ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគារ ​Gold Tower42 នឹង​បញ្ចប់​ការ​សាងសង់​នៅ​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគារ Gold Tower42 បន្ទាប់​ពី​បន្ដ​ការ​សាងសង់​ឡើង​វិញ​យ៉ាង​សកម្ម​នោះ ក្រុមហ៊ុន​បាន​ប្រកាស​ថា នឹង​បញ្ចប់​ការ​សាងសង់​នៅ​ចុងឆ្នាំ​នេះ ហើយនឹង​ដាក់​ឲ្យ​ដំណើរការ​នៅ​ចុងឆ្នាំ​២០១៩​ខាង​មុខ ។…

រាជធានី​ភ្នំពេញ ៖ អគារ Gold Tower42 បន្ទាប់​ពី​បន្ដ​ការ​សាងសង់​ឡើង​វិញ​យ៉ាង​សកម្ម​នោះ ក្រុមហ៊ុន​បាន​ប្រកាស​ថា នឹង​បញ្ចប់​ការ​សាងសង់​នៅ​ចុងឆ្នាំ​នេះ ហើយនឹង​ដាក់​ឲ្យ​ដំណើរការ​នៅ​ចុងឆ្នាំ​២០១៩​ខាង​មុខ ។

អគារ​នេះ កាលពីដើម​ឡើយ​សម្រេច​បាន​៣១​ជាន់​រួច​ហើយ មុន​ពេល​ផ្អាក​រយៈពេល​ស្ទើរ​១​ទសវត្សរ៍ ប៉ុន្តែ​បន្ទាប់​ពី​ប្រកាស និង​ចាប់ផ្តើម​សាងសង់​ឡើង​វិញ ក្រុមហ៊ុន​សាងសង់​សម្រេច​បាន​សមិទ្ធផល​របស់​ខ្លួន ដោយ​សាងសង់​បាន​៧​ជាន់​បន្ថែម ដែល​ធ្វើ​ឲ្យ​កម្ពស់​អគារ​នេះ​ឡើង​ដល់​៣៨​ជាន់ ។ ដូច្នេះ នៅ​សល់​៤​ជាន់​ទៀត​ប៉ុណ្ណោះ ការ​សាងសង់​គ្រោង​អគារ​នេះ​នឹង​បញ្ចប់​តាម​ផែនការ ។

ក្រុមហ៊ុន​វិនិយោគ YUNWOO Cambodia សហការ​ជាមួយ​ក្រុមហ៊ុន Hongtao Decoration Co., Ltd និង HTWM Engineering Cambodia Co., Ltd ដែល​អគ្គនាយក​ក្រុមហ៊ុន​Hongtal Decoration Co., Ltd ប្រកាស​ថា គ្រោង​អគារ​នេះ នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​នេះ ហើយនឹង​ដាក់​ឲ្យ​ដំណើរការ​នៅ​ចុងឆ្នាំ​២០១៩​ខាង​មុខ ។

លោក Liu Nianxin អគ្គនាយក​ក្រុមហ៊ុន Hongtao Decoration Co., Ltd និង​HTWM Engineering Cambodia Co., Ltd បាន​លើក​ឡើង​ក្នុង​ពិធី​ប្រកាស​បើក​ការដ្ឋាន​សាងសង់​អគារ​Gold Tower42 ឡើង​វិញ ថា ការ​សម្រេចចិត្ត​ដាក់​ទុន​វិនិយោគ​បន្ត​លើ​គម្រោង​អគារ​៤២​ជាន់ គឺ​មាន​ចំណុច​សំខាន់​៤ ដូច​ជា ៖ ទី​១-​ក្រុមហ៊ុន Hongtao មានបទពិសោធន៍​ក្នុង​រយៈពេល​ជាង​៣០​ឆ្នាំ ទៅ​លើ​គម្រោង​សាងសង់​អគារ​ខ្ពស់​ៗ ដែល​ល្បី​ៗ​បំផុត​ក្នុង​ប្រទេស​ចិន ។

ទី​២-​គោលនយោបាយ​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ ដែល​ជា​គោលការណ៍​របស់​ប្រទេស​ចិន លោក​ជឿជាក់​ថា គោលការណ៍​ខាងលើ​នេះ នឹង​ធ្វើ​ឲ្យ​អគារ​៤២​ជាន់​សម្រេច​បាន​ជោគជ័យ ។ ទី​៣-​ទីតាំង​អគារ​៤២​ជាន់​នេះ ជាទី​តាំង​មាន​ហាងឆេង​ល្អ ស្ថិត​នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ និង​ស្ថិត​នៅ​ទីប្រជុំ​រវាង​មហាវិថី​ធំ​ៗ​ចំនួន​២ គឺ​មហាវិថី​ព្រះ​មុនី​វង្ស និង​មហាវិថី​ព្រះ​សីហ​នុ និង​ជា​តំបន់​ពាណិជ្ជ​កម្ម​កណ្តាល​រាជធានី​ភ្នំពេញ និង​ទី​៤-​សំណង់​អគារ​៤២​ជាន់​នេះ​រឹង​មាំ និង​មានគុណ​ភាព​ខ្ពស់​ស្រប​តាម​ស្តង់ដា​អន្តរជាតិ ។

លោក Liu Nianxin បាន​បន្ត​ថា ៖« ខ្ញុំ​សោកស្តាយ​មែនទែន នៅ​ពេល​ឃើញ​អគារ​មួយ​នេះ​ត្រូវ​បាន​គេ​បោះបង់​ចោល ។ ដូចនេះ ទើប​ក្រុមហ៊ុន​របស់ខ្ញុំ​ត្រឡប់​មក​សហការ​គ្នា ដើម្បី​សាងសង់​អគារ​នេះ​ឡើង​វិញ ជា​ពិសេស រំពឹង​ខ្ពស់​ថា ក្រុមហ៊ុន​ទាំង​ពីរ​នឹង​អាច​រក​ប្រាក់​កម្រៃ​យ៉ាងច្រើន​ពី​អគារ​មួយ​នេះ » ។

លោក Kim Tae Yeon អគ្គនាយក​ក្រុមហ៊ុន​YUNWOO Cambodia Co., LTD បាន​ថ្លែង​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​បាន​បន្ថែម​ទុន​១៤០​លាន​ដុល្លារ​លើ​គម្រោង Golden Tower មួយ​នេះ បន្ទាប់​ពី​បាន​បោះទុន​ចំនួន​១០០​លាន​ដុល្លារ​រួច​មកហើយ ។

លោក​បន្ត​ថា បន្ទាប់​ពី​អគារ Gold Tower 42 នេះ​សម្រេចការ​សាងសង់​ជា​ស្ថាពរ វា​នឹង​ក្លាយជា​សមិទ្ធផល​អគារ​ពាណិជ្ជកម្ម​ថ្មី​មួយទៀត ស្ថិត​នៅ​កណ្តាល​រាជធានី​ភ្នំពេញ ដែល​នេះ​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ការ​អភិវឌ្ឍ​រីក​ចម្រើន ព្រមទាំង​បាន​រួមចំណែក​ក្នុង​កំណើនសេដ្ឋកិច្ច​កម្ពុជា​តទៅ​អនាគត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ