ដំណាំ​នេះ​ថ្លៃ​ហើយ ថែម​ទាំង​ជួយ​សុខភាព​បាន​ច្រើន​មែន​(​មាន​វី​ដេ​អូ​)


ខេត្ត​ប៉ៃលិន ៖ កសិករ​ម្នាក់​រស់នៅ​ភូមិ​ដូង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ​បាន​ដាំ​ដំណាំ​ថ្មី​មួយ​ប្រភេទ​ឈ្មោះ ដំណាំ ល្ម៉ើ «​លម៉ើ​» ចំនួន​៤០០​ដើម អស់​រយៈពេល​៤​ឆ្នាំ​មក​ហើយ​ដែល​នាំ​ពូជ​យក​មក​ពី​ប្រទេស​ថៃ​ក៏​ចាប់ផ្តើម​ផ្លែ​ដំបូង​ចំនួន​៥០​ដើម ។ គាត់​ប្រមូល​ផល​លក់​ឱ្យ​ឈ្មួញ​បាន​ប្រហែល​១​តោន ដោយ​លក់​បាន​តម្លៃ​ខ្ពស់​ជាង​ដំណាំ​ផ្សេង​ៗ​ដែល​កសិករ​ដាំ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ហើយ​គាត់​ក៏​បាន​ដាក់​ដាំ​បន្ថែម​ទៀត​នៅ​ឯ​ស្រុក​វាល​វែង​ខេត្តពោធិ៍សាត់​ផង​ដែរ ។

ប្រភព​ព័ត៌មាន​ពី​បុរស​ឈ្មោះ វ៉ា​ន់ សា​ម៉េ​ត ជា​ប្រធាន​សមាគម​ពេជ្រ​បៃតង​កម្ពុជា​បាន​រៀបរាប់​ឱ្យ​ដឹង​ថា គាត់​បាន​ទិញ​កូន​លម៉ើ​ជា​ច្រើន​មក​ពី​ប្រទេស​ថៃ ដោយ​១​ដើម​តម្លៃ​១០​ដុល្លារ ហើយ​គាត់​ក៏​បាន​ដាំ​នៅ​ក្នុង​ដីចម្ការ​របស់​ខ្លួន​នៅ​ខាងក្រោយ​ផ្ទះ​ចំនួន​៤០០​ដើម ហើយ​គាត់​ក៏​បាន​ដាំ​នៅ​ឯ​ខេត្តពោធិ៍សាត់​ចំនួន​៥០០០​ដើម​ផង​ដែរ ។ គាត់​បាន​រៀបរាប់​ពី​លក្ខណៈ​ពិសេស​នៃ​ដំណាំ​ខាងលើ​ថា ដើម​លម៉ើ ឬ​ដើម​មង្គល (Date palm) គឺជា​រុក្ខជាតិ​ហូប​ផ្លែ​ម្យ៉ាង ស្ថិត​ក្នុង​អំបូរ​ត្នោត ដូង ស្លា និង​ដូងប្រេង​ជាដើម ។ វា​មានពូជ​ច្រើន​ប្រភេទ​ដោយ​កាលពី​អតីតកាល​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​អា​រ៉ាប់​ចូល​ចិត្ត​ដាំ​ដំណាំ​នេះ​ណាស់ ។ តែ​ក្រោយមក​គេ​ឃើញ​ប្រជាពលរដ្ឋ​រស់នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ម៉ា​ឡេ​ស៊ី និង​ប្រទេស​ថៃ ក៏​ចាប់ផ្តើម​ដាំ​ដំណាំ​នេះ​ដែរ ។ ដើម​លម៉ើ​មាន​សណ្ឋាន​ដូច​ដើម​ដូងប្រេង ប៉ុន្តែ​ស្លឹក​វា​មាន​បន្លា​សទន់​ៗ នៅ​ជាប់​នឹង​គល់​ធាង​នីមួយ​ៗ ។

គាត់​បាន​រៀបរាប់​ពី​របៀប​ដាំ​ឱ្យ​ដឹង​ថា មុន​នឹង​ដាំ​គេ​ត្រូវ​ជ្រើសរើស​ពូជ​ដែល​មាន​អាយុ​យ៉ាងតិច​១​ឆ្នាំ ដោយ​ជីករណ្តៅ​ទំហំ​០,៥​ម៉ែត្រ គុណ​០,៥ ម៉ែត្រ គុណ​០,៥​ម៉ែត្រ ហើយ​ដាំ​ឃ្លាត​ពី​គ្នា​ចម្ងាយ​៦​ម៉ែត្រ​គុណ​៧​ម៉ែត្រ (១​ហិ​កតា​២៤០​ដើម​) ។ ដំណាំ​លម៉ើ​មិន​រើស​ដី​ប៉ុន្មាន​ទេ លើកលែងតែ​ដី​លិច​ទឹក​ប៉ុណ្ណោះ ។ គេ​កាប់​រណ្តៅ​រួច​ដាក់​ថ្នាំ​ទ្រាប់​បាត​ការពារ​សត្វល្អិត ហើយ​ពេល​ជាមួយ​គ្នា​នេះ​ដែរ គេ​ដាក់​ជី​ប៉ូវ​ឫស និង​ស្លឹក​រួច​ដាក់​កូន​លម៉ើ​ចូល​ក្នុង​រណ្តៅ​កាប់​មិន​ឱ្យ​លិច​គល់​ពេក​ជា​ការ​ស្រេច ។ ចំពោះ​ជីធម្មជាតិ​ដូច​ជា លាមក​សត្វ​ត្រូវ​ហាល​ឱ្យ​ស្ងួត​ល្អ រួច​ជីក​ជុំវិញ​គល់​រោយ​ជីក​រួច​កប់ បន្ទាប់​ពី​ដាំ​បាន​រយៈពេល​២​ទៅ​៣​ខែ​ក្រោយ ។ គេ​គួរតែ​ដាំ​នៅ​រដូវវស្សា ក្នុង​កំ​ឡូង​ខែឧសភា ដល់​ខែតុលា ព្រោះ​មាន​ភ្លៀង​ច្រើន​ងាយស្រួល​ក្នុង​ការ​ថែទាំ តែបើ​ដាំ​នៅ រដូវរំហើយ ឬ​រដូវប្រាំង​វិញ​គេ​ត្រូវការ​ស្រោច​ទឹក​យ៉ាង​ហោច​ណាស់​ក្នុង​១​ស​ប្តា​ហ៍​ឱ្យ​បាន​២​ដង ។

គាត់​បញ្ជាក់​ទៀត​ថា ក្រោយ​ពេល​ដាំ​រយៈពេល​២​ខែ​វា​នឹង​ចាប់​ឫស ហើយ​លូត​ត្រួយ​ថ្មី​គេ​ត្រូវ​សំអាត​ស្មៅ​ជុំវិញ​គល់ ។ បើសិនជា​ដី​ពុំ​សូវ​មាន​ជីជាតិ ឬ​ពុំ​សូវ​មាន​សំណើម​ក្រោម​គេ​ត្រូវ​បន្ថែម​ជី​ជំនួយ​ឫស និង​ស្លឹក​ឱ្យ​បាន​យ៉ាងតិច​ណាស់​១​ដង​ក្នុង​ខែ​ឆ្នាំ​ទី​១​ដែរ ។ ចាប់ពី​ឆ្នាំ​ទី​២​ទៅ គេ​ត្រូវ​បំប៉ន​ជីធម្មជាតិ​បន្ថែម ដើម្បី​ព​ន្លឿ​ន​ការ​ចេញ​ផ្កា​ដោយ​ជីក​ជុំវិញ​គល់​ប្រហែល​ពី​០,៥​ម៉ែត្រ​ទៅ​១​ម៉ែត្រ​ជុំវិញ​គល់ រួច​កប់​ហើយ​ការ​ដាក់​ជីធម្មជាតិ​នេះ​គេ​ធ្វើ​នៅ​ខែវស្សា ។ នៅ​ចន្លោះ​ឆ្នាំ​ទី​៣​ទៅ​ទី​៤​គេ​នឹង​ឃើញ​ដើម​លម៉ើ​ចេញ​ខ្ពរ​ផ្កា ដែល​ចាប់ផ្តើម​ពី​ខែធ្នូ​ទៅ​ខែកុម្ភៈ ហើយ​ពេល​នោះ​គេ​ត្រូវ​កាត់​ផ្កា​ឈ្មោល​មក​បង្កាត់​ជាមួយ​ផ្កា​ញី ដើម្បី​បាន​ទទួល​ទិន្នផល​ខ្ពស់ ។ លើស​ពី​នេះ​គេ​ត្រូវ​ចាំ​ថា ដំណាំ​លម៉ើ​ក្នុង​១​ហិ​កតា មាន​ដើម​ញី​៥​ភាគរយ និង​ឈ្មោល​៥០​ភាគរយ ។

ចំណែក​ការ​ប្រមូល​ផល​លម៉ើ​ចាប់ផ្តើម​ទុំ​ក្នុង​កំឡុង​ខែសីហា ក្នុង​ឆ្នាំ​ទី​១ ដោយ​ទិន្នផល​គិត​ជា​មធ្យម​ប្រហែល​២០​គីឡូក្រាម​ក្នុង​១​ដើម ហើយ​វា​ក៏​នឹង​កើន​ទិន្នផល​២០​ភាគរយ ក្នុង​១​ឆ្នាំ​ផង​ដែរ ។ នៅ​ពេល​ផ្លែ​វា​ចាស់​ជិត​ទុំ​គេ​ត្រូវ​យក​ស្បោង​បា្ល​ស្ទិ​ក ឬ​សំបក​កា​រ៉ុ​ង​មក​រុំ ដើម្បី​ការពារ​ទឹកភ្លៀង​កុំឱ្យ​ប្រេះ និង​ការពារ​សត្វល្អិត​ទិច ។ ម្យ៉ាងវិញទៀត បើសិនជា​ពិនិត្យ​ឃើញ​ថា ដំណាំ​នេះ​ចាប់ផ្តើម​ទុំ​ហើយ គេ​ត្រូវកា​ត់វា​ទាំង​ស្ទង​យក​មក​ហាល​សំដិល​ឱ្យ​ស្ងួត និង​ស្វិត ដើម្បី​រក្សា​ទុក​ឱ្យ​បាន​យូរ​នឹង​អាច​វេច​ខ្ចប់​លក់ ឬ​ក៏​លក់​ទាំង​ស្ទង​តាម​តម្រូវការ​អតិថិជន​ក៏​បាន​ដែរ ។ តម្លៃ​លម៉ើ​ទុំ​បច្ចុប្បន្ន​អាច​លក់​បាន​ចាប់ពី​១០​ទៅ​១៥​ដុល្លារ​ក្នុង​១​គីឡូក្រាម ។ គាត់​បន្ថែម​ថា លម៉ើ​មាន​រស់ជាតិ​ផ្អែម​ឈ្ងុយ គេ​អាច​ហូប​ទាំង​ផ្លែ​ស្រស់ ឬ​ទុំ​ក្រៀម​ជា​ដំណាប់ និង​អាច​កែ​ច្នៃ​ជា​ភេសជ្ជ​បាន​ច្រើន​ប្រភេទ ។

តាម​ការ​ស្រាវជ្រាវ​របស់​អ្នកជំនាញ​រក​ឃើញ​ថា ផ្លែ​លម៉ើ​មាន​សារធាតុ​ពិសេស​ៗ សម្រាប់​ទ្រទ្រង់​សារពាង្គកាយ​មនុស្ស​យើង​ឱ្យ​មាន​ថាមពល​ខ្លាំង​ចៀស​ផុត​ពី​ការ​នឿយហត់​អស់កម្លាំង ព្រោះ​វា​មាន​សារធាតុ​ប្រូតេអ៊ីន កាល់ស្យូម ម៉ា​ញ៉េ​ស្យូ​ម ដែក ផូស្វ័រ និង​សារធាតុ​ផ្សេង​ៗ​ទៀត​ដែល​ចាត់​ទុក​ថា វា​ជា​អាហារ​បម្រុង និង​ជា​ឱសថ​ព្យាបាល​ដ៏​មាន​សក្តានុពល​ដូច​ជា ជំនួយ​ភ្នែក បន្ថយ​ការ​ស្រេកឃ្លាន ជួយ​បន្ថយ​ជាតិ​ស្លេស្ម​ក្នុង​បំពង់ក កាត់​បន្ថយ​ជាតិ កូ​លេស​ស្តេ​រ៉​ល ក្នុង​សរសៃឈាម ធ្វើ​ឱ្យ​ឆ្អឹង​រឹង​មាំ បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម បន្ថយ​សំពាធ​ឈាម​កុំឱ្យ​ឡើង​ខ្ពស់ កំចាត់​ព្រូន តេន​ញ៉ា និង​អៀន​ក្នុង​ក្រពះ​ពោះវៀន បន្សាប​សារធាតុពុល​ក្នុង​ឈាម ជួយ​សម្រួល​ប្រព័ន្ធ​រំលាយ​អាហារ និង​បង្អាក់​ការ​រីក​លូតលាស់​របស់​មេរោគ​មហារីក​ថែម​ទៀត​ផង ។

ជា​ពិសេស​ទៅ​ទៀត ក្រៅពី​ហូប​ផ្លែ​គេ​ដាំ​លម៉ើ ដើម្បី​លំអ​គេហដ្ឋាន បូ​រី សណ្ឋាគារ និង​តំបន់ ទេសចរណ៍ ហើយ​ប្រជាពលរដ្ឋ​អា​រ៉ាប់ ពិសេស​ជនជាតិ​កាន់សាសនា​អ៊ី​ស្លា​ម ចាត់​ទុក​ដើម​លម៉ើ​ជា ដើម​មង្គល​ដែល​មាន​ហុងស៊ុយ​ក៏​ជួយ​បន្ថែម​សមត្ថភាព​ផ្លូវភេទ​ផង​ដែរ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ