វត្ត​អារាម​បែប​ណា​មាន​លក្ខណសម្បត្តិ​ជា​វត្ត​ទេសចរណ៍ ?


រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍ ក្រសួង​ធម្មការ និង​សាសនា សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា (CATA) រួម​ជាមួយ​មន្ទីរ​-​ស្ថាប័ន​ពាក់ព័ន្ធ គ្រោង​នឹង​រៀបចំ​ទី​វត្ត​អារាម​ដែល​មាន​ភាព​លេចធ្លោរ​ជាងគេ ពិសេស​នៅ​តាម​តំបន់​គោលដៅ​ទេសចរណ៍ សំខាន់​ៗ ឱ្យ​ក្លាយទៅជា​វត្ត​ទេសចរណ៍​ដ៏​ទាក់ទាញ ដើម្បី​ចូលរួម​លើកកម្ពស់​សក្តានុពល​ទេសចរណ៍​ឱ្យ​កាន់តែ​រីក​ចម្រើន​ឡើង​ថែម​ទៀត ពិសេស​ដើម្បី​ពង្រីក​កិច្ច​អភិរក្ស និង​អភិវឌ្ឍន៍ ។

នា​ព្រឹក​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៨ កិច្ចប្រជុំ​ឆ្លង​គោលការណ៍​ណែនាំ​ស្ដី​ពី​វត្ត​ទេសចរណ៍​បាន​ធ្វើ​ឡើង​នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ ក្រោម​អធិបតីភាព​លោក​ទិ​ត ច​ន្ថា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ ដោយ​មានការ​ចូលរួម​ពី​អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ លោក​តុ​ប សុ​ភ័ក អនុរដ្ឋលេខាធិការ​ក្រសួង​ធម្មការ លោក​សា​រ៉ា​យ ឆុ​ន ប្រធាន​សមាគម CATA លោកស្រី​ឆាយ ស៊ី​វលី​ន ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍ លោក​ជុក ជំនោរ ព្រមទាំង​ប្រធាន​មន្ទីរ​ទេសចរណ៍ មន្ទីរ​ធម្មការ​រាជធានី​-​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ។

រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ លោក​ទិ​ត ច​ន្ថា លើក​ឡើង​ថា ការ​រៀបចំ​ឱ្យ​មាន «​វត្ត​ទេសចរណ៍​» គឺជា​ការ​ជំរុញ​ឱ្យ​ទី​អារាម សំខាន់​ៗ​នៅ​ក្នុង​តំបន់​គោលដៅ​ទេសចរណ៍ ក៏​ដូច​ជា​ការ​ប្រែក្លាយ​វត្ត​អារាម​នៅ​តាម​តំបន់​គោលដៅ​ទេសចរណ៍ ធំ​ៗ​នៅ​កម្ពុជា ឱ្យ​ក្លាយទៅជា​កន្លែង​ទាក់ទាញ​ទេសចរ ឬ​អាច​ទទួល​ទេសចរ​ឱ្យទៅ​ទស្សនា​នៅ​ក្នុង​ទី​អារាម​ទាំងនោះ​បាន ខណៈ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​ក្រសួងទេសចរណ៍​កំពុង​ជំរុញ​ទេសចរ​ជាតិ​-​អន្តរជាតិ ឱ្យទៅ​ទស្សនា​នៅ​គ្រប់​គោលដៅ​នៃ​ប្រទេស​កម្ពុជា ។

ការ​រៀបចំ​វត្ត​ទេសចរណ៍​នេះ មាន​គោលដៅ​សំខាន់​ចំនួន​២ រួម​មាន​៖ គោលដៅ​សំខាន់​ទី​១៖ ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យ​ស្នាក់​នៅ​បាន​ក្នុង​រយៈពេល​យូរ ចំណាយ​ប្រាក់​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ផ្តល់​ឲ្យ​ភ្ញៀវ​មាន​ជម្រើស​ច្រេ​ី​ន​ក្នុង​ការ​ទស្សនា និង​ម្យ៉ាងទៀត ក៏​នឹង​ផ្ដល់​នូវ​ប្រភព​ចំណូល និង​ការ​ជួយ​ដល់​វត្ត​អារាម​ទាំងនោះ​ផង​ដែរ ។ គោលដៅ​សំខាន់​ទី​២៖ ផ្ដល់​ការ​អប់រំ និង​ការ​យល់​ដឹង​ដល់​ភ្ញៀវ​ទេសចរ ពិសេស​ទេសចរ​អន្តរជាតិ​ក្នុង​ការ​សិក្សា​ឈ្វេងយល់​ពី​ព្រះពុទ្ធ​សាសនា​នៅ​កម្ពុជា ដែល​ជា​សាសនា​របស់​រដ្ឋ ។

លោក​ទិ​ត ច​ន្ថា បញ្ជាក់​ថា «​ដើម្បី​ទទួលស្គាល់​វត្តថា​ជា​វត្ត​ទេសចរណ៍​បាន គឺ​វត្ត​ទាំងនោះ​ត្រូវ​តែ​មាន​សូចនាករ​ក្នុង​ការ​កំណត់ ជា​វត្ត​លេចធ្លោរ​ជាងគេ មាន​ទីតាំង​ល្អ មាន​ប្រវត្តិ​អស្ចារ្យ វត្ត​ដែល​មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​ល្អ មាន​របៀបរៀបរយ​ល្អ​ស្អាត មាន​កិត្តិនាម​ល្បីល្បាញ​ល្អ ។ ព្រះសង្ឃ ឬ​អាចារ្យវត្ត​ក៏​អាច​ធ្វើ​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍​បាន​ដែរ ដើម្បី​បង្ហាញ​ពី​ប្រវត្តិ ឬ​រឿងរ៉ាវ​ពាក់ព័ន្ធ​នឹង​វត្ត​ទេសចរណ៍​ទាំងនោះ ប៉ុន្តែ​ក៏​ត្រូវ​អនុវត្ត​ឱ្យ​ស្រប​តាម​គោលការណ៍​ណែនាំ​របស់​អន្តរក្រសួង​ដែរ ដែល​នឹង​ចេញ​ជា​ផ្លូវការ​នា​ពេល​ខាង​មុខ ។ នៅ​តាម​វត្ត​អារាម សំខាន់​ៗ​មួយ​ចំនួន​នៅ​តាម​តំបន់​គោលដៅ​ទេសចរណ៍ សំខាន់​ៗ ក៏​កំពុង​រៀបចំ​បណ្ដើរ​ហើយ​ដែរ និង​មាន​ទេសចរ ទស្សនា​ជា​បន្តបន្ទាប់ »​។

ថ្នាក់ដឹកនាំ និង​ក្រុម​មន្ត្រី​អន្តរក្រសួង​-​ស្ថាប័ន នឹង​ជួប​ពិភាក្សា​គ្នា​ម្ដងទៀត​ក្នុង​ការ​ប្រមូល​ធាតុ​ចូល​បន្ថែម ក៏​ដូច​ជា​រៀបចំ​គោលការណ៍​ណែនាំ​រួម ដើម្បី​ដាក់​ជូន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា ចេញ​សេចក្ដី​ប្រកាស​អន្តរក្រសួង​មួយ មុន​អនុវត្ត​ការងារ​ទាំងនេះ​ជា​ផ្លូវការ​នៅ​ចុងឆ្នាំ​២០១៨ ឬ​អាច​នៅ​ដើមឆ្នាំ​២០១៩ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ