ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន​បន្ទាយស្រី​ខំប្រឹង​បញ្ចេញ​សម្រស់ តែ​គ្មាន​អ្នក​ចាប់អារម្មណ៍

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នៅ​មិន​ឆ្ងាយ​ប៉ុន្មាន ពី​ប្រាសាទបន្ទាយស្រី សហគមន៍​ទេសចរណ៍​បន្ទាយស្រី ជា​រមណីយដ្ឋាន​ធម្មជាតិ​មួយ​ដែល​មាន​ទេសភាព​ស្រស់បំព្រង ព្រៃ​ព្រឹក្សា​ពណ៌​ខៀវស្រងាត់ លម្អ​ដោយ​ផ្កាឈូក​រីក​រហង់​នៅ​ក្នុង​ទឹកថ្លា​យង់ ដែល​ស័ក្ដិសម​នឹង​ទីឋាន​សម្រាប់​ភ្ញៀវ​ទេសចរ​ទៅ​ពពាក់ពពូន​លម្ហែកាយ ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ​នៅ​ទីនោះ…

ខេត្តសៀមរាប ៖ នៅ​មិន​ឆ្ងាយ​ប៉ុន្មាន ពី​ប្រាសាទបន្ទាយស្រី សហគមន៍​ទេសចរណ៍​បន្ទាយស្រី ជា​រមណីយដ្ឋាន​ធម្មជាតិ​មួយ​ដែល​មាន​ទេសភាព​ស្រស់បំព្រង ព្រៃ​ព្រឹក្សា​ពណ៌​ខៀវស្រងាត់ លម្អ​ដោយ​ផ្កាឈូក​រីក​រហង់​នៅ​ក្នុង​ទឹកថ្លា​យង់ ដែល​ស័ក្ដិសម​នឹង​ទីឋាន​សម្រាប់​ភ្ញៀវ​ទេសចរ​ទៅ​ពពាក់ពពូន​លម្ហែកាយ ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ​នៅ​ទីនោះ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ រមណីយដ្ឋាន​មួយ​នេះ​បែរជា​ភ្ញៀវ​ទេសចរ​ទៅ​ហួស​មក​ហួស ហាក់​មើល​រំលង​ទៅ​វិញ ពិសេស​ភ្ញៀវ​ទេសចរ​ជាតិ ។

មា​នទី​តាំងនៅ​ខាងជើង​ជាប់​ប្រាសាទបន្ទាយស្រី រមណីយដ្ឋាន​មួយ​នេះ​ជាទី​កន្លែង​ដែល​ស័ក្តិសម​បំផុត​សម្រាប់​អ្នក​ស្រឡាញ់​ធម្មជាតិ ព្រោះ​សម្បូរ​ដោយ​ជីវៈចម្រុះ និង​មាន​ភាព​ស្ងប់ស្ងាត់​ក្នុង​ការ​សម្រួល​អារម្មណ៍ អម​ដោយ​ម្ហូបអាហារ​បែប​អ្នកស្រុក​ដ៏​ឈ្ងុយ​ឆ្ងាញ និង​ផ្ទះ​ស្នាក់​នៅ​ដ៏​ស្រស់​ស្អាត​គួរ​ជាទី​ពេញចិត្ត ។ អ្វី​ដែល​ភ្ញៀវ​មិន​សរសើរ​មិន​បាន​នោះ គឺ​ការ​រៀបចំ​របស់​សហគមន៍​ទេសចរណ៍​មួយ​នេះ​ដែល​អនុញ្ញាត​ឲ្យ​ភ្ញៀវ​បរទេស​បន្សល់​ទុក​នូវ​អនុស្សាវរីយ៍​ជា​ច្រើន​ដូច​ជា ច្រូតស្រូវ​, ស្ទូងស្រូវ និង​សិល្បៈ​វប្បធម៌​ប្រពៃណី​ខ្មែរ​ជា​ច្រើន​ទៀត ។

បើ​តាម​មន្ត្រី​នាយកដ្ឋាន​រៀបចំ​ដែនដី និង​គ្រប់គ្រង​លំនៅ​ឋាន​ក្នុង​ឧទ្យាន​អង្គរ បានឱ្យ​ដឹង​ថា សហគមន៍​បន្ទាយស្រី បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៣ មាន​សមាជិក​សហគមន៍​៣៥​រូប ក្នុង​នោះ​គណៈកម្មការ​ចំនួន​៦​រូប និង​សមាជិក​២៩​រូប ដោយ​ជ្រើសតាំង​តាម​រយៈ​ការ​បោះ​ឆ្នោត​ដែល​ពួក​គាត់​ជា​អ្នក​ភូមិ មក​ពី​ភូមិ​បន្ទាយស្រី និង​ភូមិ​ទួល​ក្រឡាញ់ ។

លោក សំ កុសល មន្ត្រី​នាយកដ្ឋាន​រូប​នេះ​បាន​បន្ដ​ថា បច្ចុប្បន្ន អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​គម្រោង ACHA របស់​ប្រទេស​ញូ​វ​ហ្សឺ​ឡែ​ន បាន​អភិរក្ស និង​កែ​ច្នៃ​ត្រពាំង​បុរាណ​មួយ​ឈ្មោះ «​ស្រែ​ព្រៃ » ឱ្យ​ក្លាយជា​សហគមន៍​ទេសចរណ៍​ដែល​មាន​ធម្មជាតិ​គួរ​ឲ្យ​គយគន់ ។ លោក​កុសល​និយាយ​ថា ៖« គម្រោង​នេះ​បង្កើត​ឡើង​ដើម្បី​បង្កើន​ចំណូល​បន្ថែម​លើ​មុខរបរ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ក្នុង​តំបន់ ហើយ​យើង​ចង់​ឃើញ​ប្រជាជន​ទាំង​ពីរ​ភូមិ​មានការ​រីក​ចម្រើន​តាម​រយៈ​សហគមន៍​នេះ ដែល​ស្រប​តាម​គោលការណ៍​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​ការ​លើក​ស្ទួយ​ជីវភាព​ឱ្យ​ល្អ​ប្រសើរ »​។ លោក​បន្ថែម​ថា ក្រៅពី​ទាញ​ប្រយោជន៍​ពី​សហគមន៍​នេះ អាជ្ញាធរ​ជាតិ​អប្សរា​និង​សហគមន៍ ក៏​បាន​រួម​គ្នា​អភិរក្ស​ថែរក្សា​ជីវចម្រុះ ត្រី សត្វ​ស្លាប សត្វ​ក្នុង​ទឹក រុក្ខជាតិ នៅ​ក្នុង​ត្រពាំង​បុរាណ​នេះ​មិន​ឱ្យ​បាត់បង់​ឬ​ទទួល​រង​នូវ​ការ​បំផ្លាញ​ឡើយ ។ មិនតែប៉ុណ្ណោះ ក្រៅពី​សមាជិក​ទាំង​៣៥​នាក់ ប្រជាជន​ចំនួន​ពីរ​ភូមិ ក៏​ទទួល​បាន​ផល​ពី​សហគមន៍​ដោយ​ប្រយោល​ផង​ដែរ តាម​រយៈ​ការ​ផលិត​សិប្បកម្ម​លក់ និង​ដាំ​ដុះ​បន្លែបង្ការ​សម្រាប់​ផ្គត់ផ្គង់​សហគមន៍ និង​លក់​ជូន​ទេសចរ ។

ប្រធាន​សហគមន៍​បន្ទាយស្រី លោក ស៊ា​ម សា​រឿ​ន បានឱ្យ​ដឹង​ថា នៅ​ទី​នេះ​មាន​សេវាកម្ម​ជា​ច្រើន ដូច​ជា ជិះទូក​កម្សាន្ដ​ដែល​ពេញ​និយម​ជាងគេ​, ជិះ​រទេះគោ ស្ទួ​ច​ត្រី ស្ទូង​ឬ​ច្រូតស្រូវ និង​ការ​រៀបចំ​អាហារ​សាមគ្គី​របៀប​អ្នកស្រុក​ដែល​ទទួល​បាន​ចំនួន​១០០​នាក់ ។ លោក​ថា ៖« ទេសចរ​អាច​មក​កម្សាន្ត​ទី​នេះ​ជា​លក្ខណៈ​ឯកជន គ្រួសារ និង​ជា​ក្រុម​ក៏​បាន ដើម្បី​ស្វែង​យល់​ពី​ការ​រស់នៅ​របៀប​អ្នកស្រុក ជិះទូក​លម្ហែកាយ​ក្នុង​ត្រពាំង ថតរូប​ភាព​ស្អាត​ៗ តាម​ចំណូលចិត្ត និង​ពិសា​អាហារ​ឆ្ងាញ់​ៗ ក្នុង​តម្លៃ​សមរម្យ ។ សហគមន៍​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​សំណាក់​ភ្ញៀវ​អឺរ៉ុប ។ ចំណែក​ភ្ញៀវ​អាស៊ី ពួក​គាត់​មក​ត្រឹម​ថតរូប​ប៉ុណ្ណោះ »​។
លោក​បន្ត​ទៀត​ថា ៖« តំបន់​នេះ​មាន​បញ្ហា​ប្រឈម​ខ្លះ​ៗ ពិសេស​គឺ​នៅ​រដូវប្រាំង គ្មាន​ទឹក ទេសភាព​មិនសូវ​ស្អាត ។ ចំណែក​ខែវស្សា​វិញ មិនជា​មាន​បញ្ហា​ទេ ដូច្នេះ​ពួក​យើង​បាន​បង្កើន​ការ​ផ្សព្វផ្សាយ​តាម​មគ្គុទ្ទេសក៍​ទេសចរណ៍ សណ្ឋាគារ និង​តាម​រយៈ​ភ្ញៀវ​ដោយ​ផ្ទាល់ និង​ការ​ពង្រីក​ទីតាំង បង្កើន​ការ​អភិរក្ស​សត្វ​បន្ថែម​ទៀត​ដើម្បី​ទាក់ទាញ​ទេសចរ »​។ លោក​ក៏​បាន​សំណូមពរ​មគ្គុទ្ទេសក៍​ទេសចរណ៍ ជួយ​ណែនាំ​ភ្ញៀវ​មក​កាន់​ទី​នេះ ពិសេស​ភ្ញៀវ​ជាតិ សូម​ជួយ​គាំទ្រ​ទេសចរណ៍​សហគមន៍ ព្រោះ​វា​នឹង​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​ដល់​ប្រជាជន​ក្នុង​តំបន់ និង​រួមចំណែក​ក្នុង​ការ​អភិរក្ស​រមណីយដ្ឋាន​បុរាណ​ផង​ដែរ ។

ប្រជា​សហគមន៍​ដែល​បម្រើ​ការងារ​ជា​អ្នក​ចែវ​ទូក​ដឹក​ភ្ញៀវ​នៅ​ទីនោះ និង​មាន​ប្រពន្ធ​ជា​អ្នក​ធ្វើ​ម្ហូបអាហារ​សម្រាប់​ភ្ញៀវ​បាន​លើក​ឡើង​ថា តាម​រយៈ​សហគមន៍​នេះ បាន​ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​របស់​លោក​ធូរស្រាល​មួយ​កម្រិត ។

លោក​ផានិត​និយាយ​ថា ៖« ខ្ញុំ​ធ្វើការ​នៅ​ទី​នេះ​រយៈពេល​៤​ឆ្នាំ​ហើយ ។ តាម​រយៈ​សហគមន៍​នេះ ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​ខ្ញុំ​ធូរធារ​ជាង​មុន មាន​លុយកាក់​ផ្គង់​ផ្គង់​គ្រួសារ​សមរម្យ កូនចៅ​បាន​សិក្សា​រៀនសូត្រ និង​មានការ​ងារ​ធ្វើ​បន្ថែម​លើ​មុខរបរ​ស្រែ​ចម្ការ ដោយសារ​តែ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បង្កើត​សហគមន៍​ទេសចរណ៍​នេះ​ឡើង ដែល​ជួយ​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ