ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​7​ខែ ចិន​វិនិយោគ​នៅ​កម្ពុជា​មានទឹក​5​ពាន់​លាន​ដុល្លារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ថា រយៈពេល​៧​ខែ​ឆ្នាំ​នេះ វិនិយោគិន​ចិន បាន​វិនិយោគ​នៅ​កម្ពុជា​មាន​ទឹកប្រាក់​រហូត​ដល់​៥​ពាន់​លាន​ដុល្លារ ដែល​ជា​ចំនួន​ដ៏​ច្រើន បើ​ធៀប​នឹង​វិនិយោគិន​អន្តរជាតិ​ដទៃ​ទៀត ។ លោក​ឧបនាយករដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ថា រយៈពេល​៧​ខែ​ឆ្នាំ​នេះ វិនិយោគិន​ចិន បាន​វិនិយោគ​នៅ​កម្ពុជា​មាន​ទឹកប្រាក់​រហូត​ដល់​៥​ពាន់​លាន​ដុល្លារ ដែល​ជា​ចំនួន​ដ៏​ច្រើន បើ​ធៀប​នឹង​វិនិយោគិន​អន្តរជាតិ​ដទៃ​ទៀត ។

លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង បាន​មាន​ប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ សីហា​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម Morgan Tower ថា គិត​ចាប់ពី​ខែមករា ដល់​ខែកក្កដា​កន្លង​មកនេះ អ្នក​វិនិយោគ​ចិន​បាន​បោះទុន​វិនិយោគ​នៅ​កម្ពុជា​ក្នុង​ទំហំ​ទឹកប្រាក់​៥​ពាន់​លាន​ដុល្លារ ហើយ​បើ​គិត​ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៨ អ្នក​វិនិយោគ​ចិន​បាន​បោះទុន​វិនិយោគ​រហូត​ដល់​២១​ពាន់​លាន​ដុល្លារ ហើយ​ចិន​បាន​កសាង​ផ្លូវជាតិ​ចំនួន​៣​ពាន់​គីឡូម៉ែត្រ និង​ស្ពាន​ចំនួន​៧​នៅ​កម្ពុជា ។ គម្រោង​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា​ភាគច្រើន​គឺ​ផ្តោត​លើ​វិស័យ​ចម្បង​ៗ​ដូច​ជា វិស័យ​វាយនភ័ណ្ឌ សំណង់ វា​រី​អគ្គិសនី គមនាគមន៍ និង​វិស័យ​ទេសចរណ៍ ។

លោក​ឧបនាយករដ្ឋមន្ត្រី បាន​បន្ដ​ថា រាជរដ្ឋាភិបាល​កម្ពុជា សូម​អរគុណ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​ចិន ដែល​បាន​ឧបត្ថម្ភ​លើ​គ្រប់​វិស័យ ទាំង​វិស័យ​នយោបាយ សេដ្ឋកិច្ច និង​សង្គម ។ លោក​សង្កត់ធ្ងន់​ថា ៖« ការ​អភិវឌ្ឍ​ដ៏​អស្ចារ្យ​របស់​កម្ពុជា​លើ​គ្រប់​វិស័យ​ដែល​ស្តែង​ឲ្យ​ឃើញ​សព្វ​ថ្ងៃនេះ មិន​អាច​កាត់​ផ្តាច់​នូវ​ការ​រួមចំណែក​ពី​ជំនួយ ការ​គាំទ្រ និង​ការ​វិនិយោគ​របស់​អ្នក​វិនិយោគ​ចិន​នោះ​ទេ »​។

អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក​បណ្ឌិត ហុង វណ្ណៈ បាន​មាន​ប្រសាសន៍​ថា ការ​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា មិនមែន​កើតឡើង​ដោយ​ចៃដន្យ​នោះ​ទេ ។ លោក​ថ្លែង​ថា ៖« វា​បាន​កើតឡើង​ដោយសារ​ហេតុផល​មួយ​ចំនួន​ដូច​ជា ទី​១ គោលនយោបាយ​ផ្លូវ​សូត្រ ឬ ខ្សែក្រវាត់​មួយ ផ្លូវ​មួយ របស់​ចិន ដែល​ឆ្ពោះ​មក​កាន់​តំបន់​អាស៊ី ហើយ​កម្ពុជា​យើង​ជា​ប្រទេស​ដែល​បាន​ទទួលផល​ច្រើន​ជាងគេ ដោយសារ​ទំនាក់ទំនង​ដ៏​ល្អជា​ប្រវត្តិសាស្ត្រ និង​រវាង​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ និង​ទី​២ ដោយសារ​កត្តា​ផ្ទៃក្នុង​កម្ពុជា ដែល​សម្រេច​បាន​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច​រឹង​មាំ »​។

អ្នកឧកញ៉ា ពុង ឃាវ​សែ ប្រធាន​ក្រុមហ៊ុន OCIC ដែល​គ្រប់គ្រង​ទីក្រុង​កោះ​ពេជ្រ​បាន​ថ្លែង​ថា មិនយូរ​ប៉ុន្មាន​ទៀត​ទេ កម្ពុជា​នឹង​មាន​អគារ​ខ្ពស់​ៗ​រាប់រយ​ម៉ែត្រ ដែល​នេះ​ព្រោះតែ​កម្ពុជា​មាន​ស្ថិរភាព​នយោបាយ​ល្អ​ប្រសើរ ក្រោម​ការ​ដឹកនាំ​របស់​ប្រមុខ​រដ្ឋាភិបាល សម្តេច​តេ​ជោ​ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​នៃ​ព​កម្ពុជា ។
ប្រទេស​ចិន​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​រួមចំណែក​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ។ បច្ចុប្បន្ន​មិន​ត្រឹមតែ​ទំហំ​ទឹកប្រាក់​វិនិយោគ និង​ទំហំ​ពាណិជ្ជកម្ម​ប៉ុណ្ណោះ​ទេ​ដែល​ឈានមុខ​គេ ក្នុង​នោះ​ទេសចរ​ចិន​មក​ទស្សនា​នៅ​កម្ពុជា​ក៏​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​១​ផង​ដែរ ។

យោង​តាម​របាយការណ៍​ក្រសួងទេសចរណ៍ រយៈពេល​៥​ខែ​ដើមឆ្នាំ​២០១៨​នេះ ភ្ញៀវ​ទេសចរ​ចិន​មក​ទស្សនា​នៅ​កម្ពុជា​មាន​ចំនួន​៧៨៨.៣៧៨​នាក់ ស្មើនឹង​៣០,៥%​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​សរុប កើនឡើង​៧៨,៧% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ