ទ្រឹស្តីព្រះពុទ្ធសាសនាធ្វើអ្វីៗឱ្យយកបញ្ញាជាធំឧទាហរណ៍ៈ ការធ្វើទាន មិនមែនចេះតែធ្វើនោះទេ បើឱ្យមិនត្រឹមត្រូវតាមពុទ្ធានុញ្ញាត ផលនៃទាននោះនឹងបានត្រឡប់មកវិញមិនច្រើនឡើយ ព្រោះហេតុនោះអ្នករាប់អានព្រះពុទ្ធសាសនាគប្បីចូលអានអត្ថបទមួយនេះ នឹងបានជាប្រយោជន៍ច្រើនដល់ការធ្វើទាន សមស្របទៅនឹងការចំណាយទ្រព្យធនរបស់ខ្លួន ។
ខាងក្រោមនេះជារបៀបឱ្យទានត្រឹមត្រូវតាមក្បួនច្បាប់ព្រះពុទ្ធសាសនាមាន៥ចំណុចគឺៈ
១-ឲ្យទានដោយសទ្ធា គឺឲ្យដោយជឿជាក់ថា ផលរបស់ទាននេះពិតជាមានផលដោយពិតប្រាកដ ដូចព្រះអង្គសម្តែងអាសនិសង្សថា ម្នាលភិក្ខុទាំងឡាយ បុគ្គលណាឲ្យទានដោយសទ្ធា បុគ្គលនោះកើតក្នុងទីណាៗ រមែងជាអ្នកស្ដុកស្ដម្ភដោយភោគសម្បត្តិ ។
២-ឲ្យទានដោយគោរព គឺឲ្យដោយយកចិត្តទុកដាក់ ដោយគោរពក្នុងទាន និងបុគ្គលដែលជាអ្នកទទួល ឬថាឲ្យដោយដៃខ្លួនឯងផ្ទាល់ មិនមែនឲ្យដោយការបោះបោកជាដើម ដូចទ្រង់ត្រាស់អានិសង្សថា ម្នាលភិក្ខុទាំងឡាយបុគ្គលឲ្យទានដោយគោរព បុគ្គលនោះកើតក្នុងទីណាៗ រមែងជាអ្នកមានទ្រព្យស្ដុកស្ដម្ភ ទោះកូនក្ដី ប្រពន្ធក្ដី ខ្ញុំបម្រើក្ដី អ្នកធ្វើការងារក្ដី តែងជាអ្នកស្ដាប់បង្គាប់ដោយល្អ ។
៣-ឲ្យទានតាមកាល គឺឲ្យទានតាមកាលដែលគួរឲ្យ។ កាលដែលគួរឲ្យទាន ឈ្មោះថា កាលទាន មាន៥យ៉ាងគឺ ឲ្យទានដល់អ្នកមកថ្មី១ ឲ្យទានដល់អ្នកដំណើរ១ ឲ្យទានដល់អ្នកមានជំងឺ១ ឲ្យទានក្នុងពេលអត់បាយ១ ផ្តល់ស្រូវថ្មី ផ្លែឈើដំបូងដល់បុគ្គលអ្នកមានសីល១ ។
៤-ឲ្យទានដោយចិត្តអនុគ្រោះ គឺឲ្យដោយមិនមានចិត្តសោកស្ដាយ ឬថាឲ្យដោយចង់ឲ្យអ្នកទទួលបាននូវសេចក្ដីសុខ ក្តីសប្បាយ ដោយមិនចង់ឲ្យគេតបស្នងអ្វីមកវិញឡើយ។ បុគ្គលឲ្យទានដោយចិត្តអនុគ្រោះ បែបនេះកើតក្នុងទីណាៗ ជាអ្នកស្ដុកស្ដម្ភ មានទ្រព្យច្រើន និងជាអ្នកបរិភោគក្នុងកាមគុណ៥ ដ៏លើសលុប ។
៥-ឲ្យទានដោយមិនបៀតបៀនខ្លួនឯង និងអ្នកដទៃ ។ បុគ្គលឲ្យទានដោយមិនបានបៀតបៀនខ្លួនឯង និងអ្នកដទៃបែបនេះ ទោះកើតក្នុងទីណាៗ រមែងជាអ្នកមានទ្រព្យស្ដុកស្ដម្ភ និងមិនមានសេចក្ដីអន្តរាយនៃភោគៈឡើយ ។
បុគ្គលអ្នកឲ្យទានប្រកបដោយបញ្ញាបែបនេះ ទោះកើតក្នុងទីណាៗ នឹងជាបុគ្គលស្ដុកស្ដម្ភ មានទ្រព្យច្រើន មានភោគៈច្រើន ហើយ ភោគៈដ៏ពោរពេញទាំងនោះរមែងកើតមានតាមកាលដ៏គួរដល់បុគ្គលនោះវិញ ។
ចែករំលែកព័តមាននេះ