ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍​ទេសចរណ៍​បន្ទាយស្រី​ទី​កម្សាន្ត​បែប​ធម្មជាតិ​ដ៏​ប្រណីត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ សហគមន៍​ទេសចរណ៍​បន្ទាយស្រី ជា​រមណីយដ្ឋាន​ធម្មជាតិ​មា​នទី​តាំងនៅ​ខាងជើង​ជាប់​ប្រាសាទបន្ទាយស្រី ។ នៅ​ទី​នេះ​ទេសចរ​ភាគច្រើន​រំលង បើ​មិន​មាន​ពេលវេលា​គ្រប់គ្រាន់ ឯ​ទេសចរ​ជាតិ​ក៏​ដូច​គ្នា​ដែរ ព្រោះ​មិនសូវ​មាន​អ្នកដឹង ។…

រាជធានី​ភ្នំពេញ​ ៖​ សហគមន៍​ទេសចរណ៍​បន្ទាយស្រី ជា​រមណីយដ្ឋាន​ធម្មជាតិ​មា​នទី​តាំងនៅ​ខាងជើង​ជាប់​ប្រាសាទបន្ទាយស្រី ។ នៅ​ទី​នេះ​ទេសចរ​ភាគច្រើន​រំលង បើ​មិន​មាន​ពេលវេលា​គ្រប់គ្រាន់ ឯ​ទេសចរ​ជាតិ​ក៏​ដូច​គ្នា​ដែរ ព្រោះ​មិនសូវ​មាន​អ្នកដឹង ។

យោង​តាម​ហ្វេ​ស​ប៊ុ​ក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​គម្រោង ACHA របស់​ប្រទេស​ញូ​វ​ហ្សឺ​ឡែ​ន​បាន​អភិរក្ស និង​កែ​ច្នៃ​ត្រពាំង​បុរាណ​ឈ្មោះ «​ស្រែ​ព្រៃ​» ឱ្យ​ក្លាយជា​សហគមន៍​ទេសចរណ៍​ដែល​មាន​ឈូក​រីក​រហង់ មាន​ទេសភាព​ធម្មជាតិ​ដ៏​ស្រស់បំព្រង​លម្អ​ដោយ​ទឹក​ត្រពាំង​ថ្លាយង់ និង​ភ្នំ​ដ៏​ខៀវស្រងាត់​នា​ទិស​ខាងកើត ។ ទី​នេះ​ស័ក្តិសម​បំផុត​សម្រាប់​អ្នក​ស្រឡាញ់​ធម្មជាតិ មាន​ខ្យល់អាកាស​បរិសុទ្ធ មាន​ភាព​ស្ងប់ស្ងាត់​ក្នុង​ការ​ផ្ចង់អារម្មណ៍ មាន​ម្ហូបអាហារ​របៀប​អ្នកស្រុក និង​សកម្មភាព​ប្រពៃណី ផ្សេង​ៗ​ទៀត ។

លោក​សំ កុសល មន្ត្រី​នាយកដ្ឋាន​រៀបចំ​ដែនដី និង​គ្រប់គ្រង​លំនៅ​ដ្ឋា​ន​ក្នុង​ឧទ្យាន​អង្គរ បានឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា សហគមន៍​បន្ទាយស្រី​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៣ មាន​សមាជិក​សហគមន៍​៣៥​រូប គឺ​គណៈកម្មការ​ចំនួន​៦​រូប និង​សមាជិក​២៩​រូប ឆ្លងកាត់​តាម​រយៈ​ការ​បោះ​ឆ្នោត​ជ្រើសតាំង ។ ពួក​គាត់​ជា​អ្នក​ភូមិ មក​ពី​ភូមិ​បន្ទាយស្រី​និង​ភូមិ​ទួល​ក្រឡាញ់​។

គម្រោង​នេះ​បង្កើត​ឡើង​ដើម្បី​បង្កើន​ចំណូល​បន្ថែម​លើ​មុខរបរ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ក្នុង​តំបន់ ហើយ​ចង់​ឃើញ​ប្រជាជន​ទាំង​ពីរ​ភូមិ​មានការ​រីក​ចម្រើន​តាម​រយៈ​សហគមន៍​នេះ ដែល​ស្រប​តាម​គោលការណ៍​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​ការ​លើក​ស្ទួយ​កម្រិតជីវភាព​ប្រជាជន​ឱ្យ​ល្អ​ប្រសើរ ។ បន្ថែម​ពី​នោះ​ក្រៅពី​ទាញ​ប្រយោជន៍​ពី​សហគមន៍​នេះ អាជ្ញាធរ​ជាតិ​អប្សរា និង​សហគមន៍ ក៏​បាន​រួម​គ្នា​អភិរក្ស ថែរក្សា​ជីវចម្រុះ មាន​ត្រី សត្វ​ស្លាប សត្វ​ក្នុង​ទឹក រុក្ខជាតិ នៅ​ក្នុង​ត្រពាំង​បុរាណ​នេះ​មិន​ឱ្យ​មានការ​បាត់បង់ ឬ​ទទួល​រង​នូវ​ការ​បំផ្លាញ​ឡើយ ។ មិនតែប៉ុណ្ណោះ ក្រៅពី​សមាជិក​ទាំង​៣៥​នាក់ ប្រជាជន​ចំនួន​ពីរ​ភូមិ​នេះ ក៏​ទទួល​បាន​ផល​ពី​សហគមន៍​ដោយ​ប្រយោល​ផង​ដែរ តាម​រយៈ​ការ​ផលិត សិប្បកម្ម​លក់ និង​ដាំ​ដុះ​បន្លែបង្ការ​សម្រាប់​ផ្គត់ផ្គង់​សហគមន៍​និង​លក់​ជូន​ទេសចរ​។

លោក​ស៊ា​ម សា​រឿ​ន ប្រធាន​សហគមន៍​បន្ទាយស្រី​ឱ្យ​ដឹង​ថា នៅ​ទី​នេះ​មាន​សេវាកម្ម​ជិះទូក​ដែល​ពេញ​និយម​ជាងគេ ជិះ​រទេះគោ ស្ទួ​ច​ត្រី ស្ទូង​/​ច្រូតស្រូវ និង​ការ​រៀបចំ​អាហារ​សាមគ្គី​របៀប​អ្នកស្រុក​បាន​ចំនួន​១០០​នាក់ ។ ទេសចរ​អាច​មក​កម្សាន្ត​ទី​នេះ​ជា​លក្ខណៈ​ឯកជន គ្រួសារ និង​ជា​ក្រុម​ក៏​បាន ដើម្បី​ឈ្វេងយល់​ពី​ការ​រស់នៅ​របៀប​អ្នកស្រុក ជិះទូក​លម្ហែកាយ​ក្នុង​ត្រពាំង ថតរូប​ភាព ស្អាត​ៗ​តាម​ចំណូលចិត្ត និង​ពិសា​អាហារ ឆ្ងាញ់​ៗ មាន​តម្លៃ​សេវាកម្ម​សមរម្យ​។ សហគមន៍​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​ភ្ញៀវ​អឺរ៉ុប ចំណែក​ភ្ញៀវ​អាស៊ី ពួក​គាត់​មក​ត្រឹម​ថតរូប​ប៉ុណ្ណោះ ។

តាំងពី​ចាប់ផ្តើម​ការងារ​បញ្ហា​លំបាក ខ្លះ​ៗ​ដែល​ជួប​ប្រទះ គឺ​នៅ​រដូវប្រាំង ព្រោះ​គ្មាន​ទឹក ទេសភាព​មិន​ស្អាត ចំណែក​ខែវស្សា​មិនជា​មាន​បញ្ហា​ទេ ។ ដូច្នេះ​ពួក​យើង​បាន​បង្កើន​ការ​ផ្សព្វផ្សាយ​តាម​មគ្គុទ្ទេសក៍​ទេសចរណ៍ សណ្ឋាគារ និង​តាម​រយៈ​ភ្ញៀវ​ដោយ​ផ្ទាល់ និង​ការ​ពង្រីក​ទីតាំង បង្កើន​ការ​អភិរក្ស​សត្វ​បន្ថែម​ទៀត​ដើម្បី​ទាក់ទាញ​ទេសចរ ។ លោក​បាន​សំណូមពរ​ឱ្យ​មគ្គុទ្ទេសក៍​ទេសចរណ៍ សូម​ជួយ​ណែនាំ​ភ្ញៀវ​មក​កាន់​ទី​នេះ ពិសេស​ភ្ញៀវ​ជាតិ​សូម​ជួយ​គាំទ្រ​ទេសចរណ៍​សហគមន៍ ព្រោះ​វា​នឹង​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​ដល់​ប្រជាជន​ក្នុង​តំបន់ និង​រួមចំណែក​ក្នុង​ការ​អភិរក្ស​រមណីយដ្ឋាន​បុរាណ​ផង​ដែរ​។

លោក​ផានិត ជា​អ្នក​ភូមិ​បន្ទាយស្រី បាន​ចូល​ធ្វើការ​ក្នុង​សហគមន៍​នេះ​រយៈពេល​៤​ឆ្នាំ​មក​ហើយ ដែល​គាត់​ជា​អ្នក​ចែវ​ទូក និង​មាន​ប្រពន្ធ​ជា​អ្នក​ធ្វើ​ម្ហូបអាហារ​សម្រាប់​ភ្ញៀវ ។ លោក​លើក​ឡើង​ថា «​តាម​រយៈ​ទេសចរណ៍​សហគមន៍ បាន​ធ្វើ​ឱ្យ​ជីវភាព​គ្រួសារ​ខ្ញុំ​ធូរធារ​ជាង​ពី​មុន មាន​លុយកាក់​ផ្គង់​ផ្គង់​គ្រួសារ​សមរម្យ កូនចៅ​បាន​សិក្សា​រៀនសូត្រ និង​មានការ​ងារ​ធ្វើ​បន្ថែម​លើ​មុខរបរ​ស្រែ​ចម្ការ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ