វិស័យឯកជនចូលរួមផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជាកាន់តែច្រើន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ វិស័យឯកជនដែលធ្វើការក្នុងវិស័យទេសចរណ៍ បាននិងកំពុងធ្វើសកម្មភាពកាន់តែច្រើនជាងមុន ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក តាមរយៈការរៀបចំព្រឹត្តិការណ៍នានា ។ ជាមួយនឹងមហិច្ឆតានេះ សមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) និងសហព័ន្ធទេសចរណ៍កម្ពុជា នឹងរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍នៅដើមខែកញ្ញា ខាងមុខនេះ ដើម្បីបង្កើនទេសចរណ៍ថ្មីៗជាច្រើនផ្សេងទៀតមកកម្សាន្តនៅក្នុងប្រទេសកម្ពុជា ។


លោក លូ ម៉េង ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា បានថ្លែងថា បើសិនជាមានការគាំទ្រពីអ្នករកស៊ីវិស័យទេសចរណ៍នេះ សមាគមនឹងពង្រីកការរៀបចំរហូតដល់បណ្តារាជធានី-ខេត្តគោលដៅមួយចំនួនទៀត ដូចជា ខេត្តបាត់ដំបង ខេត្តនៅជាប់សមុទ្រ និងតំបន់ភូមិភាគខាងកើតនៃប្រទេសកម្ពុជា ជាដើម ។ លោក លូ ម៉េង បន្ដថា ៖« ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ លក់ទេសចរណ៍តែនៅក្នុងរាជធានីភ្នំពេញ និងនៅសៀមរាបដែលជាគោលដៅធំប៉ុណ្ណោះ តែតាមពិត កម្ពុជាមានតំបន់ទេសចរណ៍ជាច្រើនផ្សេងទៀតនៅទូទាំងប្រទេស ដែលមិនត្រូវបានគេស្គាល់ ហើយវាគឺជាគោលដៅរបស់សមាគមយើង ក្នុងការខិតខំប្រឹងប្រែងធ្វើឲ្យមានចំណូល និងពលកម្មជូនដល់ប្រជាជននៅតាមមូលដ្ឋាន » ។ លោកបន្តថា ក្រុមហ៊ុនប្រមាណជា៧០នឹងចូលរួមក្នុងព្រឹត្តិការណ៍មួយនេះ គឺមកពីតំបន់អាស៊ាន និងអាស៊ីខាងកើត ព្រមទាំងមានការចូលរួមពីអ្នកវិនិយោគលើវិស័យសណ្ឋាគារ ភោជនីយដ្ឋាន និងផ្ទះសំណាក់ជាច្រើនក្នុងព្រឹត្តិការណ៍ពិព័រណ៍មួយនេះផងដែរ ៕
ចែករំលែកព័តមាននេះ