ខេត្តស្វាយរៀង ៖ មហាជនមានការព្រួយបារម្ភអំពីគុណភាពផ្លូវនិងអគារសាលារៀនគ្មានគុណភាពតាមស្តង់បច្ចេកទេស ក្រោយដាក់ដេញថ្លៃគម្រោងកែលម្អផ្លូវចំនួន០២ខ្សែ និងសាងសង់អគារសាលារៀន០១ខ្នង០៣បន្ទប់ ត្រូវបានក្រុមហ៊ុនដាក់សំណើដេញថ្លៃ ដែលគេហៅថា ដេញថ្លៃប្រកាប់ប្រចាក់បញ្ចុះតម្លៃទាបរហូតដល់ក្រោម៥០ភាគរយ សង្ស័យបាយឆៅទេដឹង?
ទោះបីយ៉ាងណា ប្រជាពលរដ្ឋអបអរសាទរចង់បានផ្លូវនិងអគារសាលារៀនមកប្រើប្រាស់ ក៏ប៉ុន្តែក៏មានការព្រួយបារម្ភអំពីគុណភាពផ្លូវនិងបន្ទប់អគារមិនបានល្អតាមស្តង់ដារបច្ចេកទេសដោយអ្នកជំនាញបច្ចេកទេសលើកឡើងថា អ្នកទទួលការដាក់តម្លៃទាបរហូតក្រោម៥០ភាគរយ ជាពិសេសអាគារសាលារៀន គឺពិបាកក្នុងការអនុវត្តឲ្យបានតាមស្តង់ដាបច្ចេកទេសខ្លាំងណាស់។
ការដាក់គម្រោងដេញថ្លៃនេះកើតឡើងនៅព្រឹកថ្ងៃទី៧ ឧសភា ឆ្នាំ២០២៦ នៅសាលាឃុំកណ្តៀងរាយស្រុកស្វាយទាប។
លោកប្រធានក្រុមប្រឹក្សាឃុំនិងជាប្រធានលទ្ធកម្មឃុំកណ្តៀងរាយបានប្រាប់អ្នកសារព័ត៌មានយើងថា នៅសាលាឃុំណ្តៀងរាយ បានរៀបចំដាក់ដេញថ្លៃគម្រោងកែលម្អ ផ្លូវដីក្រាលថ្មបំបែកចំនួន០១ខ្សែ គម្រោងលើកផ្លូវដី.ស០១ខ្សែនិងសាងសង់អគារសាលារៀន០១ខ្នង០៣បន្ទប់។
លោកមេឃុំបានបញ្ជាក់ថា មានឃុំចំនួន០៣ បានដាក់គម្រោងដេញថ្លៃនេះ គឺទី១-ឃុំកណ្តៀងរាយ បានដាក់គម្រោងដេញថ្លៃកែលម្អផ្លូវដី .ស ០១ខ្សែ ប្រវែង១,៣៤៥ម៉ែត្រទទឹងផ្លូវដី០៧ម៉ែត្រលើកដីកម្ពស់ជាមធ្យម០,៤ម៉ែត្រដាំស្មៅជើងទេសងខាងផ្លូវនិងដាក់ស្លាកគម្រោងថែទាំផ្លូវរយៈពេល០៦ខែ។ តម្លៃប៉ាន់ស្មាន៦៨,៣៧៧,០០០រៀល មានក្រុមហ៊ុនចូលរួមដាក់សំណើរដេញថ្លៃចំនួន០៥ក្រុមហ៊ុន លទ្ធផលគឺបានទៅលើក្រុមហ៊ុនញ៉ែម សុធាវុធដាក់តម្លៃ២៦,៧៦៥,៥០០រៀលគឺតម្លៃទាបអាចទទួលយកបាន។
ទី២-រដ្ឋបាលឃុំសំបួរ គម្រោងកែលម្អផ្លូវដីក្រាលថ្មបំបែកប្រវែង៣,៣គីឡូម៉ែត្រទទឹង០៥ម៉ែត្រកម្រាស់០,១៥ម៉ែត្រនិងដាក់ស្លាកសញ្ញាគម្រោង១ តម្លៃប៉ាន់ស្មាន ២២៤,៥៤៨,៥០០រៀល មានក្រុមហ៊ុន០៧ក្រុមហ៊ុនចូលដាក់សំណើរដេញថ្លៃ ជាលទ្ធផលបានទៅក្រុមហ៊ុនប្រាក់ រ៉ានី ដាក់តម្លៃ៨៩,១០០,០០០រៀល តម្លៃទាបអាចទទួលយកបាន។ទី៣-រដ្ឋបាលឃុំប្រសូត្រគម្រោងសាងសង់អគារសាលារៀន០១ខ្នងមាន០៣បន្ទប់ ប្រក់ក្បឿង គ្រោងដំបូលដែក ទ្វា បង្អួចព្រឹលឈើ លាបថ្នាំ និងបំពាក់គ្រឿងសង្ហារឹមធ្វើស្លាកសញ្ញាគម្រោងថែទាំរយៈពេល០៩ខែតម្លៃប៉ាន់ស្មាន២៤៨,៧៨៨,០០០រៀល។ មានក្រុមហ៊ុនដាក់សំណើដេញថ្លៃចំនួន០៨ក្រុមហ៊ុន លទ្ធផលបានទៅលើក្រុមហ៊ុនរម្យខិតយាខន់ស្រ្តាក់សិន ដាក់តម្លៃ១៤០,៧០០,០០០រៀល តម្លៃទាបអាចទទួលយកបាន។
លោកប្រធានលទ្ធកម្មឃុំកណ្តៀងរាយបន្តទៀតថា ក្នុងនាមលោកជាតំណាងឲ្យប្រជាពលរដ្ឋ គឺត្រេកអរជាខ្លាំង ដោយគម្រោងកែលម្អផ្លូវដីក្រាលថ្មបំបែក០១ខ្សែនិងគម្រោងលើកផ្លូវដី.ស០១ខ្សែនិងគម្រោងសាងសង់អាគារសាលារៀន០១ខ្នង០៣បន្ទប់នេះបានដាក់ដេញថ្លៃ ហើយមានក្រុមហ៊ុនជាច្រើនបានមកចូលរួមដាក់សំណើរដេញថ្លៃ ដូច្នេះក្រុមការងារទាំង០៣ឃុំ រីករាយនូវដំណើរការដាក់ដេញថ្លៃនៅព្រឹកថ្ងៃទី៧ ឧសភា ឆ្នាំ២០២៦នេះ លទ្ធផលក្រុមហ៊ុនទទួលការដាក់តម្លៃទាបរហូតក្រោម៥០ភាគរយ អាចទទួលយកបាន។
ក្នុងឱកាសដេញថ្លៃនោះដែរ មន្ត្រីលទ្ធកម្មស្រុកស្វាយទាប បានមានមតិណែនាំដល់ក្រុមហ៊ុនដែលចូលរួមដាក់សំណើរដេញថ្លៃ ត្រូវគោរពគោលការណ៍បច្ចេកទេសនៃកិច្ចសន្យា អ្នកទទួលការអនុវត្តគម្រោងទៅតាមស្តង់ដាបច្ចេកទេស ផ្លូវមានគុណភាព អគារបេតុង ដែកគ្រោងដំបូលត្រូវតែសាងសង់តាមកិច្ចសន្យានៃស្តង់ដាបច្ចេកទេស។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕












ចែករំលែកព័តមាននេះ