ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ច្បាស់​ពី​ចំណុច​ចាប់ផ្ដើម​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ខេត្ត​ព្រះ​សីហ​នុ​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គម្រោង​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​-​ខេត្ត​ព្រះ​សីហ​នុ ដែល​រាជរដ្ឋាភិបាល​បាន​ប្រកាស​គ្រោង​បើក​ការដ្ឋាន​សាងសង់​នៅ​ខែវិច្ឆិកា​នោះ ពេល​នេះ​បានដឹង​ពី​ទីតាំង​នៃ​ចំណុច​ចាប់ផ្ដើម និង​ចំណុច​ដែល​ត្រូវ​ឆ្លងកាត់​ហើយ ។ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក ជញ្ជូន​លោក…

រាជធានី​ភ្នំពេញ ៖ គម្រោង​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​-​ខេត្ត​ព្រះ​សីហ​នុ ដែល​រាជរដ្ឋាភិបាល​បាន​ប្រកាស​គ្រោង​បើក​ការដ្ឋាន​សាងសង់​នៅ​ខែវិច្ឆិកា​នោះ ពេល​នេះ​បានដឹង​ពី​ទីតាំង​នៃ​ចំណុច​ចាប់ផ្ដើម និង​ចំណុច​ដែល​ត្រូវ​ឆ្លងកាត់​ហើយ ។

អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក ជញ្ជូន​លោក វ៉ា​ស៊ឹ​ម សុរិយា បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​១៧ សីហា ម្សិលមិញ​ថា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ នឹង​ចាប់ផ្ដើម​ចេញពី​តំបន់​អូរ​ដឹ​ម​នៃ​ចំណុចប្រសព្វ​រវាងផ្លូវ​ទៅ​ទំនប់​កប់​ស្រូវ និង​អូស​កាត់​ផ្នែក​ខាងស្តាំ​ដៃ​នៃ​ផ្លូវជាតិ​លេខ​៤​។

លោក​បន្ត​ថា ៖« ចេញពី​រាជធានី​ភ្នំពេញ​ទៅ ផ្លូវ​នេះ​នឹង​ស្ថិត​នៅ​ផ្នែក​ខាងស្តាំ​ផ្លូវជាតិ​លេខ​៤​ប្រមាណ​៣០​គីឡូម៉ែត្រ ទើប​ងាក​មក​ខាងឆ្វេង​ដៃ​វិញ​រហូត​ដល់​ស្រុក​ព្រៃ​នប់ ទើប​ងាក​មក​ខាងស្តាំ​ដៃ​រហូត​ដល់​ក្រុងព្រះសីហនុ​តែ​ម្ដង »​។

លោក​បន្ត​ថា ៖« ផ្លូវ​ដ៏​សំខាន់​នេះ​នឹង​សាងសង់​នៅ​ខែវិច្ឆិកា​ខាង​មុខ​នេះ​ហើយ ដែល​តាម​ការ​ប្រកាស​របស់​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក
ជញ្ជូន »​។

លោក​បញ្ជាក់​ថា ៖« ផ្លូវ​នេះ​ប្រវែង​ជាង​១៩០​គីឡូម៉ែត្រ និង​ចំណាយ​ថវិកា​សាងសង់​ប្រមាណ​១.៩០០​លាន​ដុល្លារ ដោយ​ប្រើ​ពេល​សាងសង់​រយៈពេល​៤​ឆ្នាំ ហើយ​ផ្លូវ​នេះ​នឹង​មាន​របង​បិទ​ជិត​ទាំង​សងខាង ដើម្បី​កុំ​ឲ្យ​មានការ​រំខាន​ពី​ការ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ច្រើន »​។

លោក វ៉ា​ស៊ឹ​ម សូ​រិ​យា បាន​បន្ត​ថា ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ កំពុង​ដោះស្រាយ​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​លើ​គម្រោង​នេះ ប៉ុន្តែ​ការ​បញ្ចប់​នៅ​ពេល​ណា​នោះ លោក​មិន​ទាន់​ដឹង​នៅឡើយ ហេតុនេះ​ការ​សាងសង់​ប្រហែលជា​ត្រូវធ្វើ​បណ្តើរ ដោះស្រាយ​បណ្តើរ ។

បើ​តាម​អគ្គនាយក​បច្ចេកទេស​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក នូ វឌ្ឍនៈ គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ​មាន​ប្រវែង​១៩០,៦៣​គីឡូម៉ែត្រ មាន​ទំហំ​ទទឹង​២៤​ម៉ែត្រ ជា​ផ្លូវ​៤​គន្លង ក្រាល​កៅស៊ូ​AC មាន​សួនច្បារ​ចំ​កណ្តាល មាន​ផ្លូវបំបែក​ប្តូរ​ទិស មាន​ទីតាំង​ឈប់​សម្រាក មាន​របង​សងខាង​ផ្លូវ និង​ហេដ្ឋារចនាសម្ព័ន្ធ​សំណង់​សេវា​គាំទ្រ​ជា​ច្រើន​ទៀត ដូច​ជា​ស្ពាន​វែង និង​មធ្យម​ចំនួន​៥​កន្លែង​, ស្ពាន​ខ្លី​៣៣​កន្លែង​, ស្ពាន​រំលង​ឬ​ផ្លោះ​ផ្លូវ​៣២១​កន្លែង និង​មាន​កន្លែង​ឈប់​សម្រាក​ចំនួន​៣​កន្លែង ។

លោក​បណ្ឌិត​ម៉ី កល្យាណ ប្រធាន​ក្រុមប្រឹក្សា​វិទ្យាស្ថាន​សិក្សាការ​អភិវឌ្ឍ​បាន​ថ្លែង​ថា បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​ជា​រឿង​ប្រឈម​មួយ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ប៉ុន្តែ​រដ្ឋាភិបាល​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​រៀបចំ​គោលនយោបាយ និង​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ យ៉ាងច្រើន ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ។

លោក​បន្ត​ថា អ្វី​ដែល​រាជរដ្ឋាភិបាល​បាន​ធ្វើ គឺ​ស្ថិត​ក្នុង​ទិស​ដៅ​ត្រឹមត្រូវ​មួយ​ហើយ ប៉ុន្តែ​លោក​ស្នើ​សុំ​ឲ្យ​មានការ​ព​ន្លឿ​ន​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ទៀត ដើម្បី​កាត់​បន្ថយ​តម្លៃ​ដើម​នៃ​ការ​ដឹក​ជញ្ជូន ។

លោក​បន្ត​ថា ៖« វា​ជា​រឿង​ចាំបាច់​ដែល​ត្រូវ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​រុញ​សេដ្ឋកិច្ច​កម្ពុជា​ទៅ​កាន់​ដំណាក់កាល​ថ្មី​មួយទៀត ព្រោះ​បើ​ចង់​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​កើនឡើង និង​ឈាន​ទៅ​កាន់​លំដាប់​ថ្មី កម្ពុជា​ត្រូវការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ទៀត »​។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ថ្លែង​បញ្ជាក់​កន្លង​មក​ថា ៖« ផ្លូវ​ល្បឿន​លឿន​នេះ គឺ​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​កម្ពុជា ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច ពិសេស​គឺ​ភ្ជាប់​រវាង​ប៉ូ​ល​សេដ្ឋកិច្ច​ភ្នំពេញ និង​ខេត្ត​ព្រះ​សីហ​នុ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ