តោះមកស្ដាប់លោកបណ្ឌិតនិយាយអំពីប្រវត្តិកីឡាទាញព្រ័ត្រទាំងអស់គ្នា!
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កីឡាទាញព្រ័ត្រ ជាល្បែងលេងកម្សាន្ដសប្បាយរបស់យុវជនខ្មែរទាំងបុរស ទាំងស្ដ្រី កំលោះ ក្រមុំ តាំងពីបុរាណកាល។ ល្បែងនេះគេលេងដោយប្រើកម្លាំងកាយយកចាញ់ឈ្នះគ្នា ហើយគេលេងតែក្នុងរដូវចូលឆ្នាំខ្មែរ គឺខែចេត្រ ពិសាខ ប៉ុណ្ណោះ។

នៅក្នុងការលេងល្បែងនេះ គេចែកមនុស្សជា២ក្រុម ម្ខាងយ៉ាងតិចពី៥នាក់ទៅ១០នាក់ឡើងទៅតាមដែលគេរកគ្នាបានប៉ុន្មាន ក៏លេងប៉ុណ្ណោះ តែតាមទម្លាប់អ្នកស្រុកបើមានមនុស្សស្រីចូលលេងផង គេឱ្យស្រីៗនៅម្ខាង ប្រុសៗនៅម្ខាង ។ ដោយសារគេយល់ថា ភេទស្រីមានកម្លាំងខ្សោយជាងបុរស គេតែងដាក់ខាងស្រីឱ្យមានចំនួនច្រើនលើសប្រុស យ៉ាងតិចត្រឹម២នាក់ជាដរាប គឺបើខាងប្រុស៨នាក់ គេដាក់ខាងស្រី១០នាក់ ។
គ្រឿងប្រដាប់សម្រាប់លេង គេយកខ្សែព្រ័ត្រធ្វើពីស្បែកគោស្បែកក្របីធ្វើព្រ័ត្រដែលបច្ចុប្បន្នគេយកខ្សែពួសម្រាប់ទាញព្រ័ត្រ ។ ល្បែងកីឡាទាញព្រ័ត្របានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបិយនៃមនុស្សជាតិកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ ។ តាមរយៈសិលាចារឹកនៅលើជញ្ជាំងប្រាសាទបុរាណ ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាអះអាងថា កីឡានេះបានកកើតឡើងតាំងពីសម័យបុរាណមកម៉្លេះ។
លោកបណ្ឌិតមាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានរៀបរាប់ពីប្រវត្តិ
កីឡាទាញព្រ័ត្រថា កីឡានេះចាប់ផ្ដើមបើកការប្រកួតឡើងវិញនៅក្នុងឆ្នាំ២០០៥និងទើបទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡានៅក្នុងឆ្នាំ២០១៧ ។ រហូតមកដល់ឆ្នាំ២០១៨ទើបមានការរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិបានចំនួន២លើករួចមកហើយ ។

លោកថាកីឡាទាញព្រ័ត្របានក្លាយជាកីឡាទំនើបនិងបានលេងនៅក្នុងកីឡាអូឡាំពិកក្នុងឆ្នាំ១៩០០រហូតដល់ឆ្នាំ១៩២០ ដោយការប្រកួតលើកដំបូងធ្វើនៅប្រទេសបារាំង ហើយបានឆ្លងមកសហរដ្ឋអាមេរិក និងបន្តឈានទៅសាបព្រោះនៅចក្រភពអង់គ្លេស ។ ប៉ុន្តែក្រោយមកដោយសារតែការអភិវឌ្ឍកីឡាដទៃទៀតមានល្បឿនលឿនជាង ធ្វើឱ្យកីឡាទាញព្រ័ត្របានជ្រុះបាត់ពីកីឡាអូឡាំពិកតាំងពីពេលនោះរហូតមក ។
ទោះបីយ៉ាងណា សម្រាប់ការប្រកួតជើងឯកពិភពលោកគឺនៅមានធ្វើរហូតមកដល់ពេលនេះ។ សហព័ន្ធកីឡាទាញព្រ័ត្រអន្តរជាតិសព្វថ្ងៃមានរហូតដល់ទៅ៧១ប្រទេសជាសមាជិករួមទាំងកម្ពុជាយើងផងដែរ ហើយសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាទើបតែបង្កើតឡើងនៅក្នុងឆ្នាំ២០០៥ប៉ុណ្ណោះ ។ កីឡាទាញព្រ័ត្រនេះកន្លងមកមិនដែលបានធ្វើសកម្មភាពនៅក្នុងស្រទាប់មហាជននោះទេ គឺបានត្រឹមតែធ្វើនៅតាមសហគ្រាសនិងរោងចក្រកាត់ដេរ។
ប៉ុន្តែក្រោយពីមានការទទួលស្គាល់ពីរាជរដ្ឋាភិបាល ទើបសហព័ន្ធបើកឱ្យធ្វើសកម្មភាពទូលំទូលាយ និងបើកការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី១នៅក្នុងឆ្នាំ២០១៧
ដោយមានការចុះឈ្មោះចូលរួមប្រកួតរហូតដល់ទៅជាង៥០០នាក់ ។ ប៉ុន្តែដោយសារតែថវិកាមានកម្រិត ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ឱ្យយកត្រឹមតែក្រោម៥០០នាក់ប៉ុណ្ណោះ។

ជាមួយគ្នានេះលោកបានអញ្ជើញអ្នកជំនាញមកពីប្រទេសថៃដែលគេមានចំណេះដឹងជាងយើង មានបទពិសោធន៍មុនយើងឱ្យគេមកជួយបើកវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីកម្រិតបឋម ដើម្បីមើលធនធានរបស់យើង ថាអ្នកណាដែលល្អមានការយល់ដឹងច្បាស់សម្រាប់បញ្ជូនទៅរៀនបន្ថែមឱ្យក្លាយជាមន្ត្រីអាជ្ញាកណ្ដាលជាផ្លូវការសម្រាប់ត្រៀមប្រកួតអន្តរជាតិថ្ងៃក្រោយ។
ក្នុងចំណោមបណ្ដាក្លិបទាំងអស់យ៉ាងហោចណាស់ក៏មានម្នាក់ដែរ ដែលមានចំណេះដឹងបច្ចេកទេសពីកីឡាទាញព្រ័ត្រនិងរៀបចំការប្រកួតនៅក្នុងមូលដ្ឋានរបស់ខ្លួនបាន៕
ចែករំលែកព័តមាននេះ