការ​រៀប​រាប់​យ៉ាង​ជក់​ចិត្ត​ ។​  នាង​រំភើប​ដល់​ក​ ក្នុង​ចិត្ត​ស្រេក​ឃ្លាន​ចង់​នៅ​ក្បែរ​​ប្រុស​ស្នេហ៍​មុខស្រស់​មាន​បញ្ញា​ដាច់​គេ​រូប​នេះ​ នៅ​កណ្តាល​ទេស​ភាព​ត្រកាល​កោះ​កាម៉ាណូ​ តែ​បំណង​នាង​ប្រហែល​ពិបាក​សម្រេចបានព្រោះ​កន្លែង​រស់​នៅ​របស់​នាង​នៅ​ឃ្លាតពី​កោះ​កាម៉ាណូ​រាប់​ពាន់​គីឡូម៉ែត្រ​ ណាមួយ​ចង់​ទៅ​កោះ​នោះ​ទាល់​តែ​ជិះ​យន្ត​ហោះ​ ឬ​នាវា​ល្បឿន​លឿន ។​ កុល​តុន យល់​ច្បាស់​ពី​ភាព​អន្ទះ​សា​របស់​មិត្ត​ស្រីគេ​ប្តេជ្ញាចិត្ត​រក​ឱ្យ​បាន​យន្ត​ហោះ​មួយ​គ្រឿង​ផ្គាប់​ចិត្ត​នាង ។​

ក្រោយ​ខិតខំ​រៀន​ម្នាក់​ឯងពី​របៀប​បើក​យន្ត​ហោះ​តាម​សៀវ​ភៅ​ផង​ អុីនធើេរណេត​ផង​ កុល​ តុន​ លួច​យន្ត​ហោះ​មួយ​គ្រឿង​ដើម្បីបើក​សាក​ល្បង ។ មុខ​សញ្ញា​គឺ​យន្ត​ហោះ​ទេសចរណ៍​ម៉ាក​ Cessna 182 របស់​អាជីវករ​គ្រាក់​ម្នាក់ ។​ ប៉ុន្តែ​ពេល​លួច​បាន​សម្រេច​ដូច​បំណង​ហើយ​ កុល​ តុន​ ភ្លេច​ត្រួតពិនិត្យ​ប្រេង​ឥន្ធនៈ​ក្នុង​ម៉ាស៊ីន​ដែល​នៅ​សល់​តែ​បន្តិច​ ។​ ហោះ​ហើរ​បាន​តែ​ប៉ុន្មាន​នាទី​យន្ត​ហោះ​អស់​សាំង​ កុល​ តុន​ ត្រូវ​បញ្ជា​យន្ត​ហោះ​ចុះ​ដី​វិញ​យ៉ាង​ប្រថុច​ញ៉ុច​បំផុត​ ហើយ​លោត​ចេញ​ក្រៅពេញ​កម្លាំង ។ ភ្លាម​នោះ​យន្ត​ហោះ​ក្លាយ​ជា​គំនរ​ដែ​ក​អេត​ចាយ ចំណែក​អ្នក​បើក​គ្រាន់​តែ​រលាត់ដៃ​ជើង​តិច​តួច​ប៉ុណ្ណោះ ។​ នេះ​បាន​ជា​ចិត្ត​ថ្លើម​ធំ​ពាស​មេឃ​មែន ។​

ក្រោយបរាជ័យ​លើក​ទី​មួយ​ កុល​ តុន​ តាម​ដាន​​យន្ត​ហោះ​មួយ​គ្រឿង​ទៀត​ ។ លើក​នេះ​ទៅ​ចាប់​អារម្មណ៍​ពិនិត្យ​ប្រេង​ឥន្ធនៈ​មុន​បង្អស់ ។​ គេ​បើក​យន្ត​ហោះ​ឆ្លង​ព្រំដែន​ប្រទេស​កាណាដា​ទៅ​ដឹក​នាង​ Makayla នាំ​ទៅ​កម្សាន្ត​នៅ​តំបន់​ឆ្ងាយ​ៗពីរបីថ្ងៃ​ រួច​បើក​យន្ត​ហោះ​ទៅ​សង​ម្ចាស់​ដើម​វិញ​ ដោយ​ចត​ស្ងៀម​ស្ងាត់​ឆ្ងាយ​ពី​ផ្ទះ​ម្ចាស់​ដើម​ត្រឹម​១០០​ម៉ែត្រ​ប៉ុណ្ណោះ ។​

តាំងពី​ពេល​នោះ​ មិន​ថា​យន្ត​ហោះ​ទេស​ចរណ៍​ ឬ​នាវា​កម្សាន្ត​ ឬ​ក៏​រថយន្ត​ទំនើប​ទេ​ កុល​តុន ត្រូវ​ការ​មួយ​ណា​បាន​មួយ​នោះ​ រួច​ហើយ​យកទៅ​ចត​ចោល​នៅ​កន្លែង​ផ្សេង​ ធ្វើ​ឱ្យ​ម្ចាស់​ដើម​តាម​រក​វិល​ក្បុង ។​ កុល​តុន​ត្រូវ​ការ​កម្សាន្ត​ជាមួយ​មិត្ត​ស្រ្តី​តាម​បែប​ពួក​អ្នក​មាន​គ្រាក់ៗ ។​ សកម្ម​ភាព​របស់​គេ​ធ្វើ​ឱ្យ​ពួក​អ្នក​មាន​ និង​ក្រុម​ហ៊ុន​ទេសចរណ៍​ផ្សេងៗ​ជ្រួល​ច្របល់​ពេញ​កោះ​កាម៉ាណូ​ តែប៉ូលិស​ពុំ​អាច​ជួយ​អ្វី​បាន​ ព្រោះ​ទោះ​ពួក​អ្នក​យាម​មាន​ជំនាញ​ប៉ុន​ណា​ ក៏​គ្មាន​អ្នក​ណា​ឃើញ​កុល​តុន​លួច​ពី​អង្កាល់​ និង​ចេញ​ដំណើរ​តាម​ណា​ ហើយ​យក​មក​សង​វិញ​ពី​អង្កាល់ ។​

បន្ទាប់​ពីត្រូវ​ កុល​ តុន អុក​ឡុក​បង្ក​ភាព​ជ្រួល​ច្របល់​ខ្លាំង​ឡើងៗ​ ផែនការ​ព័ទ្ធ​ចាប់​មួយ​ត្រូវ​សមត្ថ​កិច្ច​គូស​វាស​យ៉ាង​ល្អិត​ល្អន់​ ដើម្បី​កុំ​ឱ្យ​ក្មេង​អនាធិបតេយ្យ​រូប​នេះ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​បាន​ទៀត ។​ ផែនការ​នោះ​ប្រើ​ប៉ូលិស​រាប់​រយ​នាក់​ និង​មាន​ការ​ជួយ​កម្លាំងពី​កង​ពិសេស​ Swat បុគ្គលិក​អេហ្វប៊ី​អាយ​ បុគ្គលិកអង្គភាព​ប្រឆាំង​ឧក្រិដ្ឋ​កម្ម​ពិសេស​ ឆ្កែ​ស្រង់​ក្លិន​ និង​ក្រុម​ឯកទេស​ចិត្តសាស្ត្រ​ផង ។​ ពួក​គេធ្វើ​ដំណើរ​សំដៅ​គោល​ដៅ​តាម​យុទ្ធ​វិធីដែល​បាន​គូសវាស​ម៉ត់​ចត់​ច្រើន​ថ្ងៃ​មក​ហើយ​ ។ ដឹង​អី​ពេល​ចូល​កៀក​ចំណុច​សង្ស័យ​ កុល​ តុន​ រស់​នៅ​ ម្នាក់ៗ​បាន​ត្រឹមតែ​ឃើញ​ស្រមោល​មនុស្ស​ម្នាក់​រត់​កាត់​ពី​មុខ​លឿន​ដូច​ព្រួញ​ រួច​បាត់​ឈឹង​ដូចព្រលឹង​ខ្មោច សូម្បី​ក្រុមឆ្កែ​ស្រង់​ក្លិន​ក៏​ឈរ​មិងមាំង ព្រោះស្រង់​ក្លិន​អត់​បាន ។​ ទីបំផុត​ អេហ្វប៊ីអាយ បង្ខំ​ចិត្ត​ប្រកាស​ផ្តល់​​រង្វាន់​១០.០០០​ដុល្លារ​ដល់​អ្នក​ណា​អាច​ផ្តល់​ព័ត៌​មាន​ពិត​ប្រាកដ​ពី​កន្លែង​លាក់​ខ្លួន​របស់ កុល​ តុន ។​

ក្រោយ​បរាជ័យ​លើក​នោះ​ ប៉ូលិស​បាក់មុខ​សឹង​ថា​ម្នាក់​ៗ​អត់​ហ៊ាន​ចេញ​ពី​ផ្ទះ​ឱ្យ​គេឃើញ ព្រោះ​ត្រូវ​សើច​ចំអក​ពេញ​នគរ ។​ ចំណែក​ កុល​តុន​ បាន​មជ្ឈដ្ឋាន​អ្នក​ក្រ​នៅ​លើ​កោះ​លើក​តម្កើង​ប្រៀប​ដូច​ Rolin Hood របស់​អាមេរិក ។​ ពួក​គេ​បង្កើត​ក្លឹប​អ្នក​ពេញ​ចិត្ត កុល​ តុន​ ដែល​មាន​សមាជិក​៤.៥០០​នាក់​ ហើយ​បោះ​ពុម្ភ​រូប​ កុល​ តុន​ លើ​អាវ​យកទៅ​លក់​គ្រប់​ទី​កន្លែង​ ។ ពេល​នោះ​ កុល​តុន​ ទើប​តែ​មាន​អាយុ​១៦​ឆ្នាំ​ប៉ុណ្ណោះ។​

ទោះ​បី​ការ​តាម​ចាប់​របស់​សមត្ថ​កិច្ច​គគ្រឹក​គគ្រេង​យ៉ាង​នេះ​ក្តី​ កុល​តុន​នៅ​តែ​អាច​គេច​ខ្លួន​បាន​យ៉ាង​ស្រួល​គ្មាន​បន្សល់​ស្លាក​ស្នាម​អ្វី​ទាំង​អស់​ ។ ចុង​ក្រោយ​ប៉ូលិស​នឹក​ឃើញ​ដល់​នាង​ MaKayla មិត្ត​ស្រី​របស់​កុល​តុន​ក៏​ទៅ​រក​នាង​ដើម្បី​សួរ​នាំ​ក្រែង​រក​ឃើញ​តម្រុយ​ថ្មី​ តែ​ Makayla អះ​អាង​ថា​ នាង​ និង​កុល​តុន​អាក់​អន់​ចិត្ត​គ្នា​ ឈប់​ទាក់​ទង​គ្នា​យូរ​ហើយ​ ដូច្នេះ​មិន​អាច​ផ្តល់​ព័ត៌​មាន​អ្វី​បាន​ឡើយ​ ។ តាំង​ពី​ពេល​នោះ​ មក​ដោយ​ហេតុ​កុល​តុន​ លែង​ឃើញ​ធ្វើ​សកម្ម​ភាព​ទៀត​ រឿង​រ៉ាវ​កុល​តុន​ ក៏​ស្ងប់​បន្តិច​ម្តងៗ​តាម​ពេល​វេលា​ ហាក់​ដូច​មិន​យូរ​ប៉ុន្មាន​ទៀត​នឹង​ត្រូវ​គេ​បំភ្លេច​ចោល​ ។

ប៉ុន្តែ​ជា​ការ​ស្មាន​មិន​ដល់​សោះ​ ថ្ងៃ​ទី​១១ កក្កដា​ ឆ្នាំ​២០១០​ ស្រាប់​តែ​កុល​តុន​ បង្ហាញ​មុខ​យ៉ាង​ព្រហើន​ ហើយ​ត្រូវ​ចាប់​បាន​នៅ​ប្រទេស​ដែន​កោះ​ដ៏​តូច​បាហា​ម៉ា (Bahamas) សមុទ្រ​អាត្លង់​ទិក​ ទី​ដែល​គេ​ចាត់​ទុក​ជា​ឋាន​សួគ៌​ទេស​ចរណ៍​ដ៏​ប្រណីត​ ។ ប្រទេស​ដែន​កោះ​បាហា​ម៉ា​ឃ្លាត​ឆ្ងាយ​ពី​កោះ​កាម៉ា​ណូ​រហូត​ដល់​៥.០០០​គីឡូ​ម៉ែត្រ​ ជា​ហេតុ​ធ្វើ​ឱ្យ​កុល​តុន​យល់​ថា​ គ្មាន​អ្នក​ណា​ស្គាល់​ខ្លួន​ឡើយ​ ។ មូល​ហេតុ​ត្រូវ​ប៉ូលិស​ចាប់​បាន​មក​ពី​កុល​តុន​លួច​អូប៊័រ​មួយ​គ្រឿង​បើក​ឆាប​ទៅ​មក​សើច​លេង​ដាក់​ពួក​ស្រី​ស្អាត​តាម​មាត់​សមុទ្រ​ ។ ពេល​ម្ចាស់​អូប៊័រ​ឆោ​ឡោ​ឡើង​ ប៉ូលិស​បើក​អូប៊័រ​ដេញ​ចាប់​ចោរ​លើ​ផ្ទៃ​សមុទ្រ​រូប​នេះ​ ។ ការ​ប្រដេញ​ប្រើ​ពេល​ជាង​មួយ​ម៉ោង​ទម្រាំ​ចាប់​បាន​ បន្ទាប់​ពី​ប៉ូលិស​សម្រេច​ចិត្ត​បាញ់​ចំ​ម៉ាស៊ីន​អូប៊័រ​ដែល​កុល​តុន​បើក​ បើ​មិន​សម្រេច​ចិត្ត​បែប​នេះ​ ម៉្លេះ​គ្មាន​អ្នក​ណា​អាច​ចាប់​កុល​តុន​បាន​ឡើយ។

ដំបូង​ប៉ូលិស​អត់​ដឹង​កុល​តុន​ជា​អ្នក​ណា​ទេ​ ម្នាក់​ៗ​បាន​ត្រឹម​តែ​ឆ្ងល់​ថា​ អាចោរ​ម្នាក់​នេះ​មក​ពី​ណា​ពូកែ​​បើក​អូប៊័រ​ម៉្លេះ​ ។ ទាល់​តែ​នាំ​ខ្លួន​មក​ដល់​ដី​គោក​ទើប​ម្នាក់ៗ​បើក​ភ្នែក​ធំៗ​…កណ្តុំ​ឆែប​ កំពូល​ចោរ​ធ្វើ​ឱ្យ​ប៉ូលិស​អាមេរិក​វិល​ក្បុង​ជាង​១០​ឆ្នាំ​នោះ​តើ​ ។ ជន​នេះ​ ពេល​ប៉ូលិស​បើក​ប្រតិបត្តិ​ការ​ដោយ​ប្រើ​កម្លាំង​រាប់​រយ​នាក់​ នៅ​តែ​អត់​ចាប់​បាន​ ឥឡូវ​អស់​លក្ខណ៍​ត្រូវ​ចាប់​បាន​ក្នុង​ហេតុ​ការណ៍​ក្រឡុញ​ឆឹក​ទៅ​វិញ​ ។

ដំណឹង​ចាប់​បាន​កំពូល​ចោរ​កុល​តុន​ ផ្សព្វ​ផ្សាយ​ចេញ​ក្រៅ​យ៉ាង​ឆាប់​រហ័ស​ ។ សហរដ្ឋ​អាមេរិក​គ្រាន់​តែ​ដឹង​ដំណឹង​ភ្លាម​សុំ​ធ្វើ​បត្យា​ប័ន​នាំ​ខ្លួន​កុល​តុន​ទៅ​អាមេរិក​វិញ​ភ្លាម​ ។ កំពូល​ចោរ​រូប​នេះ​ ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ប្រព្រឹត្ត​ចោរ​កម្ម​រាប់​រយ​ករណី​ ក្នុង​នោះ​៣ករណី​លួច​យន្ត​ហោះ​ រាប់​ករណី​លួច​រថយន្ត​ទំនើប​ រាប់​សិប​ករណី​លួច​នាវា​កម្សាន្ត​ មួយ​ករណី​លួច​កាំ​ភ្លើង​…។ ក្រោយ​ក្រឡុក​មជ្ឈដ្ឋាន​អ្នក​មាន​ទ្រព្យ​ឱ្យ​វិល​ក្បុង​ច្រើន​ឆ្នាំ​ កុល​តុន​ពេល​ត្រូវ​ចាប់​ខ្លួន​មាន​អាយុ​១៩​ឆ្នាំ​ ។

មជ្ឈដ្ឋាន​ពួក​អ្នក​មាន​ទ្រព្យ​ធន​ចង់​ឱ្យ​តុលា​ការ​កាត់​ទោស​ដាក់​គុក​កុល​តុន​អស់​មួយ​ជីវិត​ ។ ប៉ុន្តែ​មជ្ឈ​ដ្ឋាន​អ្នក​ក្រ​ចង់​ឱ្យ​តុលាការ​ដោះ​លែង​កុល​តុន​វិញ​ ។ កុល​តុន​ក្លាយ​ជា​មូល​ហេតុ​នៃ​ការ​ជជែក​វែក​ញែក​ពេញ​រដ្ឋ​វ៉ា​ស៊ីន​តោន​ ។ ម្តាយ​កុល​តុន​ប្រាប់​អ្នក​កាសែត​ថា​ កុល​តុន​មាន​គម្រោង​រក​ប្រាក់​ឱ្យ​បាន​ច្រើន​ដើម្បី​បើក​មជ្ឈ​មណ្ឌល​សង្គ្រោះ​សត្វ​ព្រៃ​ ។ គាត់​និយាយ​ទៀត​ថា​ កុល​តុន​ពេល​ខ្លះ​ប្រាប់​គាត់​ថា​ គេ​ធ្លាប់​ត្រួត​ពិនិត្យ​ IQ ខ្លួន​ឯង​ ឃើញ​ចាញ់​ Albert Einstein តែ​៣ពិន្ទុ​ប៉ុណ្ណោះ ។

ហេតុ​ម៉េច​កំពូល​ចោរ​ម្នាក់​មាន​មនុស្ស​ជា​ច្រើន​ពេញ​ចិត្ត​យ៉ាង​នេះ​ ។ លោក​មេ​បញ្ជា​ការ​ប៉ូលិស​ Mark C Brown យល់​ឃើញ​ថា​ពួក​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ពី​តំបន់​នានា​ទៅ​កោះ​កាម៉ា​ណូ​ បោះ​ទុន​វិនិយោគ​សាង​សង់​រោងចក្រ​យ៉ាង​ច្រើន​ អ្នក​ខ្លះ​ទៀត​ស្ថាបនា​តំបន់​ទេស​ចរណ៍​ ជា​ហេតុ​បំផ្លាញ​បរិស្ថាន​រស់​នៅ​តាម​បែប​ប្រពៃ​ណី​ បង្ក​ភាព​កខ្វក់​ធ្ងន់​ បណ្តាល​ឱ្យ​ប្រជា​ជន​ខឹង​ខ្លាំង​ ។ លើ​ភាព​ជាក់​ស្តែង​ កុល​តុន​ប្រព្រឹត្ត​កំហុស​មែន​ តែ​ប្រព្រឹត្ត​ចំពោះ​មជ្ឈដ្ឋាន​ដែល​អ្នក​ស្រុក​មិន​ពេញ​ចិត្ត​ ។ សកម្ម​ភាព​របស់​គេ​ជួយ​ឱ្យ​អ្នក​ស្រុក​ធូរ​ទ្រូង​ ដូច្នេះ​ហើយ​ទើប​ម្នាក់ៗ​ស្រឡាញ់​កុល​តុន​ ចាត់​ទុក​កុល​តុន​ជា​វីរបុរស​ទៀត​ផង​ ៕          តាមឯកសារបរទេស​