ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ប្រាប់​បណ្តា​អង្គទូត​ថា បាន​ជូនដំណឹង​ជា​ផ្លូវការ​ដល់​ប្រទេស​ថៃ អំពី​ការ​សម្រេច​របស់​ខ្លួន​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ ចំពោះ​ការ​ទាមទារ​តំបន់​ដែនសមុទ្រ​ត្រួត​គ្នា

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​កសរ​បទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ បានឱ្យ​ដឹង​ថា ​បាន​ប្រាប់​បណ្តា​អង្គទូត​ ដែល​មាន​វត្ត​មាននៅ​កម្ពុជា ​ថា ​កម្ពុជា​បាន​ជូនដំណឹង​ជាផ្លូវការ​ដល់​ប្រទេស​ថៃ ​អំពី​ការ​សម្រេច​របស់​ខ្លួន…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​កសរ​បទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ បានឱ្យ​ដឹង​ថា ​បាន​ប្រាប់​បណ្តា​អង្គទូត​ ដែល​មាន​វត្ត​មាននៅ​កម្ពុជា ​ថា ​កម្ពុជា​បាន​ជូនដំណឹង​ជាផ្លូវការ​ដល់​ប្រទេស​ថៃ ​អំពី​ការ​សម្រេច​របស់​ខ្លួន ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ ចំពោះ​ការ​ទាមទារ​តំបន់​ដែនសមុទ្រ​ត្រួតគ្នា ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បទេស ​ស្តី​ពី​បទ​បង្ហាញ​ជូន​អង្គទូត​ ស្តី​ពី​ការ​បញ្ចប់​អនុស្សរណៈ​ នៃ​ការ​យោគយល់​គ្នា​ឆ្នាំ​២០០១ របស់​ថៃ និង​ការ​វិវត្តន៍​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ ​បាន​លើក​ឡើង​ថា នៅ​រសៀល​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២៦ លោក​ជំទាវ អ៊ា​ត សោភា រដ្ឋមន្ត្រី​ស្តីទី​ នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ធ្វើ​បទ​បង្ហាញ ​ជូន​ប្រធាន និង​តំណាង​ស្ថាន​បេសកកម្ម​ការទូត និង​អង្គការ​-​អន្តរជាតិ​នានា​ នៅ​រាជធានី​ភ្នំពេញ អំពី​កា​រវិ​វត្ត​ថ្មី​ៗ ​នៃ​ស្ថានការណ៍​ព្រំដែន​កម្ពុជា​-​ថៃ ចាប់តាំងពី​ខែមករា ឆ្នាំ​នេះ ។

បទ​បង្ហាញ​នេះ ដែល​មានការ​ចូលរួម​ពី​សមាជិក ​នៃ​ស្ថាន​បេសកកម្ម​ការទូត និង​អង្គការ​អន្តរជាតិ​នានា ​ប្រចាំ​កម្ពុជា ចំនួន​៤៣​រូប ត្រូវ​បាន​ធ្វើ​ឡើង​ស្រប​ពេល ​ដែល​ប្រទេស​ថៃ​ បាន​បញ្ចប់​ដោយ​ឯកតោភាគី​ នូវ​អនុស្សរណៈ​ នៃយោគយល់​គ្នា​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ ទាក់ទង​នឹង​តំបន់​ដែនសមុទ្រ​ទាមទារត្រួត​គ្នា​ នៃ​ខ្ពង់រាប​បាតសមុទ្រ (MOU-2001) ​។

លោក​ជំទាវ អ៊ា​ត សោភា បាន​ចាប់ផ្តើម​បទ​បង្ហាញ​ដោយ​សម្តែង​ នូវ​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​របស់កម្ពុជា ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង និង​ការ​ចូលរួម​ចំណែក​របស់​ប្រទេស​សមាជិក​អាស៊ាន និង​ប្រទេស​ជា​ដៃគូអាស៊ាន ក្នុង​ការ​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ និង​ការ​ដោះស្រាយ​វិវាទ​រវាង​កម្ពុជា និង​ថៃ​ ដោយសន្តិវិធី ​។

លោក​ជំទាវ បាន​គូសបញ្ជាក់​អំពី​តួនាទី​ដ៏​សំខាន់​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ហ្វី​លី​ពី​ន ក្នុង​នាម​ជាអតីត​ប្រធាន​អាស៊ាន និង​ប្រធាន​អាស៊ាន​បច្ចុប្បន្ន ព្រមទាំង​ការ​ចូលរួម​ចំណែក​យ៉ាង​សំខាន់​របស់​ប្រទេស​ចិន និង​សហរដ្ឋ​អាម៉េរិក ក្នុង​ការ​សម្របសម្រួល​ឱ្យ​មាន​បទ​ឈប់​បាញ់ និង​ជំរុញ​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​ស្តារ ទំនុកចិត្ត និង​ទំនាក់​ទំនងជា​ប្រក្រតី​ឡើង​វិញ​ រវាង​កម្ពុជា និង​ថៃ ​។

លោក​ជំទាវ ក៏​បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​ហ្វី​លី​ពី​ន​ផង​ដែរ ចំពោះ​កិច្ច​សម្របសម្រួល ក្នុង​ការរៀបចំ​កិច្ចប្រជុំ​ត្រីភាគី​រវាង​ថ្នាក់ដឹកនាំ​ នៃ​ប្រទេស​ហ្វី​លី​ពី​ន កម្ពុជា និង​ថៃ នៅ​ក្រៅ​កិច្ចប្រជុំ នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​៧-៨ ខែឧសភា ឆ្នាំ​២០២៦ នៅ​កោះ​សេ​ប៊ូ​ ។

លោក​ជំទាវ បាន​សម្តែង​ក្តី​សង្ឃឹមថា កិច្ចប្រជុំ​នេះ​ នឹង​ទទួល​បាន​លទ្ធផល​សំខាន់​ៗ និង​ឈាន​ទៅ​រក​ការ​បន្ធូរបន្ថយ​ស្ថានការណ៍​បន្ថែម​ទៀត​។

លោក​ជំទាវ បាន​ស្វាគមន៍​ចំពោះ​ប្រទេស​ហ្វី​លី​ពី​ន ​ដែល​បាន​ទទួល​តួនាទី​ជា​ប្រធាន​ប្តូរ​វេន ​នៃ​ក្រុម​អ្នក​ស​ង្កេត​ការណ៍​អាស៊ាន (AOT) កាលពី​ចុងខែ​មុន ​។

លោក​ជំទាវ ​រដ្ឋមន្ត្រី​ស្តីទី​ បាន​បញ្ជាក់​សា​ជា​ថ្មី ​នូវ​ការ​សោកស្តាយ និង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​របស់​កម្ពុជា ចំពោះ​ការ​សម្រេច​របស់​ប្រទេស​ថៃ ក្នុង​ការ​លុប​ក្របខ័ណ្ឌ​ទ្វេភាគី​ តែ​មួយ​គត់ ដែល​បាន​ព្រមព្រៀង​គ្នា​រវាង​កម្ពុជា និង​ថៃ សម្រាប់​ដោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​តំបន់​ទាមទារ​ដែនសមុទ្រ​ត្រួត​គ្នា (OCA) និង​សម្រាប់កំណត់ព្រំដែន​ដែនសមុទ្រ ស្រប​តាម​ច្បាប់​អន្តរជាតិ ​។

លោក​ជំទាវ បាន​បញ្ជាក់​ថា កម្ពុជា​បាន​ជូនដំណឹង​ជាផ្លូវការ​ដល់​ប្រទេស​ថៃ​ អំពី​ការ​សម្រេច​របស់​ខ្លួន ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ ចំពោះ​ការ​ទាមទារ​តំបន់​ដែនសមុទ្រ​ត្រួត​គ្នា​នេះ តាម​រយៈ​យន្តការ​ផ្សះផ្សា​ដោយ​បង្ខំ ក្រោម​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តី​ពី​ច្បាប់សមុទ្រ (UNCLOS) ​។

ដើម្បី​ផ្តល់​ជា​ទស្សនៈទាន​ទាក់ទង​នឹង​ទំហំ និង​វិសាលភាព នៃ​បញ្ហា​ដែល​តម្រូវ​ឱ្យ​មានការ​ដោះស្រាយជា​បន្ទាន់ ដើម្បី​ស្តារ​សន្តិភាព និង​ទំនាក់ទំនង​ភាព​ជា​អ្នក​ជិតខាង​ប្រកបដោយ​សុខដុមរមនា​រវាង​កម្ពុជា និង​ថៃ ឡើង​វិញ លោក​ជំទាវ ក៏​បាន​សម្របសម្រួល​ឱ្យ​មានការ​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​ស្ថានការណ៍​បច្ចុប្បន្ន​ នៃ​តំបន់​ព្រំដែន រវាង​ប្រទេស​ទាំង​ពីរ បន្ទាប់​ពី​បទ​ឈប់​បាញ់​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥​។

លោក​ជំទាវ​រដ្ឋមន្ត្រី​ស្តីទី បាន​បញ្ជាក់ ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មុតមាំ​របស់​កម្ពុជា​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ជម្លោះព្រំដែន​ទាំងអស់​ជាមួយ ប្រទេស​ថៃ តាម​រយៈ​មធ្យោបាយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ និង​កិច្ចព្រមព្រៀងទ្វេភាគី​ដែល​មាន​ស្រាប់ ព្រមទាំង​ប្រកាន់ខ្ជាប់​នូវ​ជំហរ​ជា​គោលការណ៍​របស់​ខ្លួន​ថា ព្រំដែន​មិន​ត្រូវ​បាន​ផ្លាស់​ប្តូរ​ដោយ​ការ​ប្រើ​កម្លាំង នោះ​ឡើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ